រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន​៤​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ផ្តល់​សេវាកម្ម​ជួល​កង់​នៅ​សិង្ហ​បុរី​
02, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ទោចក្រយាន​ចំនួន​៤​រួមមាន Anywheel, Mobike, ofo និង SG Bike បាន​ស្នើសុំ​ការចុះបញ្ជី​ទៅកាន់​អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវគោក​សិង្ហ​បុរី (LTA) សម្រាប់​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​សេវា​ជួល​កង់​សាធារណៈ​។



​ក្រុមហ៊ុន Mobike និង ofo របស់​ចិន និង​ក្រុមហ៊ុន​ក្នុងស្រុក​របស់​សិង្ហ​បុរី​ផ្ទាល់ Anywheel និង SG Bike បានបញ្ជាក់​ពី​ការដាក់​ពាក្យស្នើសុំ​របស់​ខ្លួន​ដើម្បី​ផ្តល់​ភាព​សម្បូរបែប​លើ​សេវាកម្ម​ជួល​កង់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ នេះ​បើតាម​ការផ្សាយ​របស់ Channel NewsAsia​។​

​ការតាំង​ចិត្ត​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំង​៤ បន្ទាប់​ក្រុមហ៊ុន oBike ដ៏​ធំ​របស់​ចិន បានប្រកាស​ដកខ្លួន ក្រោយ​វត្តមាន​២​ឆ្នាំ​នៅ​ប្រទេស​សិង្ហ​បុរី​។ oBike បានបញ្ជាក់​ពី​ការខាតបង់​របស់ខ្លួន រួម​បញ្ហា​ជួបប្រទះ​មួយចំនួន​ដូចជា បញ្ហា​ចំណត និង​ការខូចខាត​។​



oBike ប្រតិបត្តិការ​នៅ​ជាង​១០​ប្រទេស​លើ​ពិភពលោក ដោយនៅ​បន្ត​អាស៊ី មាន សិង្ហ​បុរី ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង និង​ថៃ​។ លោក Edward Chen សហ​ស្ថាបនិក​ក្រុមហ៊ុន បានបញ្ជាក់​ប្រាប់ This Week in Asia ថា oBike មាន​អ្នកប្រើប្រាស់​ជាង​២​លាន​នាក់​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ​។​
​បច្ចុប្បន្ន ក្រុមហ៊ុន​បន្ត​ដោះស្រាយ​បណ្តឹង​ពី​អ្នកប្រើប្រាស់​ដើម្បី​ទូទាត់​ប្រាក់​កក់ និង​ប្រមូល​កង់​ចាស់ៗ​របស់ខ្លួន​ឲ្យ​អស់​។​

​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ដំណើរការ​ក្រុមហ៊ុន​ផ្តល់​សេវា​ជួល​កង់ អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវគោក​សិង្ហ​បុរី (LTA) បានដាក់​ឱសានវាទ​ដល់​ក្រុមហ៊ុន​ពាក់ព័ន្ធ​ឲ្យ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​ត្រឹម​ថ្ងៃទី​៧ ខែកក្កដា​។ ក្រុមហ៊ុន​ដែល​មិនបាន​អនុវត្តតាម​គោលការណ៍ ប្រឈម​នឹង​វិធានការ​តាមផ្លូវ​ច្បាប់​។​



​ក្រុមហ៊ុន ofo អះអាងថា ពួកគេ​មាន​កង់​ប្រមាណ​៨​ម៉ឺន​គ្រឿង ខណៈ Anywheel ថា​ខ្លួន​គ្រោង​៣​ម៉ឺន​គ្រឿង ខណៈ SG Bike បច្ចុប្បន្ន​ដំណើរការ​កង់​ចំនួន​១៥០០​គ្រឿង​រួចទៅហើយ​។ ក្រុមហ៊ុន​ជាច្រើន ប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Grab ឬ​កម្មវិធី GrabCycle ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ជ្រើស​តាម​ចំណង់​ចំណូលចិត្ត​ខ្លួន​។​

​ស្ថាប័ន​ជំនាញ​សិង្ហ​បុរី និង​ក្រុមហ៊ុន​ពាក់ព័ន្ធ បាន​ស្វែងយល់​ពី​បញ្ហា​ដែល​បាន​កើតឡើង​កន្លងមក ដូចជា​ការរើសអើង​នៅ​កន្លែង​ចំណត និង​ការ​ទុកដាក់​ខ្ជីខ្ជា​។ ករណីនេះ LTA តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​មាន​កូដ QR Code តែមួយគត់​ដើម្បី​តាមដាន​ការ​ទុកដាក់​ចុងក្រោយ​នៅពេលដែល​ពួកគេ​ឈប់​ប្រើប្រាស់​សេវាកម្ម​។

​អ្នកប្រើប្រាស់​ដែល​ទុកដាក់​មិនត្រូវ យ៉ាងតិច​៣​ដង ប្រឈម​នឹង​ការពិន័យ​១​ឆ្នាំ​សម្រាប់​ការប្រើប្រាស់​សេវាកម្ម​ទោចក្រយាន​គ្រប់​ប្រភេទ​៕









Tag:
 ​ទោចក្រយាន
© រក្សាសិទ្ធិដោយ thmeythmey.com