អន្តរជាតិ
អ្នកជួយសង្គ្រោះម្នាក់ស្លាប់បន្ទាប់ពីយកបំពង់អុកស៊ីសែន ដាក់ក្នុងរូង ក្រុមប្រតិបត្តិការជួយសង្គ្រោះកុមារ១២នាក់ និងគ្រូម្នាក់នៅក្នុងរូង។ រូបថត AFP
× បុគ្គលិកសង្គ្រោះថៃម្នាក់ ដែលស្ថិតក្នុងប្រតិបត្តិសង្គ្រោះកុមារ១២ និងគ្រូរបស់គេបានទទួលមរណភាព។ នេះបើតាមការអះអាងរបស់អភិបាលរងខេត្តឈៀងរ៉ៃ ដែលត្រូវបានដកស្រង់ដោយ AFP។
«វាជាដំណឹងដ៏អាក្រក់ ដោយអតីតមន្ត្រីកងទ័ពជើងទឹក Seal របស់ថៃ ដែលស្ម័គ្រចិត្តក្នុងប្រតិបត្តិការសង្គ្រោះកុមារ បានទទួលមរណភាពកាលពីវេលាម៉ោង២ព្រឹក យប់មិញ»។ លោក Passakorn Boonyaluck បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដោយបន្ថែមថា ការងាររបស់គាត់គឺយកបំពង់អុកស៊ីសែន ចូលទៅក្នុងរូង ហើយគាត់មិនមានវាគ្រប់គ្រាន់សម្រាប់ខ្លួនឯង នាដំណើរត្រឡប់មកខាងក្រៅវិញ។
អ្នកជំនាញមុជទឹករូបនោះ មានឈ្មោះថា Saman Kunont ។ លោក Apakorn Yookongkaew មេបញ្ជាការ Seal បានបញ្ជាក់ថា មិត្តភក្តិម្នាក់ បានព្យាយាមទាញលោក Saman Kunont ចេញក្រៅ បន្ទាប់ពីគាត់បានបាត់បង់ស្មារតី។
នេះជាករណីគ្រោះថ្នាក់ដ៏ធំបំផុតទីមួយ ក្នុងប្រតិបត្តិការជួយសង្គ្រោះមនុស្ស១៣នាក់ ចេញពីរូងភ្នំ Tham Luang។ ទោះបីជាយ៉ាងណាក៏ដោយ លោក Apakorn បានអះអាងថា ក្រុមប្រតិបត្តិការនឹងមិនរាថយនោះឡើយ៕
Tag:
ក្មេងប្រុសបាត់ខ្លួននៅថៃ
រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com