ជាតិ
បោះឆ្នោត
រដ្ឋមន្ត្រី និង​អតីត​ថ្នាក់ដឹកនាំ​ខេត្ត​របស់ CPP ឈរ​ធ្វើ​តំណាងរាស្ត្រ​អាណត្តិ​ទី​៦
22, May 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះឈ្មោះប្រកួតប្រជែងក្នុងការ​បោះឆ្នោត និងបាន​ដាក់​បេក្ខជន​ឈរឈ្មោះ​រួចរាល់​ហើយ​។



​ក្នុងចំណោម​បេក្ខជន ដែល​គណបក្ស​ប្រជាជន បានដាក់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ត្រូវបាន​​ទទួលស្គាល់​ជា​ផ្លូវការ​នោះ មាន​រដ្ឋមន្ត្រី​តាម​ក្រសួង​២៦​រូប រួមទាំង​អតីត​អភិបាល​រាជធានី​-​ខេត្ត ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ នៅ​នីតិកាល​ទី​៦​នេះ​។

​រដ្ឋមន្ត្រី​២៦​រូប​រួមមាន សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក អង្គ វង្សវឌ្ឍានា ឈរ​នៅ​ខេត្តបាត់ដំបង , លោក ហង់​ជួន ណា​រ៉ុ​ន ,​លោក វេ​ង សាខុន​, លោក ខៀវ កាញារីទ្ធ លោក ប៉ាន់ សូរ​សក្តិ ឈរ​នៅ​មណ្ឌល​ខេត្តកំពង់ចាម ខណៈ​លោក អ៊ុក រ៉ាប៊ុន និង​លោក ត្រាំ អ៊ីវតឹក ឈរ​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​។​

​ជាមួយគ្នានេះ​លោក ប្រាក់ សុខុន លោក អូន ព័ន្ធមុនីរ័ត្ន លោក លឹម គានហោ និង​លោក ស៊ុន ចាន់ថុល ឈរ​នៅ​មណ្ឌល​ខេត្តកណ្ដាល រីឯ​លោក អ៊ិត សំហេង លោក ម៉ម ប៊ុនហេង និង​លោកស្រី អ៊ឹង កន្ថាផាវី ឈរ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​។ លោក សាយ សំ​អាល់ លោក វង សូត និង​លោក ជា សុផារ៉ា ឈរ​នៅ​មណ្ឌល​ត្បូងឃ្មុំ​។​

​លោក ឆាយ ថន ឈរ​នៅ​មណ្ឌល​កំពង់ស្ពឺ ,​លោក ថោង ខុន មណ្ឌល​កំពង់ធំ ,​លោក ពេជ្រ ប៊ុនធិន មណ្ឌល​ក្រចេះ ,​លោក ស៊ុយ សែម មណ្ឌល​ពោធិ៍សាត់ ,​លោក ប៊ិន ឈិន មណ្ឌល​តាកែវ ,​សម្ដេច ទៀ បាញ់ មណ្ឌល​ខេត្តសៀមរាប ,​លោក ចម ប្រសិទ្ធ មណ្ឌល​កែប និង​លោកស្រី ម៉ែន សំអន មណ្ឌល​ស្វាយរៀង​។​

​ចំណែក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា និង​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជាឡើយ​។ ដោយឡែក​សម្តេច គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បន្ត​ឈរឈ្មោះ​នៅ​មណ្ឌល​កំពង់ឆ្នាំង​។​

​ក្រៅពី​រដ្ឋមន្ត្រី ក៏មាន​អតីត​អភិបាល​រាជធានី​-​ខេត្ត រួមមាន លោក គោ​ស៊ុំ សារឿ​ត (​បន្ទាយមានជ័យ​) លោក ច័ន្ទ សុផល (​បាត់ដំបង​)  លន់ លឹម​ថៃ (​កំពង់ចាម​) លោក សរ ចំរុង (​ក្រចេះ​) លោក ប៉ា សុជាតិ​វង្ស (​ភ្នំពេញ​) លោក កែប ជុតិមា (​ភ្នំពេញ​) និង​លោក ប្រាជ្ញ ចន្ទ (​ត្បូងឃ្មុំ​)​ជាដើម ។​

​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ ដោយ​នឹងមាន​គណបក្សនយោបាយ​ជាច្រើន​ចូលរួម​ប្រកួត​។ មកដល់ពេលនេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានទទួល​ស្គាល់​គណបក្ស​នយោបាយ​ជាង​១០​ហើយ សម្រាប់​ការ​ប្រជែង​ការបោះឆ្នោត​ខាងមុខនេះ​៕


Tag:
 CPP
  រដ្ឋមន្ត្រី​
  ប​ក្សុ​នយោបាយ​
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com