សង្គមអន្តរជាតិ​
អន្តរជាតិ
អស់​មធ្យោបាយ អាជ្ញាធរ​សម្រេច​បណ្តែត​ប្រអប់​អាហារ​ចូល​រូងភ្នំ
29, Jun 2018 , 5:42 pm        
រូបភាព
​នៅ​ថ្ងៃទី​២៩ ខែមិថុនា​នេះ ក្រុម​អ្នករុករក​បាន​បន្ត​បង្ហូរទឹក​ចេញពី​រូងភ្នំ Tham Laung ដើម្បី​ងាយស្រួល​ស្វែងរក​ក្មេងប្រុស​១២​នាក់​រួមទាំង​គ្រូបង្វឹក​ម្នាក់​ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​អស់​រយៈពេល​៧​ថ្ងៃ​មកហើយ​នោះ​។ ប៉ុន្តែ​យ៉ាងណា កម្រិត​ទឹក​ដែល​បូម​ចេញ​ហាក់​នៅតែ​មិន​ធ្លាក់ចុះ​សោះ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មិន​ដាច់​។ ក្រោម​ហេតុផល​នេះ ក្រុម​អាជ្ញាធរ​ថៃ​បានសម្រេច​ប្រើប្រាស់​ប្រអប់​ជ័រ​ដោយមាន​ផ្ទុក​អាហារ និង​របស់របរ​ផ្សេងៗ​បណ្តែត​តាម​ទឹក​ចូលក្នុង​រូងភ្នំ​នោះ ដោយ​រំពឹងថា​នឹង​ទៅដល់​ពួកគេ​។​



​រយៈពេល​៧​ថ្ងៃ​មកហើយ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៣ ខែមិថុនា​មក មនុស្ស ១៣ នាក់​ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ Tham Luang Nang Non ស្ថិតក្នុង​ស្រុក​មៃ​សៃ ខេត្ត​ឈៀង​រ៉ៃ នៅតែ​មិនទាន់មាន​តម្រុយ​ណាមួយ​ដែល​បង្ហាញ​សញ្ញា​វិជ្ជមាន​នៅឡើយ​ទេ ស្របពេល​អ្នករុករក​បន្ត​ស្វែងរក​ទាំងថ្ងៃទាំងយប់​។​

​ដោយ​យល់ថា​ក្មេងៗ​ជាប់​ក្នុង​រូងភ្នំ​រយៈពេល​យ៉ូ គ្នា​អ្វី​បរិភោគ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Kraisi Boonthavorn បាន​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​ខ្លួន​រៀបចំ​អាហារ ទឹក​សុទ្ធ ពិល ប៊ិច ក្រដាស ទូរ​សព្ទ រួមទាំង​ផែនទី​បង្ហាញផ្លូវ​ក្នុង​រូងភ្នំ​ដាក់ចូល​ក្នុង​ប្រអប់​ជ័រ​ចំនួន ២០ រួច​បង្ហូរ​តាម​ទឹក គ្រែង​បាន​ទៅ​ដល់ដៃ​ពួកគេ​។​



​ក្នុង​ក្រដាស​មួយ​សន្លឹក​ដែល​ដាក់​ក្នុង​ប្រអប់​នោះ មាន​សរសេរ​ផ្តែផ្តាំ​ថា​«​ប្រសិនបើ​អ្នក​បានទទួល​ហើយ សូម​ឆ្លើយ​តម​មកវិញ​ផង​តាមរយៈ​ផែនទី​ចូលក្នុង​ប្រអប់​នេះ រួច​បណ្តែត​តាម​ទឹក​វិញ ពួកយើង​នឹង​ទៅ​ជួយ​អ្នក​ភ្លាម​»​។​

​ក្នុង​ប្រតិបត្តិ​ការរុករក​នេះ ក៏មាន​វត្តមាន​ក្រុម​អ្នកជំនាញ​មុជទឹក​អង់គ្លេស​បីនាក់ រួមទាំង​កងទ័ព​អាមេរិក​នៃ​ទីបញ្ជាការ​យោធា​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (USPACOM) ចំនួន​៣០​នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុងការ​សង្គ្រោះ និង​ស្វែងរក​ក្មេងៗ​ទាំង​នោះដែរ​។

 ក្មេងៗ​ទាំង ១៣​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​១១ ទៅ​១៦​ឆ្នាំ ក្នុងនោះ​មាន​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​អាយុ​២៥​ឆ្នាំ បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​មួយ​ឈ្មោះ Tham Luang Nang Non បន្ទាប់ពី​ពួកគេ​ចូល​ជ្រក​ភ្លៀង​។ បើតាម​ការសន្និដ្ឋានរ​បស់​អាជ្ញាធរ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ទឹក​ក្នុង​រូងភ្នំ​ឡើង​ខ្ពស់ ទើប​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​រក​ផ្លូវ​ផ្សេង​ជាទី​សុវត្ថិភាព និង​ដើម្បី​ចាក​ចេញពី​រូងភ្នំ​៕









អត្ថបទទាក់ទង



Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Laung
© រក្សាសិទ្ធិដោយ thmeythmey.com