ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកជំនាញ​៖ ជម្លោះ​កោះ​តៃវ៉ាន់ អាច​បង្ក​ជា​សង្គ្រាម​ខ្នាត​ធំ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​
04, Jul 2018 , 9:39 pm        
រូបភាព
រូបពី VOA
រូបពី VOA
​ភ្នំពេញ​៖ បញ្ហា​កោះ​តៃវ៉ាន់ អាច​បង្ក​ជា​សង្គ្រាម​ខ្នាត​ធំ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នាពេល​អនាគត​។ នោះ​ក៏​ព្រោះ កោះ​តៃវ៉ាន់ នៅតែមាន​ម​ហិ​ច្ច​តា​ធំ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​ចិន ខណៈដែល​ចិន រឹតបន្តឹង​ការរើបម្រាស​របស់​តៃវ៉ាន់​។​



​ជម្លោះ​កោះ​តៃវ៉ាន់ និង​ចិន ដែល​បានអូសបន្លាយ​អស់​រយៈពេល​៧០​ឆ្នាំ​មកហើយ នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ ការទូត​ទំនាក់ទំនង​អន្តរជាតិ និង​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព លោក ឈាង វណ្ណា​រិ​ទ្ធិ បាន​និយាយថា ជម្លោះ​កោះ​តៃវ៉ាន់ អាច​ក្លាយទៅជា​សង្គ្រាម​ខ្នាត​ធំ នៅពេល​ខាងមុខ ដោយសារ​បំណង​ទាមទារ​ឯករាជ្យ​ពី​ចិន​នេះ​។

​សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធិ ការប្រើ​នយោបាយ​ជាតិនិយម​របស់​រដ្ឋាភិបាល​តៃវ៉ាន់​ថ្មី ដែលមាន​និន្នាការ​ទៅ​លោកខាងលិច ហើយ​ប្រឆាំង​ជាមួយ​ចិន គឺជា​សញ្ញាណ​មិនល្អ​សម្រាប់​តៃវ៉ាន់​ឡើយ ខណៈដែល​រដ្ឋាភិបាល​ចិន បាន​ព្រមាន​ខ្លាំងៗ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ថា ចិន​មិន​ឲ្យ​បាត់បង់​ទឹកដី​ខ្លួន សូម្បី​តែមួយ​ចំអាម​។​

​សូម​ស្ដាប់​សំឡេង​៖




​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា កាល​ថ្ងៃទី​២ កក្កដា ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ ការទូត​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺមាន​ភាព​ក្តៅគគុក​ជាងគេ ដោយមាន​ជម្លោះ​ជាច្រើន ជាពិសេស​ជម្លោះ​ទាក់ទង​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ និង​កោះ​តៃវ៉ាន់​។ ហើយ​កោះ​តៃវ៉ាន់​ខ្ញុំ​គិតថា ជា​ចំណុចរសើប​មួយ ដែល​អាច​ឈានដល់​សង្គ្រាម​ខ្នាត​ធំ​នៅក្នុង​តំបន់ ព្រោះ​តៃវ៉ាន់ គឺមាន​ចលនា​មួយ ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ចិន ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី ហើយ​គណបក្ស​មួយ ដែលមាន​និន្នាការ​ងាក​ទៅ​លោកខាងលិច ហើយ​ចង់​ឲ្យ​តៃវ៉ាន់ មាន​ស្វ័យភាព​ជាង​រដ្ឋាភិបាល​មុន ដែល​វា​ជា​របត់​មួយ​ដ៏​ស្មុគស្មាញ​»​។​

អត្ថបទទាក់ទង


​កាលពី​ថ្ងៃទី​២៧ មិថុនា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​និយាយប្រាប់​លោក ម៉ា​ធី​ស រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ថា ចិន​មិនអាច​បាត់បង់​ដី ដែល​បន្សល់ទុក​មកពី​ដូនតា សូម្បី​តែមួយ​អ៊ី​ញ​ឡើយ​។ ហើយ​អ្វី​ដែលជា​របស់​អ្នកដទៃ ក៏​ចិន​មិន​ចង់បាន​ដូចគ្នា​។ បន្ថែម​ពីនេះ​លោក ស៊ី ជីន​ភីង បាន​ប្រា​ប់លោក ម៉ា​ធី​ស ទៀតថា រឿង​បញ្ហា​ទឹកដី​ជា​រឿង​ដោយឡែក ហើយ​ចិន​នឹងមិន​ធ្វើ​សម្បទាន​ណាមួយ​ជុំវិញ​បញ្ហា​ទឹកដី​ឡើយ​។

​ក្នុង​ពាក្យសម្ដី​របស់​ប្រធានាធិបតី​ចិន​រូបនេះ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក​ចង់​សំដៅលើ​ទឹកដី​ណាមួយ​ឡើយ ប៉ុន្តែ​គេ​អាច​យល់បាន​ថា លោក​ចង់​សំដៅលើ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដ៏​រ៉ាំរ៉ៃ​និង​បញ្ហា​កោះ​តៃវ៉ាន់​ដែល​ចិន​ចាត់ទុកជា​អាណាខេត្ត​ខ្លួន​ដែរ​។​

​គួរ​បញ្ជាក់ថា បញ្ហា​ជម្លោះ​កោះ​តៃវ៉ាន់ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ហាក់​មាន​ភាព​តានតឹង​ខ្លាំង ចាប់តាំងពី​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោកស្រី Tsai Ing-wen កាលពី​ឆ្នាំ​២០១៦​មក​។ ទម្រង់​ដឹកនាំ​របស់លោក​ស្រី Tsai Ing-wen ត្រូវបាន​គេ​មើលឃើញថា លោកស្រី​ហាក់​មាន​ជាតិនិយម​ខ្លាំង ក្នុង​ការប្រឆាំង​ទាមទារ​ឯករាជ្យ​ពី​ចិន ខុសពី​រដ្ឋាភិបាល​ចាស់ ដែល​ដឹកនាំ​ដោយ Ma Ying-jeou ដែល​មិនសូវមាន​បញ្ហា​ជាមួយ​ចិន​។ តាមរយៈ​ការដឹកនាំ​របស់លោក​ស្រី Tsai Ing-wen ជាង​២​ឆ្នាំនេះ ដែលមាន​ទំនោរ​ទៅរក​ការប្រកាស​ឯករាជ្យ និង​បដិសេធគោលនយោបាយ​ចិន​តែមួយ​នោះ ត្រូវបាន​គេ​មើលឃើញថា ចិន​បានធ្វើ​សកម្មភាព​ជាច្រើន ទាំង​ផ្នែក​យោធា និង​ការទូត ដើម្បី​ដាក់​សម្ពាធ​ទៅលើ​តៃវ៉ាន់ ។ ជាក់ស្តែង​ប្រទេសមួយ​ចំនួន ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​តៃវ៉ាន់​ជាច្រើន​ឆ្នាំ​ហើយ​នោះ បាន​កាត់ផ្ដាច់​ការទូត​ជា​បន្តបន្ទាប់ ដោយសារ​ប្រទេស​ទាំងនោះ​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ចិន ៕


Tag:
 ឈាង វណ្ណា​រិ​ទ្ធិ​
 ​កោះ​តៃវ៉ាន់​
  ចិន​
  អាស៊ី​ប៉ាស៊ីហ្វិក​
© រក្សាសិទ្ធិដោយ thmeythmey.com