ជាតិ
បទវិភាគ
​តើ​អំពើហិង្សា​លើ​កុមារ​នឹង​អាច​បញ្ឈប់​បាន​តាមរបៀប​ណា​?
01, Jun 2018 , 9:51 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​សប្តាហ៍​នេះ​មុនពេល​នៃ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ខួប​ទី​៦៩ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យមាន​ការយក​ចិ​ត្ដ​ទុកដាក់​ឲ្យ​កាន់តែច្រើន​ឡើងលើ​បញ្ហា​មួយ​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​៖ អំពើហិង្សា​លើ​កុមារ​។​



​នៅក្នុង​សារលិខិត​អបអរសាទរ ទិវា​កុមារ​អន្តរជាតិ ខួប​ទី​៦៩​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ ការពង្រឹង​វិធានការ និង​យន្តការ​ថ្នាក់មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​កុមារ​។ អង្គការ   ទស្សនៈ​ពិភពលោក ជឿជាក់ថា កុមារ​កម្ពុជា មាន​សិទ្ធិ​ស្វែងរក​ការការពារ​ពី​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​នៅ​ជិត​កន្លែង​ដែល​ពួកគេ​រស់នៅ​បំផុត និង​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​។ នាពេល​បច្ចុប្បន្ននេះ ការការពារ​កុមារ​ជា​ទំនួល​ខុសត្រូវ​របស់​ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន អ្នក​ថែទាំ​ក្នុង​ស្ថាប័ន​ផ្សេងៗ និង រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ដូចជា​គណ​:​ក​ម្មា​ធិ​ការទទួល​បន្ទុក​កិច្ចការនារី និង​កុមារ ឃុំ​សង្កាត់ (​គក​នក​)​។

​តាមរយៈ​ការធ្វើការ​ជាមួយ​សហគមន៍​នៅ​កម្ពុជា អស់​រយៈពេល​ជាង​៤០​ឆ្នាំ លើ​ការការពារ​កុមារ អង្គការ​ទស្សនៈ​ពិភពលោក​បានឃើញ​ច្បាស់​អំពី​ទំហំ​នៃ​បញ្ហា​ដ៏​ធំ​នេះ​។ កុមារ​កម្ពុជា​ច្រើនជាង ៧៥% ទទួលរង​អំពើហិង្សា (​មិន​ថា​ជា​អំពើហិង្សា​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវភេទ​) មុនពេល​ពួកគេ​មាន​អាយុ ១៨​ឆ្នាំ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ស្តីពី​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​កម្ពុជា​ឆ្នាំ​២០១៣​។  កុមារ​កម្ពុជា​ប្រមាណ​ជា ៥០% ទទួលរង​អំពើហិង្សា​ផ្លូវកាយ ២៥% ទទួលរង​អំពើហិង្សា​ផ្លូវចិត្ត និង ៥% ទៀត​ទទួលរង​អំពើហិង្សា​ផ្លូវភេទ​។ ផលវិបាក​សុខភាព​ដែល​បណ្តាលមកពី​អំពើហិង្សា​លើ​កុមារ​ត្រូវបាន ប៉ាន់ប្រមាណ​ថា បាន​បណ្តាលឱ្យ​កម្ពុជា​ខាតបង់ ទឹកប្រាក់​ប្រមាណ​ជា ១៦១​លាន​ដុល្លារ សហរដ្ឋអាមេរិក​ក្នុង​មួយឆ្នាំ ឬ​ស្មើនឹង ១.០១% នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៃ​ប្រទេស​កម្ពុជា ដែល​នេះ​គឺជា​ផលវិបាក​មួយ​ដ៏​ធំធេង និង​អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អនាគត​ប្រទេស​របស់​យើង ប្រសិនបើ​យើង​មិនបាន​ចាត់វិធានការ​ដោះស្រាយ​ទាន់ពេល​ទេនោះ​។

