អន្តរជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន​ម៉ាឡេស៊ី​ថ្មី​សន្យា​លុបចោល​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ឲ្យ​បាន​ឆាប់​
22, May 2018 , 8:19 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មានម៉ាឡេស៊ី Gobind Singh Deo (រូបភាព AFP)
រដ្ឋមន្ត្រីក្រសួងព័ត៌មានម៉ាឡេស៊ី Gobind Singh Deo (រូបភាព AFP)
​រដ្ឋមន្ត្រី​ទំនាក់ទំនង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​របស់​ម៉ាឡេស៊ី​លោក Gobind Singh Deo ក្រោយ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​ទី ២១ ខែឧសភា បានប្រកាសថា ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដ៏​ចម្រូងចម្រាស​នោះ​នឹងត្រូវ​លុបចោល​ឆាប់ៗ​។ លោក​បាន​បន្ថែមថា ការធានា​សេរីភាព​សារព័ត៌មាន​ជា​រឿង​អាទិភាព​សម្រាប់​រដ្ឋាភិបាល​ថ្មី​ដែរ​។



​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​ត្រូវ​ទើប​ចូល​ជា​ធរមាន​កាលពី​ខែមេសា​កន្លងទៅនេះ​នឹងត្រូវ​និរាករណ៍​នៅពេល​ឆាប់ៗ​ខាងមុខ​។ នេះ​ជាការ​បញ្ជាក់​របស់លោក Gobind Singh Deo ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​លោក​ស្បថ​ចូលកាន់​តំណែង​។​

​បើតាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ម៉ាឡេស៊ី  Bernama រដ្ឋមន្ត្រី​ព័ត៌មាន​ថ្មី​វ័យ ៤៥ ឆ្នាំ​រូបនេះ​បាន​បង្ហើប​ថា សំណើសុំ​លុបចោល​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​នាយករដ្ឋមន្ត្រី​មហា​ធៀ មហាម៉ាត់ ហើយ​ការលុបចោល​នឹង​ចាប់ផ្តើម​ភ្លាម​ក្រោយ​នាយករដ្ឋមន្ត្រី​ឯកភាព​។​

​លោក​បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​មាន​បញ្ជី​ឯកសារ​ពាក់ព័ន្ធ​ដែល​យើង​ត្រូវ​សិក្សា​។ យើង​នឹងធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន​បានដឹង​ច្បាស់​។ យើង​មានច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ ដូច​បានបញ្ជាក់​ក្នុង​គោលនយោបាយ​បក្ស Pakatan Harapan ដូច្នេះ យើង​នឹង​និរាករណ៍​ច្បាប់​នោះ​ចោល​។

​លោក​បន្ថែមថា កាលបរិច្ឆេទ​នឹងត្រូវ​កំណត់​ឲ្យ​ច្បាស់ ប៉ុន្តែ​ការសន្យា​នេះ​នឹងត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​រយៈពេល ១០០​ថ្ងៃ​ក្រោយពេល​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​។
​តាមពិតទៅ​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយជា​ច្បាប់​មួយ​ដែល​ចម្រូងចម្រាស​ខ្លាំង និង​រង​ការរិះគន់​ខ្លាំង​ពី​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​សហគមន៍​អ្នកសារព័ត៌មាន​។ ច្បាប់​នេះ​ចែង​មិន​ច្បាស់លាស់ ហើយ​វា​ក៏មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សេរីភាព​សារព័ត៌មាន​និង​ការបញ្ចេញមតិ​ដែរ​។​

​ដោយឡែក រដ្ឋមន្ត្រី​ថ្មី​ខាងលើ​បាន​សន្យា​ផងដែរ​ថា សេរីភាព​សារព័ត៌មាន​ដែល​កំពុង​ចុះ​ដុនដាប​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ទាំងមូល​នោះ​នឹងត្រូវ​បាន​ស្តារ និង​ការពារ​។ លោក​សង្កត់ធ្ងន់ថា ការធានា​សេរីភាព​នេះ​ជា​រឿង​អាទិភាព​សម្រាប់​លោក​តែម្តង ហើយ​ក្រសួង​លោក​នឹង​ចាប់ផ្តើម​បង្កើត​ក្រុមការងារ​ដែលមាន​អ្នកច្បាប់​សិក្សា​ស្រាវជ្រាវ និង​កែលម្អ​ចំណុច​ចន្លោះប្រហោង​ក្នុង​ច្បាប់ ឬ​លិខិតបទដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ម៉ាឡេស៊ី​ផងដែរ​៕


Tag:
 ម៉ាឡេស៊ី​
  Gobind Singh Deo
  ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com