អន្តរជាតិ
វៀតណាម​ប្រាប់​ចិន​ឲ្យ​បញ្ឈប់​លំ​ហាត់​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាបន្ទាន់​
22, May 2018 , 3:52 pm        
រូបភាព
លោកស្រី Le Thi Thu Hang​ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបភាព Foreign Press Center)
លោកស្រី Le Thi Thu Hang​ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបភាព Foreign Press Center)
​ក្រសួងការបរទេស​វៀ​ត​ណា​ម នៅ​ថ្ងៃទី​២១ ខែឧសភា បាន​រិះគន់​លំ​ហាត់​ចុះចត និង​ហោះ​ឡើង​របស់​យន្តហោះ​យោធា​ចិន​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K ផង​នោះ​។ វៀតណាម​ចាត់ទុក​សកម្មភាព​រប​ស់​យោធា​ចិន​ជាការ​រំលោភ​អធិបតេយ្យ​របស់ខ្លួន បំពាន​កិច្ចព្រមព្រៀងទ្វេភាគី និង​ពហុភាគី និង​ជាការ​ដុត​កម្ដៅ​ស្ថានការណ៍​តំបន់​ដែល​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​។​



​វៀតណាម​បានទាមទារ​ឲ្យ​ចិន​បញ្ឈប់​លំ​ហាត់​របស់​យោធា​ខ្លួន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាបន្ទាន់ ព្រោះ​វា​បាន​បំពាន​បូរណភាព​ទឹកដី​វៀតណាម​យ៉ាងធ្ងន់ធ្ងរ​។ ការទាមទារ​របស់​ក្រុង​ហាណូយ​ធ្វើឡើង​បន្ទាប់ពី​យោធា​ចិន​ប្រកាសថា យន្តហោះ​ចម្បាំង​របស់ខ្លួន​ជាច្រើន​រាប់ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K ដែល​បំពាក់​គ្រាប់​នុយក្លេអ៊ែរ បានធ្វើ​លំ​ហាត់​ចុះចត និង​ហោះ​ឡើង​នៅ​កោះ​មួយ​ស្ថិតក្នុង​បណ្ដុំ​កោះ​ប៉ា​រ៉ា​សែ​ល ដែល​ចិន​កំពុង​កាន់កាប់ ហើយ​វៀតណាម​ជា​អ្នក​ទាមទារ​ធ្វើ​ម្ចាស់​កម្មសិទ្ធិ​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២១ ខែឧសភា លោកស្រី Le Thi Thu Hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​និយាយថា វៀតណាម​ទទូច​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​ខាងលើ បញ្ឈប់​យោ​ធូប​នីយកម្ម និង​គោរព​អធិបតេយ្យ​របស់​វៀតណាម​លើ​ប្រជុំ​កោះ Hoang Sa ឬ​ប៉ា​រ៉ា​សែ​ល​ឲ្យ​បាន​គត់មត់​។ លោកស្រី Hang បន្តថា សកម្មភាព​របស់​ចិន​បាន​បង្កើន​ទំនាស់ បង្ក​អស្ថិរភាព និង​មាន​ប្រយោជន៍​អ្វី​ដល់​ការរក្សា​សន្តិ​ភា ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​តំបន់​ឡើយ​។

«​ការពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដើម្បី​ធ្វើ​សមយុទ្ធ ជាការ​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​វៀតណាម​-​ចិន​ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ រំលោភ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ក្រម​ប្រតិបត្តិ​ភាគី​នៃ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC)»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ដដែល​មុន​បន្តថា ចិន​គួរ​គោរព​តាម​កិច្ចព្រមព្រៀង​ទាំងនេះ​ឲ្យ​ខ្ជាប់ខ្ជួន​ដើម្បី​បង្កើត​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការរក្សា​សន្តិភាព​តំបន់​។​

​នៅឯ​រដ្ឋធានី​ប៉េកាំង​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ក៏បាន​និយាយ​ការពារ​សកម្មភាព​រប​ស់​យន្តហោះ​ចម្បាំង​ចិន​នៅ​ម្ដុំ​កោះ​ប៉ា​រ៉ា​សែ​ល​ដូចគ្នា​។ លោក Lu Kang ជា​អ្នកនាំពាក្យ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២១ ខែឧសភា បាន​ប្រាប់​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​មិនគួរ​យល់​លើសពី​អ្វីដែល​កើតឡើង​ឡើយ ដោយ​លោក​ចាត់ទុក​វត្តមាន​យន្តហោះ​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​សកម្មភាព​ត្រួតពិនិត្យ​ធម្មតា​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន​តាំងពី​ឆ្នាំ​១៩៧៤ មក ដោយ​ចិន​បាន​ប្រើ​កម្លាំង​វាយ​ដណ្ដើម​ពី​វៀតណាម​ខាងត្បូង​។ យ៉ាងណាក្ដី វៀតណាម​នៅតែ​អះអាងថា ខ្លួន​ជា​ម្ចាស់​ប្រជុំ​កោះ​មួយ​នេះ ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​។ ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ​របស់ខ្លួន ចិន​បាន​បង្កើត​ទីក្រុង​មួយ​នៅ​ប៉ា​រ៉ា​សែ​ល​ដោយ​ឲ្យ​ឈ្មោះថា Sansha ទៀតផង​៕  


Tag:
 វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com