ជាតិ
នយោបាយជាតិ
GDP ផ្តើមឃោសនាបោះឆ្នោតពីអតីតនគរគោកធ្លក ដើម្បីឧទ្ធិសដល់បុព្វបុរសខ្មែរ និងគោរពសន្យាជាមួយលោក កែម ឡី រូបភាពពីទំព័រហ្វេសប៊ុកលោក យ៉ង សាំងកុមារ
× ភ្នំពេញ៖ បក្សប្រធាធិបតេយ្យមូលដ្ឋាន បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃដំបូងរបស់ខ្លួន នៅភ្នំដារដែលជាអតីតនគរគោកធ្លក ស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ជាមួយនឹងការរៀបចំពិធីសាសនាផង មុននឹងចេញដង្ហែក្បួនឃោសនា។
លោក យ៉ង សាំងកុមារ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មានហេតុផលសំខាន់ៗ២ ដែលគណបក្សសម្រេចយកទីតាំងភ្នំដារជាទីតាំងចាប់ផ្តើមការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន។ ហេតុផលទី១ គឺភ្នំដារគឺជាអតីតនគរគោកធ្លក ដែលគណបក្សចាត់ទុកថា ជាការរំឮកគុណបុព្វបុរសជាតិខ្មែរ និងហេតុផលទី២ គឺគោរពសន្យាជាមួយលោកបណ្ឌិត កែម ឡី។ លោក យ៉ង សាំងកុមារ ពន្យល់បន្ថែមដូច្នេះ៖«មុននឹងកើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺយើងបានបង្កើតឲ្យមានបណ្តាញខ្មែរដើម្បីខ្មែរ។
នៅពេលនោះ ខ្ញុំ និងថ្នាក់ដឹកនាំ GDP មួយចំនួនទៀត ជាមួយនឹងលោកបណ្ឌិតកែម ឡី យើងបានជជែក និងសន្យាគ្នាថានៅពេលដែលយើងមានគណបក្សនយោបាយ ពិសេសនៅថ្ងៃឃោសនាបោះឆ្នោតដំបូង យើងនឹងបបួលគ្នាមកអង្គរបុរី គឺចាប់ផ្តើមឃោសនាចេញពីភ្នំដារនេះតែម្តង។ អ៊ីចឹងដើម្បីគោរពការសន្យា និងឧទ្ទិសដល់វិញ្ញាក្ខន្ធ លោកបណ្ឌិត កែម ឡី»។
លោក យ៉ង សាំងកុមារ ក៏បានឲ្យដឹងដែរថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់ GDP នឹងធ្វើនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ដែលជាខួប២ឆ្នាំ នៃការស្លាប់របស់លោក កែម ឡី ដោយគ្រោងជួបជុំអ្នកគាំទ្រប្រមាណ១ពាន់នាក់។ ចំណែកថ្ងៃចុងក្រោយ នឹងធ្វើនៅខេត្តសៀមរាប ដោយគ្រោងរៀបចំពិធីសាសនា បួងសួងសុំសេចក្តីសុខ សន្តិភាព ដូចការរៀបចំនៅអតីតនគរភ្នំដែរ។
សូមជម្រាបថា គណបក្សនយោបាយនីមួយៗ មានរយៈពេល២១ថ្ងៃ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកក្កដា។ តាម គ.ជ.ប គណបក្សនីមួយៗ អាចឃោសនា បានតែ៤លើកប៉ុណ្ណោះ ក្នុងមួយរាជធានី-ខេត្ត៕
Tag:
GDP
យ៉ង សាំងកុមារ
កែម ឡី
តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com