​ការវិភាគ​ទិន្នន័យ​ពី​ការអង្កេត​ប្រជាសាស្ត្រ​និង​សុខភាព ឆ្នាំ​២០១៤ បាន​បង្ហាញថា ពីរភាគបី​នៃ​ប្រជាជន​កម្ពុជា​យល់ឃើញថា ការដាក់ទណ្ឌកម្ម​ទៅលើ​រូបរាងកាយ​កុមារ គឺជា​វិធីសាស្ត្រ ដែល​អាច​ទទួលយកបាន ក្នុងការ​អប់រំ​កុមារ​។  នៅក្នុង​របាយការណ៍​មួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ដែល​នឹង​ចេញផ្សាយ​ក្នុងពេល​ឆាប់ៗ​នេះ ដែល​ពឹង​ផ្អែកទៅលើ​ទិន្នន័យ​មកពី​សាលាបឋមសិក្សា ចំនួន​៧៨ ក្នុង​ខេត្ត ចំនួន​៥ យើង​បាន​រកឃើញថា​ជិត​ពាក់កណ្តាល​នៃ​សិស្ស​ដែល​បាន​ស្ទង់​មតិ​បាន​ប្រាប់ថា វា​ជា​រឿង​ដែល​អាច​ទទួលយកបាន នៅពេលដែល​ឪពុកម្តាយ​របស់​ពួកគេ​ប្រើ​អំពើហិង្សា​តាមរយៈ​ពាក្យសម្ដី និង​លើ​រូបរាងកាយ​។ ហើយ​ការ​នេះ​បាន​នាំ​ឲ្យ​កុមារ​ទទួលយក​ថា អំពើហិង្សា គឺជា​អំពើ​ដែល​អាច​ទទួលយកបាន​ជាធម្មតា​។ ពួកគេ​ក៏​ជឿជាក់ថា ការប្រើប្រាស់​រំពាត់ គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ជំរុញ​សិស្ស​ឲ្យ​ខិតខំ​រៀនសូត្រ និង​ប្រកាន់​ភ្ជាប់​អាកប្បកិរិយា​ល្អប្រសើរ​ជាង​មុន​។ កុមារ​ក្នុង​ការស្ទង់មតិ​ដដែល​នេះ ក៏​គិតថា​ទង្វើ​សឹងតែ​គ្រប់យ៉ាង​ដែល​គ្រូបង្រៀន​ធ្វើ ដើម្បី​លើកកម្ពស់​ការរៀនសូត្រ​របស់​ពួកគេ គឺ​សុទ្ធសឹងតែ​ជា​ទង្វើ​ដែល​អាច​ទទួលយកបាន ហើយ​ពួកគេ​មិនបាន​បង្ហាញ​អារម្មណ៍​ថា គ្រូបង្រៀន​របស់​ពួកគេ​គួរតែ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ទាំងនោះ នោះទេ​។

​ការសិក្សា​មួយ​ស្តីពី កត្តា​រារាំង​ប្រសិទ្ធភាព​របស់​គណ​:​ក​ម្មា​ធិ​ការទទួល​បន្ទុក​កិច្ចការនារី និង​កុមារ ឃុំ​សង្កាត់ (​គក​នក​) ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​ការពារ​កុមារ ធ្វើឡើង​ដោយ អង្គការ​ទស្សនៈ​ពិភពលោក និង​ដៃគូ នៅ​ឆ្នាំ​២០១៥ បាន​រកឃើញថា គក​នក មាន​រចនាសម្ព័ន្ធ​គណនេយ្យភាព​ដែលមាន​ភាពស្មុគស្មាញ ហើយ​សមាជិក​នៃ​គណ​:​ក​ម្មា​ធិ​ការ មិនទាន់មាន​សមត្ថភាព​បច្ចេកទេស​ច្រើន​នៅឡើយ ក្នុងការ​ទប់ស្កាត់ និង​ឆ្លើយតប​លើ​បញ្ហា​ការការពារ​កុមារ និង​នៅមាន​កង្វះ​ថវិកា​សម្រាប់​ការចំណាយ​ប្រតិបត្តិការ​របស់ខ្លួន ក៏ដូចជា​សម្រាប់​ផ្តល់​សេវា​សង្គម​នានា​។ ដើម្បី​ឲ្យ​ការងារ​ការពារ​កុមារ​បាន​រីកចម្រើន​ទៅមុខ​បានល្អ គណ​:​ក​ម្មា​ធិ​ការទទួល​បន្ទុក​កិច្ចការនារី និង​កុមារ ឃុំ​សង្កាត់ គួរ​ត្រូវមាន​តួនាទី និង​ទំនួល​ខុសត្រូវ​ច្បាស់លាស់​ជាង​មុន ក៏ដូចជា​ត្រូវបាន​ទទួលបាន​ការពង្រឹង​សមត្ថភាព​ឲ្យ​បាន​រឹងមាំ និង​ទទួលបាន​ធនធាន​ច្រើនជាង​មុន សម្រាប់​អនុវត្ដ​ការងា​របស់ខ្លួន​។

​ដើម្បី​ពង្រឹង​វិធានការ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា លើ​កុមារ​ក្នុង​ឆ្នាំ​២០១៧ ដែលជា​ផែនការ​ពហុ​វិស័យ អន្តរក្រសួង​ស្ថាប័ន រយៈពេល​៥​ឆ្នាំ​ក្នុងការ​ដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​កុមារ​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្ដល់​ធនធាន និង​អនុវត្ត​ផែនការ​សកម្មភាព​នេះ​។ ទោះជា​យ៉ាងណាក្ដី ភាពជោគជ័យ​នៃ​ផែនការ​នេះ គឺ​មិន​ត្រឹមតែ​អាស្រ័យទៅលើ​រាជរដ្ឋាភិបាល​តែមួយ​មុខ​នោះទេ ប៉ុន្តែ​វា​ក៏​អាស្រ័យទៅលើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ៗ​រូប ដែលមាន​ទំនួល​ខុសត្រូវ​លើ​កុមារ​ផងដែរ​។

