ជាតិ
សៀមរាប​៖ ផ្ទះ​ពលរដ្ឋ​ជាង​៨០​ខ្នង​រង​ការខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​
21, May 2018 , 11:21 am        
រូបភាព
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប
ដោយ: ថ្មីៗ
​សៀមរាប​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨៣​ខ្នង​រង​ការខូចខាត ដោយសារ​ខ្យល់​កន្ដ្រាក់ លាយឡំ​និង​រន្ទះ កាលពី​ថ្ងៃទី​២០ ឧសភា​។ ទីតាំង​ដែល​រង​ការខូចខាត​ខ្លាំង ដោយសារ​ឥទ្ធិពល​ខ្យល់​កន្ដ្រាក់ គឺ​ស្ថិតនៅ​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ដែល​បណ្តាល​ឲ្យ​ផ្ទះ​៤១​ខ្នង ដួល​រំលំ និង​របើក​ដំបូល​។​



​យោងតាម​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ហេតុការណ៍​ខាងលើ​បាន​កើតឡើង​អំឡុង​ម៉ោងជាង​៤​រសៀល ដែល​ប៉ះពាល់​ដល់​សង្កាត់ និង​ស្រុក​ចំនួន​៣​ក្នុង​ខេត្តសៀមរាប​។ តំបន់​ដែល​រង​ឥទ្ធិពល​ខ្យល់​កន្ដ្រាក់ និង​រន្ទះ​នេះ រួមមាន សង្កាត់​ទឹក​វិល ប៉ះពាល់​ដល់​ភូមិ​ចំនួន​៤ មាន​ភូមិ​ជ្រៃ ភូមិ​ទឹក​វិល ភូមិ​សណ្ដាន់ និង​ភូមិ​ទឹកថ្លា ដែល​របាយការណ៍​មានផ្ទះ​ដែល​ភាគច្រើន​មាន​ទំហំ​តូចៗ​ចំនួន ៤១​ខ្នង ត្រូវបាន​រំលំ និង​របើក​ដំបូល​។​

​ចំណែក​នៅ​ស្រុក​ពួក​វិញ ក៏មាន​ផ្ទះ​ចំនួន​៣៧​ខ្នង រង​ការខូចខាត និង​ដួល​រំលំ ដោយសារ​ខ្យល់​កន្ដ្រាក់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ រួមមាន​ឃុំ​ខ្នាត ឃុំ​ពួក និង​ឃុំ​សសរស្តម្ភ ។ នេះ​ជាការ​បញ្ជាក់​របស់​អធិការ​ស្រុក​លោក ទេព ពុំសែន ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នេះ​ជា​លើក​ទី​៥​ហើយ​ដែល​ស្រុក​របស់លោក បាន​រង​ឥទ្ធិពល​នៃ​ខ្យល់​កន្ដ្រាក់ ក្នុង​រដូវវស្សា​ឆ្នាំនេះ​។​

​ដោយឡែក​នៅ​ស្រុក​ប្រាសាទបាគង​នោះ​វិញ រង​ការខូចខាត​តិចជាងគេ ក្នុងនោះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង ត្រូវបាន​រាយការណ៍​ថា​បាន​រង​ផលប៉ះពាល់​។ យ៉ាងណា​គេ​សង្កេតឃើញថា នៅតាម​ផ្ទះ​ក្នុងភូមិ​សាស្ត្រ​ស្រុក​នេះ ផ្ទាំង​ផ្សព្វផ្សាយ និង​បដា​ជាច្រើន ត្រូវបាន​បំផ្លាញ​ដោយសារ​ឥទ្ធិពល​ខ្យល់​ដ៏​ខ្លាំង​កាលពី​ម្សិលមិញ​នេះ​។

​គួរ​ប​បញ្ជាក់ថា ក្រៅពី​ផ្ទះសំបែង ខ្យល់​កន្ដ្រាក់​ម្សិលមិញ​ក៏បាន​បំផ្លាញ​នូវ​រោង​ម៉ាស៊ីនកិនស្រូវ បង្គោល​ភ្លើង ខូចខាត​ម៉ូតូ កង់ ងាប់​គោមួយ​ក្បាល រួមទាំង​របួស​មនុស្ស​ម្នាក់​ផងដែរ​៕


Tag:
 ខ្យល់​កន្ត្រាក់​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com