ជាតិ
រថយន្ត
សាលា​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​រថយន្តក្រុង​៨០​គ្រឿង​ពី​ជប៉ុន​
25, Jun 2018 , 8:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
​រថយន្តក្រុង​៨០​គ្រឿង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នឹង​មកដល់​កម្ពុជា​នៅ​ដំណាច់ខែ​មិថុនា និង​រយៈពេល​ជា​បន្តបន្ទាប់​។ នេះ​បើតាម​ការអះអាង​របស់​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។



​សេវា​រថយន្តក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ជួយ​សម្រាល​ការចំណាយ​ជាច្រើន​របស់​ពលរដ្ឋ ជាមួយនឹង​តម្លៃ​សេវាកម្ម​ថោក ឬ​មិន​គិតថ្លៃ​។ លោក ម៉េ​ត មាស​ភក្តី បាន​អះអាងថា អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​រាជធានី​ភ្នំពេញ មាន​ជាង ២​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ ហើយ​បើ​គិត​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០១៨ មាន​អ្នកដំណើរ ១​សែន​២​ម៉ឺន​នាក់​។

​នា​ចុងខែ​មិថុនា និង​ដើមខែ​កក្កដា រហូតដល់​ដំណាច់ឆ្នាំ សាលា​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​រថយន្តក្រុង​៨០​គ្រឿង​ពី​រដ្ឋាភិបាល​ជប៉ុន ដោយ​តំណាក់កាល​ទីមួយ មាន​២០​គ្រឿង ដំណាក់កាល​ទី​ពីរ មាន​៣០​គ្រឿង និង​ដំណាក់កាល​ទី​បី មាន​៣០​គ្រឿង​។​

​ទាក់ទង​នឹង​សេវា​រថយន្តក្រុង​សាធារណៈ​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានលើកឡើង​ពី​ភាពងាយស្រួល​លើ​ការទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ស្វ័យប្រវត្តិ​។  លោក ម៉េ​ត មាស​ភក្ដី បាន​បញ្ជាក់ថា​៖ «​អ្នកដំណើរ​ដែល​ជិះ​រថយន្ត​សាធារណៈ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃនេះ​ទៅ​មិន​លំបាក​ក្នុងការ​ទូទាត់​សាច់ប្រាក់​ដូច​មុន​ទៀតឡើយ គ្រាន់​តែមាន​កាត​ទូទាត់​សាច់ប្រាក់​អេឡិចត្រូនិក​វី​ង (NFC) ដោយ​ឆូត​ជាមួយនឹង​ឧបករណ៍​សម្រាប់​កាត់​ប្រាក់​ជាការ​ស្រេច ហើយ​ពុំ​ចាំបាច់​រងចាំ​ក្នុង​ការទទួលប្រាក់​អាប់​មកវិញ​ទេ ពេល​យក​អ្នកជិះ​ដាក់​ប្រាក់​ដុំ​លើស សេវា ១៥០០​រៀល​»​។ 

​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​ពិសេស ជិះ​រថយន្ត​ដោយ​ឥត​បង់ប្រាក់ ក្នុងនោះដែរ​មានដូចជា សិស្សសាលា កម្មករ ព្រះសង្ឃ មន្ត្រីរាជការ កីឡាករ និង​អ្នក​ស្ថិតនៅក្នុង​ប្រភេទ​លក្ខខណ្ឌ​ជិះ​ឥត​បង់ប្រាក់​ជាដើម ហើយ​ពួកគាត់​ប្រើប្រាស់​កាត​ប្រភេទ​ដូច​រៀបរាប់​ខាងលើ​ផងដែរ គ្រាន់តែ​ខុស​ពណ៌​គ្នា​ប៉ុណ្ណោះ​៕


Tag:
 បង់ប្រាក់​-​រថយន្តក្រុង​
 ​ម៉េ​ត មាស​ភក្ដី​
 ​កាត​NFC
© រក្សាសិទ្ធិដោយ thmeythmey.com