កីឡាជាតិ
ជាតិ
ឃីម ឌីម៉ា៖ ទទួលភ្លើងគប់ពីព្រះមហាក្សត្រ ជាមោទកភាពសម្រាប់គុនខ្មែរ
× កីឡាករគុនខ្មែរ ឃីម ឌីម៉ា ម្ចាស់មេដាយមាសស៊ីហ្គេម ត្រូវបានថ្នាក់ដឹកនាំកីឡាកម្ពុជាជ្រើសរើសឲ្យរូបគេទទួលភ្លើងគប់ពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ដើម្បីដង្ហែយកទៅដុតបំភ្លឺគប់នៅពហុកីឡដ្ឋានជាតិ ជាកន្លែងប្រារព្ធពិធីបើកកីឡាជាតិលើកទី២។ ឌីម៉ា បានចាត់ទុកការទទួលភ្លើងគប់នេះថា ជាមហាកិត្តិយសដ៏ធំធេងសម្រាប់រូបគេនិងគ្រួសារ រួមទាំងកីឡាគុនខ្មែរទាំងមូល។
អ្នកលេងគុនខ្មែរ ឃីម ឌីម៉ា ម្ចាស់មេដាយមាសស៊ីហ្គេមនៅម៉ាឡេស៊ីទទួលមហាកិត្តិយសដ៏ធំធេងសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី២នៅឆ្នាំនេះ។ ពោលគឺរូបគេត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡា ជ្រើសរើសឲ្យទទួលភ្លើងគប់ដោយផ្ទាល់ពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី នៅកើយខាងមុខព្រះទីនាំងទេវាវិន្និច្ឆ័យព្រះបរមរាជវាំង។
អតីតកីឡាករ និងកីឡាករល្បីៗនាពេលបច្ចុប្បន្នជាច្រើនរូបទៀត នឹងទទួលភ្លើងគប់ពីកីឡាករ ឃីម ឌីម៉ា ជាបន្តបន្ទាប់រត់ដង្ហែទៅកាន់នៅពហុកីឡដ្ឋានជាតិ ដើម្បីឲ្យកីឡាករិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសអាស៊ីប្រគល់ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីនោះ។ បន្ទាប់មកសម្តេច ស៊ុន សែន នឹងយកភ្លើងគប់នោះទៅអុជកាំជ្រួចដែលរៀបចំដោយអ្នកជំនាញ រួចហើយកាំជ្រួចនោះនឹងរត់ទៅដុតបំភ្លឺគប់បើកកីឡាជាតិលើកទី២តែម្តង។ នេះបើយោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។
កីឡាករ ឃីម ឌីម៉ា បានចាត់ទុកការទទួលភ្លើងគប់ពីព្រះមហាក្សត្រនេះថា មិនត្រឹមតែបានផ្តល់មហាកិត្តិយសសម្រាប់រូបគេ និងគ្រួសារប៉ុណ្ណោះទេ តែវាមោទកភាពដ៏ធំធេងសម្រាប់កីឡាគុនខ្មែរទាំងមូល។ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែន ដែលថ្នាក់ដឹកនាំបានផ្តល់មហាកិត្តិយសឲ្យខ្ញុំទទួលភ្លើងគប់ពីព្រះមហាក្សត្រ វាជាមោទកភាពសម្រាប់កីឡាករគុនខ្មែរទាំងមូល។ លើសពីនេះវាមហាកិត្តិយសសម្រាប់ខ្ញុំនិងគ្រួសារ និងកងរាជអាវុធហត្ថទាំងមូល»។ នេះជាការបង្ហាញអារម្មណ៍របស់កីឡាករ ឃីម ឌីម៉ា ដោយរូបគេបានបន្ថែមថា តាំងពីតូចមកដល់បច្ចុប្បន្នរូបគេមិនដែលបានជួបព្រះមហាក្សត្រ ដោយផ្ទាល់នោះទេ ដូច្នេះលើកនេះរូបគេបានសម្រេចបំណងដែលធ្លាប់ប៉ងតាំងពីកុមារហើយ។
ការជ្រើសរើសកីឡាករគុនខ្មែរ ឃីម ឌីម៉ា ឲ្យទទួលភ្លើងគប់ពីព្រះមហាក្សត្រនេះ ត្រូវបានលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអះអាងប្រហាក់ប្រហែលគ្នាថា ដោយសារ ឌីម៉ា ជាមេដាយមាសកីឡាស៊ីហ្គេមលើប្រភេទកីឡាអត្តសញ្ញាណជាតិ ដែលថ្នាក់ដឹកនាំកំណត់ឲ្យជ្រើសរើសនៅឆ្នាំនេះ។
«តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន លោកបានឲ្យយើងយកប្រភេទកីឡាជាអត្តសញ្ញាណជាតិ និងព្រលឹងជាតិខ្មែរ គឺកីឡាប្រដាល់គុនខ្មែរ ដែលទើបឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រក្នុងកីឡាស៊ីហ្គេមរាប់សិបឆ្នាំកន្លងមកនេះ។ ឌីម៉ា ជាកីឡាករទើបដណ្តើមបានមេដាយមាសដំបូង ហើយជាកីឡាករគុនខ្មែរទៀត ដូច្នេះរូបគេជាកីឡាករដែលសាកសម និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្លើងគប់នេះ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
លោកបានបន្ថែមថា ការរៀបចំរត់ភ្លើងគប់ដោយមានអង្គព្រះមហាក្សត្រ ប្រទានភ្លើងគប់នេះ គឺដើម្បីឲ្យត្រូវតាមលំនាំនៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលយកភ្លើងគប់ពីព្រះអាទិទេព។ បើតាមប្រវត្តិបើកព្រឹត្តិការណ៍កីឡាអូឡាំពិកបុរាណកាលពី៤ទៅ៥ពាន់ឆ្នាំមុនគ្រឹស្តសករាជ គេតែងតែសុំភ្លើងគប់ពីព្រះអាទិទេព គឺអង្គព្រះអាទិត្យ តាមរយៈការធ្វើចំណាំងផ្លាតជាមួយស្លឹងអ៊ូលីវងាប់ស្ងួត ដើម្បីបង្កើតចំហេះ។
ពិធីបើកព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះនឹងប្រព្រឹត្តទៅថ្ងៃទី២៥ ឧសភា នាពហុកីឡដ្ឋានជាតិ ដោយមានការចូលរួមពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា រួមទាំងមន្ត្រីថ្នាក់ដឹកនាំជាច្រើនរូបទៀត។ កីឡាជាតិឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី៦ មិថុនា ឆ្នាំ២០១៨៕
Tag:
ឃីម ឌីម៉ា
កីឡាជាតិលើកទី២
វ៉ាត់ ចំរើន
National Games
© រក្សាសិទ្ធិដោយ thmeythmey.com