អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រោះ​សម្ពាធ​ពី​ក្រុង​វ៉ាស៊ីនតោន លោក អា​បេ សម្រេច​លុបចោល​ទស្សន​កិច្ច​ទៅ​អ៊ីរ៉ង់​
07, Jul 2018 , 1:21 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​លុបចោល​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ដែល​គ្រោង​ធ្វើឡើង​នៅ​ចុងខែ​កក្កដា​។ ការសម្រេច​បែបនេះ​នេះ​ក៏​ព្រោះតែ​ជប៉ុន​រង​សម្ពាធ​ពី​អាមេរិក​ដែល​កំពុង​ធ្វើ​យុទ្ធនា​ការធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់តែ​ឯកោ​ខ្លាំង និង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ផង​នោះ​។​


​សារព័ត៌មាន​ជប៉ុន Japan Times បាន​ស្រង់​សម្តី​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ដែ​ល​មិនបាន​បង្ហាញ​អត្តសញ្ញាណ ខាង​ភាគី​ជប៉ុន​បាន​ផ្តល់ដំណឹង​ទៅខាង​ភាគី​អ៊ីរ៉ង់​រួចហើយ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​មិនបាន​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ឡើយ ហើយ​ជំនួប​រវាង​លោក អា​បេ និង​លោក ហាសាន់ រ៉ូ​ហា​នី (Hassan Rouhani)​ត្រូវ​លុប​ចោ​ដូចគ្នា​។ 
 
​តាមពិតទៅ លោក អា​បេ ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដំបូង​បំផុត​ក្នុង​រយៈពេល​បួន​ទសវត្សរ៍​ចុង​ក្រោយនេះ​ដែលមាន​គម្រោង​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​។ ប៉ុន្តែ​ការលុបចោល​ទស្សនកិច្ច​លើក​នេះ​មិនអាច​ធ្វើ​ឲ្យ​លោក អា​បេ ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ដំបូង​គេ​ដែល​ជាន់ដី​អ៊ីរ៉ង់​ឡើយ​។​
 
​យ៉ាងណាមិញ ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​បង្ហើប​ថា ភាគី​ទាំងពីរ​ជប៉ុន និង​អ៊ីរ៉ង់​នៅតែ​បន្ត​សហការ​ដើម្បី​ស្វះ​ស្វែងរក​លទ្ធភាព​នានា​ដើម្បី​ជំរុញ​ឲ្យ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​នេះ​កើតមានឡើង​។ ប៉ុន្តែ​អ្នកជំនាញ​វាយតម្លៃថា ទស្សនកិច្ច​នេះ​អាច​កើតឡើង​អាស្រ័យ​លើ​ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ប៉ុណ្ណោះ​។ 
 
 បើតាម​សារព័ត៌មាន​ជប៉ុន​ដដែល សម្ពាធ​ពី​ក្រុង​វ៉ាស៊ីនតោន​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មានការ​លុបចោល​ទស្សន​កិច្ច​ផ្លូវរដ្ឋ​នេះ​។ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដក​សហរ​ដ្ឋ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ (JPCOA) កាលពីដើម​ខែឧសភា និង​បានដាក់​ទណ្ឌកម្ម​ប្រឆាំង​របប​ដឹកនាំ​ក្រុង​តេ​អ៊ីរ៉ង់​ឡើងវិញ​ផង​។​
 
​ក្រៅពីនេះ​លោក ត្រាំ ក៏​បង្ហាញ​ពី​ចេតនា​ដាក់​គំនាប​បន្ថែម​លើ​អ៊ីរ៉ង់​ទាំង​ការទូត​និង​សេដ្ឋកិច្ច​ជាពិសេស​ធានាថា ចរន្ត​លុយ​ដែល​អ៊ីរ៉ង់​បាន​ពី​ការលក់​ប្រេង​នឹងត្រូវ​កាត់ផ្តាច់​ទាំងស្រុង ហើយ​លទ្ធផល​ចុងក្រោយ​គឺ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ត្រូវ​ក្ស័យធន​។ រដ្ឋបាល​អាមេរិក​ក៏បាន​ទទូច​ឲ្យ​សម្ព័ន្ធមិត្ត និង​ដៃគូ​ជាពិសេស​ជប៉ុន​ឈប់​ទិញ​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់​ទាំងស្រុង​នៅត្រឹម​ថ្ងៃ ៤ ខែវិច្ឆិកា​ខាងមុខនេះ​។ 
 
​ក្រោយ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ដែល​ខ្លួន​បង្កើត​ផ្ទាល់ដៃ អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក​រង​ការទិតៀន​ពី​សំណាក់​សម្ព័ន្ធមិត្ត​ខ្លួន​ជាពិសេស​មហាអំណាច​អឺរ៉ុប​ដូចជា​បារាំង និង​អាល្លឺម៉ង់​។ សកម្មភាព​ឯកតោ​របស់លោក ត្រាំ បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ ព្រោះ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រកស៊ី​ជាមួយ​អ៊ីរ៉ង់​អាច​ខាតបង់​លុយរាប់​ពាន់​លាន​ហើយ​គេ​បារម្ភ​ថា ការអនុវត្ត​នឹង​បរាជ័យ​នៅពេល​ណាមួយ​ខាងមុខ​។ ជា​លទ្ធផល​អ៊ីរ៉ង់​នឹង​ត្រឡប់​ទៅ​ចាប់ផ្តើម​ការផលិត​អាវុធ​នុយក្លេអ៊ែរ​វិញ និង​ធ្វើ​ឲ្យ​រឿង​ច្របូកច្របល់​ច្រើន​កើតឡើង​ផងដែរ​។​។​
 
​កិច្ចព្រមព្រៀង JCPOA ត្រូវបាន​បង្កើត​ឡើយ​នៅ​ឆ្នាំ ២០១៥ ដោយមាន​ការឯកភាព​រវាង​មហាអំណាច​ប្រាំ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បូក​អាល្លឺម៉ង់​រួមជាមួយ​អ៊ី​រីង់​។ កិច្ចព្រមព្រៀង​នេះ​ធានា​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​កម្រិត​ការ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម​។​
 
​ងាក​មក​រឿង​លោក អា​បេ វិញ ទោះ​មិន​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ក៏ដោយ ចាប់ពី​ថ្ងៃ ១១ ខែកក្កដា​ខាងមុខ លោក អា​បេ ត្រូវ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី និង​នៅ​អេ​ហ្ស៊ី​ប​ដដែល មុន​បន្តទៅ​អឺរ៉ុប​ដោយ​ឆៀង​ចូល​ទស្សនកិច្ច​ក្រុង​ព្រុ​ច​សែ​ល និង​ប៉ារីស​៕ 

Tag:
 ស៊ីន​ហ្សូ អា​បេ​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com