ជាតិ
អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ​ទទួលបាន​វិញ្ញាបនបត្រ​ថ្មី​ពី​ស្ថាប័ន​គុណភាព JQA
22, May 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ (EMS) របស់​អាជ្ញាធរ​ជាតិ​អប្សរា ទើបនឹង​ទទួលបាន​វិញ្ញាបនបត្រ​ថ្មី​ពី​ស្ថាប័ន​គុណភាព JQA ដែលជា​ស្ថាប័ន​វាយតម្លៃ​កម្រិតស្ដង់ដា ISO របស់​ស្ថាប័ន​ជប៉ុន​។ វិញ្ញាបនបត្រ​ថ្មី​នេះ ជា​កម្រិតស្ដង់ដា​ដែល EMS ទើបនឹង​ទទួលបាន​នៅ​ថ្ងៃទី​២០ ឧសភា ឆ្នាំ​២០១៨ ជា​ប្រភេទ​ស្ដង់ដា ISO 14001 ឆ្នាំ​2015​។​



​បើតាម​ការ​ឱ្យដឹងពី​លោក សុខ លក្ខិណា ប្រធាន​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ វិញ្ញាបនបត្រ​ថ្មី​នេះ​គឺ​មិន​ខុសពី​របស់​ចាស់ ដែល​អង្គភាព​របស់លោក​ទទួលបាន​ចំនួន​៤​លើក​មកហើយ​នោះទេ គ្រាន់តែ​ឆ្នាំ​នៃ​ស្ដង់ដា ISO 14001 ខុសគ្នា​តែប៉ុណ្ណោះ​។ ស្ដង់ដា​ផ្នែក​បរិស្ថាន ដែល EMS ទទួល​មុនៗ គឺ ISO 14001:2004  ចំណែក​លើក​នេះ គឺ​ISO 14001:2015​។​

​ថ្លែង​នៅក្នុង​សិក្ខ​សាលា​ផ្ទៃក្នុង​ស្ដីពី​ការអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ អនុលោម​តាម​ស្ដង់ដា​អន្ដរជាតិ ISO 14001:2015 នៅ​ព្រឹក​ថ្ងៃទី​២២ ឧសភា លោក សុខ លក្ខិណា ក៏បាន​រម្លឹក​ដល់​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្តធ្វើ​យ៉ាងណា រក្សា​ឱ្យបាន​និរន្តរភាព​នៃ​វិញ្ញាបនបត្រ​ខាងលើ ព្រោះថា​វា​មិន​ងាយស្រួល​ទទួលបាន​ឡើយ​។ «​វា​ខុសគ្នា​ពី​យើង​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត នោះ​វា​នឹង​នៅ​ជាមួយ​យើង​រហូត តែ​វិញ្ញាបនបត្រ​នេះ បើ​យើង​គ្រប់គ្រង​វា​មិន​ស្រួល វា​អាច​នឹង​បាត់បង់​ទៅវិញ​ក្រោយ​គេ​ចុះ​ធ្វើ​សវនកម្ម​លើក​ក្រោយ​»​។ នេះ​ជាការ​ពន្យល់​របស់លោក សុខ លក្ខិណា​។​



​សិក្ខាសាលា​ផ្ទៃក្នុង​ខាងលើ ធ្វើ​មាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ ផ្សព្វផ្សាយ​ផែនការ និង​ការអនុវត្ត​ការងារ​បរិស្ថាន​នាយកដ្ឋាន​នីមួយៗ និង​ស្វែងយល់​ពី​ដំណោះស្រាយ​រួម ប្រសិទ្ធិភាព​ការងារ និង​ការកែលម្អ​ប្រព័ន្ធ​។

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៥​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វិញ្ញាបនបត្រ​ស្ដង់ដា ISO​។ ក្នុងនោះ លើក​ទី​១ ឆ្នាំ​២០០៦ វិញ្ញាបនបត្រ ISO 14001 ដោយមាន​ស្ថាប័ន​ជប៉ុន​ទាំង​៤ មាន JQA, Sophia, ISRI, JQAI ជា​អ្នក​បន្ត​ជួយ​ជា​បច្ចេកទេស​ដើម្បី​ជំរុញ​ការងារ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​នេះ​ឱ្យ​ដំណើរការ​ជា​ប្រក្រតី​។ លើក​ទី​២ ឆ្នាំ​២០០៩ លើក​ទី​៣​ឆ្នាំ​២០១២ ទី​៤ ឆ្នាំ​២០១៥  និង​លើក​ទី​៥​ឆ្នាំ ២០១៨ ទទួលបាន​វិញ្ញាបនបត្រ ISO 14001 តាមរយៈ​ការវាយតម្លៃ និង​ផ្តល់​វិញ្ញាបនបត្រ​នេះ​ដោយ​ស្ថាប័ន JQA៕


© រក្សាសិទ្ធិដោយ thmeythmey.com