អន្តរជាតិ
នយោបាយអន្តរជាតិ
មេសិទ្ធិមនុស្ស UN ទទូចឲ្យក្រុមប្រឹក្សាសន្តិសុខបញ្ជូនមីយ៉ាន់ម៉ាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC
× ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein បានថ្លែងហួសចិត្តនឹងការដោះសារ និងភាពមិនទទួលខុសត្រូវរបស់តំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងវិបត្តិរ៉ូហ៊ីងយ៉ា។ ប្រមុខសិទ្ធិមនុស្សរូបនេះ បានទទូចឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីឲ្យអង្គភាពយុត្តិធម៌មួយនេះរកយុត្តិធម៌ឲ្យជនរងគ្រោះ។
ឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein នៅថ្ងៃ៤ កក្កដា បានលើកឡើងថា មីយ៉ាន់ម៉ាគួរតែចេះខ្មាសអៀនខ្លះ ចំពោះទង្វើរបស់ខ្លួន ដែលព្យាយាមបង្ហាញពិភពលោកថាខ្លួនមានឆន្ទៈនាំជនភៀសខ្លួនជនជាតិភាគតិចទៅវិញ ខណៈសូម្បីតែភៀសខ្លួនម្នាក់ក៏មិនទាន់បានត្រឡប់ទៅវិញដោយផ្លូវការផង។
តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ ឧត្តមស្នងការសិទ្ធិមនុស្ស បានថ្លែងនាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សដោយមិនមានការយល់យោគដល់មុខមីយ៉ាន់ម៉ាឡើយ។ លោក អះអាង សហគមន៍អន្តរជាតិមិនមែនឆ្កួតនោះទេ។ មិនមែនឆ្កួតនោះ សំដៅ សហគមន៍អន្តរជាតិមិនចេះតែជឿតាមការបញ្ចុះបញ្ចូលរបស់មីយ៉ាន់ម៉ាដែលអះអាងខ្លួនថា តែងតែការពារសិទ្ធិជនភៀសខ្លួននោះ។
ប្រមុខសិទ្ធិដដែលនោះបន្តទៀតថា តាមរយៈបទពិសោធន៍នៃអាណត្តិដឹកនាំរបស់លោកបួនឆ្នាំមកនេះ លោក បានឆ្លងកាត់ការលើកឡើងបែបគ្មានការទទួលខុសត្រូវ និងមិនសមហេតុសមផលជាច្រើន ហើយមីយ៉ាន់ម៉ា ក៏គួរតែចេះមានការខ្មាសអៀនខ្លះផង។
ប្រមុខសិទ្ធិមនុស្សខាងលើក៏បានរាយការណ៍ពីបច្ចុប្បន្នភាពនៃចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបច្ចុប្បន្នមានរហូតដល់ជាង៧០ម៉ឺននាក់ ដែលបានភៀសខ្លួនទៅកាន់បង់ក្លាដែសដើម្បីគេចពីការគំរាមកំហែងសន្តិសុខ និងថែមទាំងបានទទូចឲ្យក្រុមប្រឹក្សាសន្តិសុខចាត់បញ្ជូនមីយ៉ាន់ម៉ាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យកាន់តែឆាប់ទៀតផង។
គួររម្លឹកផងដែរថា នាចុងសប្តាហ៍មុន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានបំពេញទស្សនកិច្ចទៅជំរំដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងតែស្នាក់នៅបណ្តោះអាសន្នក្នុងទឹកដីបង់ក្លាដែស។ មិនខុសពីប្រតិភូអន្តរជាតិផ្សេងទៀតឡើយ ប្រមុខអង្គការសហប្រជាជាតិ បានទទួលដឹងលឺពីការពិតមួយ គឺជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ពិតជារស់នៅយ៉ាងលំបាកមែន ហើយលោក ក៏បានសន្យាជួយជំរុញរដ្ឋាភិបាលមីយ៉ាន់ម៉ារឿងទទួលជនភៀសខ្លួនវិញផងដែរ។
ជុំវិញសំណុំរឿងរ៉ូហ៊ីងយ៉ាដដែលនេះដែរ ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏បានចេញលិខិតជូនដំណឹងមួយទៅកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីបំភ្លឺ និងតវ៉ាជាមួយនឹងសំណើពិចារណាលើយុត្តាធិការលើមីយ៉ាន់ម៉ារបស់រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ។ អង្គសវនាការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏បានកំណត់យកថ្ងៃ២៧ កក្កដានេះដើម្បីជាថ្ងៃកំណត់ចុងក្រោយសម្រាប់មីយ៉ាន់ម៉ាដាក់សំណើតវ៉ា។
គួរកត់សម្គាល់ផងដែរនោះ មីយ៉ាន់ម៉ា មិនមែនជាភាគីនៃលក្ខន្តិកៈក្រុងរ៉ូម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ពោលគឺតាមរយៈតុលាការដោយផ្ទាល់ មិនអាចមានសិទ្ធិ ឬយុត្តាធិការដើម្បីជំនុំជម្រះរឿងរ៉ូហ៊ីងយ៉ាបានឡើយ។ ហេតុផលនេះហើយ ដែលធ្វើឲ្យសហគមន៍អន្តរជាតិ ពិសេសប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ ដែលជាអង្គភាពដ៏មានឥទ្ធិពលផ្តល់អនុសាសន៍ទៅតុលាការដើម្បីជាបន្ទុកបន្ថែម៕
Tag:
មីយ៉ាន់ម៉ា
ICC
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com