សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​អាមេរិក​វ័យ​៩២​ឆ្នាំ​សម្លាប់​កូនប្រុស​ខ្លួន​ដើម្បី​រារាំង​កុំ​ឲ្យ​គេ​យក​គាត់​ទៅ​មណ្ឌល​ចាស់ជរា​
05, Jul 2018 , 9:19 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​អាមេរិក​វ័យ​៩២​ឆ្នាំ​ម្នាក់ បាន​បាញ់សម្លាប់​កូនប្រុស​វ័យ​៧២​ឆ្នាំ​របស់ខ្លួន ព្រោះ​គាត់​មិន​ចង់ទៅ​រស់នៅ​មណ្ឌល​ចាស់ជរា​ទៅតាម​គម្រោង​រៀបចំ​របស់​កូនប្រុស​រូបនោះ​ឡើយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​តំបន់​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន BBC​។​



​លោកយាយ Anna Mae Blessing បាន​ជាប់ចោទ​ពីបទ​មនុស្សឃាត ដោយសារ​ខឹង​កូនប្រុស​បង្កើត​ខ្លួន ដែលមាន​គម្រោង​បញ្ជូន​គាត់​ឲ្យ​ទៅ​រស់នៅក្នុង​មណ្ឌល​ចាស់ជរា​ជាច្រើន​ថ្ងៃ​។ «​ឯង​[​សំដៅលើ​កូនប្រុស​] បាន​បំផ្លាញ​ជីវិត​យើង ដូច្នេះ​យើង​ត្រូវ​បំផ្លាញ​ជីវិត​ឯង​មុន​»​។ ស្ត្រី​វ័យ​៩២​ឆ្នាំ បាន​ស្រែក​យ៉ាង​ដូច្នេះ នៅពេលដែល​ប៉ូលិស​ចាប់​ក្រៀក​គាត់​ចេញពីផ្ទះ​នៅ​រដ្ឋ  Arizona​។​

​អ្នកស្រី Blessing ដែល​រស់នៅ​ជាមួយ​កូនប្រុស និង​មិត្តស្រី​របស់គេ​នោះ បាន​អះអាង​ប្រាប់​ប៉ូលិស​ថា គាត់​ក៏មាន​គម្រោង​សម្លាប់​ខ្លួនឯង​ផងដែរ​។ រឿងរ៉ាវ បានកើត​ឡើង​កាលពីដើម​ខែកក្កដា កន្លងមក នៅក្នុង​ផ្ទះ​ដែល​ស្ថិតនៅ​ក្រុង Fountain Hills តំបន់ Maricopa​។ កូនប្រុស​របស់​អ្នកស្រី Blessing ដែល​មិន​ត្រូវបាន​បង្ហើប​ឈ្មោះ​នោះ ត្រូវបាន​រាយការណ៍​ថា គាត់​ចង់​បញ្ជូន​ម្តាយ​ខ្លួន​ទៅ​មណ្ឌល​ចាស់ជរា ដោយសារតែ​ពួកគាត់​កាន់តែ​ពិបាក​និយាយ​ស្តាប់​គ្នា​។​

​តាម​របាយការណ៍​ប៉ូលិស លោកយាយ Blessing បាន​បាញ់សម្លាប់​កូនប្រុស​របស់ខ្លួន​ដល់​បន្ទប់​គេង ដោយ​ប្រើ​កាំភ្លើងខ្លី​ដែល​ស្វាមី​គាត់​បាន​ទិញ​កាលពី​អំឡុង​ឆ្នាំ​១៩៧០​។ ក្រោយ​ការពិនិត្យ​សាកសព ប៉ូលិស​បាន​អះអាង​ជនរងគ្រោះ ត្រូវ​ពីរ​គ្រាប់​ចំ ថ្គាម និង​ក​។ លោកយាយ Blessing បាន​ព្យាយាម​បាញ់​មិត្តស្រី​របស់​កូនប្រុស​ខ្លួន​ផងដែរ ប៉ុន្តែ​ស្ត្រី​វ័យ​៥៧​ឆ្នាំ​រូបនោះ បាន​រត់​គេចផុត​។​

​លោកយាយ​ត្រូវ​ជាប់ចោទ​ពីបទ​ឃាតកម្ម​ដែលមាន​ទម្ងន់ទោស ហើយ​ប្រឈម​ជាប់ពន្ធនាគារ និង​ការពិន័យ​ជា​ទឹកប្រាក់​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com