អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវចាប់ខ្លួន
× ចុងក្រោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ត្រូវបានអាជ្ញាធរប្រឆាំងពុករលួយម៉ាឡេស៊ីចាប់ខ្លួននៅថ្ងៃអង្គារទី ៣ ខែកក្កដានេះដោយជាប់ពាក់ព័ន្ធសំណុំរឿងកិបកេងលុយមូលនិធិរដ្ឋ 1MDB។ នេះបើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama។
អង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ីដែលអនុវត្តសំណុំរឿង និងចុះចាប់ខ្លួនអតីតប្រមុខរដ្ឋាភិបាលនេះបានលើកឡើងថា វាពិតជាមានការចាប់ខ្លួនមែន ហើយការចោទប្រកាន់នឹងចាប់ផ្តើមជាបន្តបន្ទាប់។
ដោយឡែក បើតាមទូរទស្សន៍សិង្ហបុរី Channel News Asia ដែលស្រង់សម្តីមេធាវីគ្រួសារលោក ណាជីប ការចាប់ខ្លួននេះកើតឡើងនៅផ្ទះរបស់លោក ណាជីប ផ្ទាល់ ខណៈដែលការចោទប្រកាន់អាចនឹងត្រូវធ្វើឡើងនៅថ្ងៃស្អែកផង។
ការចាប់ខ្លួនអតីតមេដឹកនាំម៉ាឡេស៊ីនេះ កើតឡើងប្រហែលបួនថ្ងៃប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្ត្រីវ័យ ៩២ ឆ្នាំ មហាធៀ មហាម៉ាត់ អះអាងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Bernamaថា ការចាប់ខ្លួននឹងកើតឡើងឆាប់ៗ។ លោកបានបន្ថែមថា ការពន្យារពេលចាប់ខ្លួនគឺដោយសារអាជ្ញាធរកំពុងបន្តប្រមូលភស្តុតាងឲ្យបានរឹងមាំសិន ដើម្បីកុំឲ្យមានការថ្លោះថ្លោយនោះ។
«ខ្ញុំគិតថា ណាជីប នឹងត្រូវនាំមកតុលាការឆាប់ៗ។ មនុស្សជាតិបានបង្ហាញការងឿងឆ្ងល់ហេតុអ្វីបានជាមិនមានការចាត់វិធានការ ហើយទុកឲ្យលោក ណាជីប រស់នៅស្រួលបែបនេះ។ ខ្ញុំចង់បញ្ជាក់ថា ការនាំសុំណុំរឿងនេះមកតុលាការ វាចាំបាច់ត្រូវមានភស្តុតាងគ្រប់គ្រាន់។ ដូច្នេះយើងមិនបរាជ័យពេលចាប់ផ្តើមដំណើរការចោទប្រកាន់ជាផ្លូវការ»។ នេះជាការលើកឡើងរបស់លោក មហាធៀ។
ក្រោយចាញ់ឆ្នោតក្នុងការបោះឆ្នោតជាតិលើកទី ១៤ កាលពីដើមខែឧសភា លោក ណាជីប ត្រូវប្រឈមបញ្ហាជាថ្មី ព្រោះសំណុំរឿងមូលនិធិ 1MDB ដែលពាក់ព័ន្ធនឹងរូបលោក ក៏ត្រូវលោក មហាធៀ បញ្ជាឲ្យគេចាប់ផ្តើមស៊ើបអង្កេតឡើងវិញទៀត។ ណាជីប ក៏ត្រូវប្រឈមបម្រាមចាកចេញពីប្រទេសផងដែរ។ ក្រោយមានបញ្ជាឲ្យស៊ើបអង្កេតឡើងវិញហើយ ប៉ូលិសម៉ាឡេស៊ីបានចុះឆែកឆេរផ្ទះ និងខុនដូរបស់លោក ណាជីប ច្រើនដង និងរឹបអូសបានលុយ គ្រឿងអលង្ការនិងរបស់មានតម្លៃផ្សេងទៀតមានទំហំជាង ២៧០លានដុល្លារឯណោះ។ ក្រៅពីរឿងកិបកេងលុយមូលនិធិរដ្ឋ លោក ណាជីប ក៏ពាក់ព័ន្ធនឹងសុំណុំរឿងឃាតកម្មជនជាតិម៉ុងហ្គោល Altantuya Shaariibuu ផង។
បង្កើតក្នុងឆ្នាំ២០០៩ មូលនិធិ 1MDB មានគោលដៅប្រែក្លាយទីក្រុងគួឡាឡាំពួរ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយ និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌អាមេរិកដែលបានស្រាវជ្រាវក្នុងករណីនេះបានអះអាងថា មន្ត្រីក្នុងមូលនិធិនេះបានកិបកេងលុយប្រហែល ៤,៥ ពាន់លានដុល្លារអាមេរិកហើយមួយផ្នែកនៃលុយនោះមាននៅក្នុងគណីធនាគាររបស់លោក ណាជីប រ៉ាហ្សាក់ ផង។ ក្នុងឆ្នាំ ២០១៣ លុយមានទំហំ ៦៨១ លានដុល្លារ នៃមូលនិធិនេះ ត្រូវបានផ្ទេរទៅកាន់គណនីធនាគាររបស់លោក។ ប៉ុន្តែលោកនៅតែបន្តបដិសេធ និងអះអាងថា វាជាលុយអំណោយដែលអារ៉ាប៊ីសាអូឌីតផ្តល់ឲ្យប៉ុណ្ណោះ៕
Tag:
ណាជិប រ៉ាហ្សាក់
មហាធៀ មហាម៉ាត់
1MDB
© រក្សាសិទ្ធិដោយ thmeythmey.com