ពីនេះ ពីនោះ
«​និស្ស័យ​» និង «​ឧបនិស្ស័យ​» ជា​ភាសាបាលី បញ្ជាក់​ន័យ​ខុសគ្នា​បែបណា​?
23, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​និស្ស័យ​» សំដៅលើ​ទី​ដែល​អាច​ស្នាក់អាស្រ័យ​បាន​។ សូមកុំ​យល់ច្រឡំ «​និស្ស័យ​» ជា​ភ័ព្វព្រេង សំណាង​។ តែ​អ្វីដែល​ហៅថា ភ័ព្វព្រេង សំណាង ទើប​គេ​ហៅថា «​ឧបនិស្ស័យ​»  ជា​ភ័ព្វ​ព្រ​ង​សំណាង ដែល​ទទួល​បានមកពី​កុសល​ដែល​កសាង​សន្សំទុក​មក​។​



​នៅក្នុង​ការបកស្រាយរ​បស់​សម្តេចព្រះសង្ឃរាជ ជួន ណាត «​និស្ស័យ​» ជាការ​នៅ​អាស្រ័យ​ក្រោម​ឱវាទ និង​ក្រោម​ការគ្រប់គ្រង​នៃ​អ្នកដទៃ​។ «​សូម​និស្ស័យ​» បានន័យថា សូម​ទីស្នាក់អាស្រ័យ និង​សូម​ការឧបត្ថម្ភ​។ «​ឲ្យ​និស្ស័យ​» គឺ​ទទួល​ឲ្យ​ជ្រក​អាស្រ័យ​។ ពលរដ្ឋ​ខ្មែរ តែង​និយាយថា «​ពួកយើង​គ្មាន​និស្ស័យ​នឹង​គ្នា​ទេ​គឺ​បញ្ជាក់ថា​» ពួកយើង​គ្មាន​ការ​នៅ​ជ្រក​អាស្រ័យ​នឹង​គ្នា​ឡើយ​។ «​អស់​និស្ស័យ​នឹង​គ្នា​» គឺ​អស់​ការប្រាស្រ័យ​គ្នា​តទៅ​ទៀតហើយ​។

​រីឯ ពាក្យ «​ឧបនិស្ស័យ​»  ជា​សំណាង ជា​ភ័ព្វព្រេង ដែល​កើតចេញពី​កុសលធម៌​ដែល​ដេក ឬ​អាស្រ័យ​នៅក្នុង​ខន្ធ​សន្តាន គឺ​កុសល​ដែល​បាន​ពី​ការ​សន្សំ​អប់រំ​ទុក​មក​។ បើតាម​គម្ពីរ​ពុទ្ធសាសនា ឧបនិស្ស័យ​មាន​បីយ៉ាង​គឺ «​ទា​នូ​ប​និស្ស័យ​» សំណាង​ដែល​កសាង​ទុក​មក ដោយ​បរិច្ចាគ​ទ្រព្យ​ធ្វើ​ទាន​, «​សី​លូ​ប​និស្ស័យ​»  សំណាង​ដែល​បាន​កសាង​ដោយ​ការរក្សា​សីល និង «​ភាវនូបនិស្ស័យ​» ជា​សំណាង​ដែល​បានមកពី​ភាវនា​។

​សរុបមក «​និស្ស័យ​» បញ្ជាក់ថា អ្នក​ដែលមាន​ទីពឹងពាក់​ស្នាក់អាស្រ័យ​។ ចំណែក «​ឧបនិស្ស័យ​» ជា​ភ័ព្វសំណាង​, ភ័ព្វព្រេង របស់​មនុស្ស​ដែល​បាន​សាង​កុសលផល​បុណ្យ​តែប៉ុណ្ណោះ​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com