ជាតិ
នយោបាយជាតិ
គណបក្សចំនួន៣ ចំណាយថវិកាចាប់ពី៣ម៉ឺនដុល្លារឡើងទៅ សម្រាប់ការឃោសនាបោះឆ្នោត
× ភ្នំពេញ៖ នៅពេលនេះ គណបក្សនយោបាយ កំពុងបញ្ចេញសមត្ថភាពខ្លួន តាមរយៈគោលនយោបាយបក្ស ក្នុងការឃោសនាសម្រាប់ការបោះឆ្នោត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់២១ កក្កដា។ ការមមាញឹកក្នុងការឃោសនាជារឿងមួយ ប៉ុន្តែការចំណាយថវិកាសម្រាប់ការឃោសនាបក្ស ក៏ជារឿងសំខាន់ដែរ។ សម្រាប់ការបោះឆ្នោតនេះ គណបក្សចំនួន៣ ចំណាយថវិកាចាប់ពី៣ម៉ឺនដុល្លារឡើងទៅ។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន បាននិយាយថា គណបក្សលោក ត្រៀមថវិកាចំណាយ៣ម៉ឺនដុល្លារ សម្រាប់ដំណើរការឃោសនាបោះឆ្នោត រយៈពេល៣សប្ដាហ៍នេះ។ ថវិកាដែលគណបក្សលោក ត្រូវចំណាយនេះ គឺផ្ដោតទៅលើការបោះពុម្ភអាវ មួក សញ្ញាសម្គាល់បក្ស (Sticker) ទិញមេក្រូ និងសម្ភារៈផ្សេងៗ រួមទាំងអាហារ សម្រាប់សមាជិក និងអ្នកគាំទ្រផងដែរ។ បើតាមមូលលោក សាម អ៊ីន ថវិកាសម្រាប់ចំណាយគណបក្សនេះ គឺបានមកពីវិភាគទានរបស់សមាជិក និងអ្នកគាំទ្រគណបក្ស។
ជាមួយគ្នានេះគណបក្សយុវជនកម្ពុជា ក៏ចំណាយថវិកាប្រហាក់ប្រហែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែរ។ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា គណបក្សលោកត្រៀមចំណាយថវិកាប្រហែល៥ម៉ឹនដុល្លារ សកម្មភាពឃោសនាបោះឆ្នោត នៅតាមមណ្ឌលដែលគណបក្សខ្លួន ឈរឈ្មោះបោះឆ្នោតនេះ។ ថវិកាចំណាយនេះ គឺត្រូវយកទៅបោះពុម្ភអាវ បោះពុម្ភគោលនយោបាយ បដា និងស្លាកគណបក្ស រួមទាំងចំណីអាហារ សម្រាប់សមាជិក អ្នកគាំទ្រ។
ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិនវិញ ទំនងជាចំណាយថវិកាច្រើន សម្រាបក់ឃោសនាបោះឆ្នោតនេះ។ អនុប្រធានគណបក្សលោក យូ ហុកគ្រី បានប្រាប់សារព័ត៌មានថ្មីៗថា ការឃោសនាបោះឆ្នោតនេះ គឺគណបក្សលោក ទុកភារកិច្ចឲ្យសមាជិក និងក្រុមការងារខេត្ត តាមមណ្ឌលនីមួយៗជាអ្នករៀបចំរៀងៗខ្លួន។ ចំពោះការចំណាយថវិកាសរុបរួមវិញ លោក យូ ហុកគ្រី មិនទាន់មានតួលេខពិតប្រាកដទេ ។ ប៉ុន្តែលោក អាចបញ្ជាក់បានថា គណបក្សចំណាយថវិកា ៧ម៉ឺនដុល្លារឡើងទៅ ក្នុងមួយខេត្ត ឬរាជធានី ដែលខ្លួនឈរឈ្មោះ។
ដោយឡែកគណបក្សខ្មែររួបរួមជាតិ ក៏ចំណាយខ្ទង់ម៉ឺនដុល្លារផងដែរ។ នេះបើតាមលោក សិង្ហ គីរី អនុប្រធានគណបក្ស។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះបោះឆ្នោតទូទាំង២៥រាជធានី ខេត្ត ខណៈដែលគណបក្សយុវជនកម្ពុជា ឈរឈ្មោះតែ១៧មណ្ឌលប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងថ្នាក់ដឹកនាំគណបក្សទាំងនេះ សុទ្ធតែមានក្តីសង្ឃឹមថា នឹងទទួលបានសំឡេងឆ្នោតច្រើន ពីប្រជាជលរដ្ឋ សម្រាប់កៅអីរដ្ឋសភា។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខ ដោយមានគណបក្សចំនួន២០ចូលរួមប្រកួតប្រជែង៕
Tag:
សាម អ៊ីន
ពេជ្រ ស្រស់
យូ ហុកគ្រី
បោះឆ្នោត
គជប
© រក្សាសិទ្ធិដោយ thmeythmey.com