​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​យើង ត្រូវធ្វើ ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ និង​ទម្លាប់​របស់​ឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និង​សហគមន៍​ទាំងមូល ដើម្បី​ឲ្យ​ពួកគាត់​ចាប់ផ្ដើម​ប្រើប្រាស់​វិធីសាស្ត្រ​ដាក់វិន័យ និង​ចិញ្ចឹម​បីបាច់​កុមារ​បែប​វិជ្ជមាន​។  ការលើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ដ្រី គឺជា​ការត្រឹមត្រូវ​ណាស់ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​សាធារណៈ និង​ឯកជន​ដើម្បី​អប់រំ​កុមារ និង​គ្រួសារ​ខ្មែរ​អំពី​អំពើហិង្សា និង​ផលប៉ះពាល់​អវិជ្ជមានរ​ប​ស់វា​។  បទពិសោធន៍​ពី​បណ្ដា​ប្រទេស​ដទៃទៀត​បាន​បង្ហាញថា ឥរិយាបថ​ទាំងនេះ​អាច​ផ្លាស់ប្ដូរ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ការផ្លាស់ប្ដូរ​នេះ​នឹងមាន​ឥទ្ធិពល​ធំធេង​ក្នុងការ​កាត់បន្ថយ​អំពើហិង្សា​លើ​កុមារ​។ ការផ្លាស់ប្តូរ​ឥរិយាបថ​មិន​ត្រឹមតែ​អាចទៅរួច​ទេ តែ​យើង​ថែមទាំង​ត្រូវធ្វើ​វា​ជាបន្ទាន់​ទៀតផង​។  ការស្រាវជ្រាវ ជិត​៣០ ដែល​បានធ្វើ​នៅ​ទូទាំង​ពិភពលោក​បានបង្ហាញ​ថា​កុមារ​ដែលជា​ជនរងគ្រោះ​ជានិច្ចកាល​នៃ​ការដាក់ទណ្ឌកម្ម អាច​នឹង​ក្លាយទៅជា​ជន​ដែល​កោងកាច និង​អាចមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​អាចឈាន​ទៅដល់​ការប្រើប្រាស់​ថ្នាំញៀន​ទៀតផង​។ ការសិក្សា​ខ្លះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ការ​ទទួលរង​ការដាក់ទណ្ឌកម្ម​អាច​ពន្យឺត ការលូតលាស់ ផ្នែក​បញ្ញា​របស់​កុមារ ហើយ​សាលារៀន​ដែលមាន​ការប្រើ​ការដាក់​ទណ្ឌកម្ម មាន​សិស្ស​ដែលមាន​លទ្ធផល​ការសិក្សា​ខ្សោយ​ច្រើន​។

​ប្រជាជន​កម្ពុជា​មិនអាច​បន្ដ​អត់អោន និង​ទទួលយក​នូវ​ទម្រង់​ណាមួយ​នៃ​អំពើហិង្សា​លើ​កុមារ​ឡើយ​។ ពួកយើង​អាច​លុបបំបាត់​វា​បាន ដោយ​ចាប់ផ្ដើម​ជាមួយ​ការចាត់ទុក​កុមារ​ជាមួយ​សេចក្ដីថ្លៃថ្នូរ និង​ការគោរព​ដូច​មនុស្ស​ដទៃទៀត​ដែរ​។​

​កុមារ គឺជា​អនាគត​របស់​ប្រទេសជាតិ​យើង ហើយ​ការវិនិយោគ​លើ​ពួកគេ​ក្នុងថ្ងៃនេះ គឺជា​ការវិនិយោគ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ លោក នែ​ល​សុន មេន​ឌេ​ល​ឡា បាន​លើកឡើងថា​៖ “​សុវត្ថិភាព និង​សន្ដិសុខ មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះទេ​។ សុវត្ថិភាព និង​សន្ដិសុខ គឺជា​លទ្ធផល​ដែល​កើតឡើង​ពី​ការចូលរួម​របស់​យើងទាំងអស់គ្នា និង​ការវិនិយោគ​
​សាធារណៈ​។ ពួកយើង​មាន​កាតព្វកិច្ច​ក្នុងការ​ធានាថា​កូនៗ​របស់​យើង​ដែលជា​ជន​ងាយ​រងគ្រោះ​បំផុត​ក្នុងសង្គម អាច​រស់នៅ​បាន​ដោយ​គ្មាន​អំពើហិង្សា និង​គ្មាន​ការភ័យខ្លាច​។​”

​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​សម្ពោធ​យុទ្ធនាការ It Takes a World ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​កុមារ​។ សូម​ចុច​ត្រង់នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​៖ http://www.wvi.org/ittakesaworld

​អត្ថបទ​៖ អ្នកនាង ជា លីដា ប្រធាន​យុទ្ធនាការ It Takes a world ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​កុមារ
​និង​លោក Mathieu Andre ប្រធាន​ផ្នែក​តស៊ូ​មតិ អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា




Tag:
 សិទ្ធិ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com