សង្គមអន្តរជាតិ​
អន្តរជាតិ
អាពាហ៍ពិពាហ៍​៖ Harry-Meghan ចាយ​៤០​លាន​ដុល្លារ​លើ​សន្តិសុខ William-Kate ចាយ​៧៦​ម៉ឺន​ដុល្លារ​លើ​ផ្កា​
22, May 2018 , 10:59 pm        
រូបភាព
ដោយ: ធីតា
ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះអង្គ Harry និង Meghan Markle កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែឧសភា កន្លងមក ត្រូវបាន​ចំណាយ​ក្នុង​ខ្ទង់​៤៥​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ការវាយតម្លៃរ​បស់​សារព័ត៌មាន CBS​។ ការចំណាយ​នេះ មាន​ចំនួន​ច្រើនជាង​ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះអង្គម្ចាស់ William និង Kate Middleton កាលពី​ឆ្នាំ​២០១១ ។​



​ពិធី​ដ៏​ធំ​របស់​ព្រះអង្គម្ចាស់ Harry បុត្រា​ពៅ​របស់​ព្រះអង្គ Charles និង​ជា​ចៅ​របស់​ព្រះមហា​ក្សត្រិយ៍​ចក្រភព​អង់គ្លេស អេ​លីហ្សា​បែ​តទី​២ ជាមួយ​អតីត​តារាភាពយន្ត​អាមេរិក Meghan Markle  ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី​បណ្តា​មនុស្ស​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ទាក់ទង​នឹង​ការចំណាយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។​

​វិមាន Kensington Palace ប្រកាស​កន្លងមក​ថា ដូចជា​ពិធី​របស់​ព្រះអង្គម្ចាស់ William និង Kate ផងដែរ រាជវង្សានុវង្ស​ជា​អ្នករ៉ាប់រង​នៅ​រាល់​ការចំណាយ​ទាំងអស់​ដែល​ត្រូវបាន​រៀបចំ​នៅ St George's Chapel, Windsor Castle កាលពី​ថ្ងៃទី​១៩ ខែឧសភា​។​

​តាម​ការផ្សាយ​របស់ CBS ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះអង្គម្ចាស់ Harry និង Meghan Markel ដែល​បាន​ក្លាយជា Duke និង Duchess of Sussex ត្រូវបាន​ចំណាយ​ក្នុង​ខ្ទង់​៤៥​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ៩៤​ភាគរយ ចំណាយ​ទៅលើ​ផ្នែក​សន្តិសុខ​។​

​បើទោះបីជា​ការចំណាយ​ស​រុ​ប​មិនបាន​ស្មើនឹង​ពិធី​រវាង​ព្រះអង្គម្ចាស់ Charles និង​ម្ចាស់​ក្ស​ត្រី Diana ដែលជា​ព្រះបិតា ព្រះ​មាតា កាលពី​ឆ្នាំ​១៩៨១ ក៏ដោយ ប៉ុន្តែ​ពិធី​រវាង​ព្រះអង្គម្ចាស់ Harry និង Maghan ចំណាយ​លើស​ពិធី​របស់​ព្រះអង្គ​ម្ចាស់ផ្ទះ William និង Kate កាលពី​ឆ្នាំ​២០១១ ។​

​បើតាម CNBC ជាមួយនឹង​ការ​លៃ​តម្រូវ​សម្រាប់​អតិផរណា រាជពិធី​រវាង​ព្រះអង្គម្ចាស់ Charles ឬ Prince of Wales ជាមួយ​ម្ចាស់​ក្សត្រិយ៍ Diana (​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​១៩៩៧) បាន​ចំណាយ​ក្នុង​ខ្ទង់​១១០​លាន​ដុល្លារ​អាមេរិក ខណៈ​ពិធី​រវាង​ព្រះអង្គម្ចាស់ William (Duke of Cambridge) និង Kate ឬ Catherine Middleton (Duchess of Cambrigde) កាលពី​ឆ្នាំ​២០១១ ចំណាយ​អស់​ប្រហែល​៣៤​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​ពិធីមង្គលការ​រវាង​ព្រះអង្គម្ចាស់ Harry និង Maghan ៩៤​ភាគរយ​នៃ​ចំណាយ​សរុប ពោលគឺ​ក្នុង​ខ្ទង់​៤០​លាន​ដុល្លារ​អាមេរិក ត្រូវ​ប្រើប្រាស់​សម្រាប់​សេវាកម្ម​សន្តិសុខ ដើម្បី​ធានា​ភាពរលូន​នៃ​កម្មវិធី ក៏​ភាពស្រស់ស្អាត និង​សណ្តាប់ធ្នាប់​នៅ​បរិវេណ​នៃ​ពិធី​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ពិធី​អាពាហ៍ពិពាហ៍​របស់ William និង Kate កាលពី​ឆ្នាំ​២០១១ បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ទៅលើ​ការតុបតែង​ផ្កា ដែលមាន​រហូតដល់​ទៅ​៥៦៣ ០០០​ផោន (​ជាង​៧៦០ ០០០​ដុល្លារ​អាមេរិក​)​។​

​ពិធី​អាពាហ៍ពិពាហ៍ William និង Kate ឆ្នាំ​២០១១៖
-​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​៖ ២៥០ ០០០​ផោន​
-​ផ្កា​៖ ៥៦៣ ០០០​ផោន​
-​ចិញ្ចៀន​អាពាហ៍ពិពាហ៍​៖ ១១៥ ០០០ ផោន​
-​នំ​អាពាហ៍ពិពាហ៍​៖ ៥៦ ០០០​ផោន​
-​សន្តិសុខ​៖ ២២​លាន​ផោន​

​ពិធី​អាពាហ៍ពិពាហ៍ Harry និង Meghan ឆ្នាំ​២០១៨៖
-​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​៖ ៣៨៧ ០០០​ផោន​
-​ផ្កា​៖ ១១០ ០០០​ផោន​
-​ចិញ្ចៀន​អាពាហ៍ពិពាហ៍​៖ ២៥០ ០០០​ផោន​
-​នំ​អាពាហ៍ពិពាហ៍​៖ ៥០ ០០០​ផោន​
-​សន្តិសុខ​៖ ៣០​លាន​ផោន​

​ក្រៅពី​ការចំណាយ​ផ្សេងៗ​ទៀត​រួមមាន ទីតាំង ម្ហូបអាហារ រូបថត​សន្លឹក និង​វីដេអូ តន្ត្រី ព្រះវិហារ និង​សេវាកម្ម​ជាច្រើន​ទៀត​សម្រាប់​ភ្ញៀវ​ដែល​បាន​ចូលរួម​៕


Tag:
 ​ចក្រភព​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com