អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ ទទូចឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់«បង្កើតសាច់រឿងបន្ថែម»លើករណីក្មេងទាំង១២និងគ្រូបង្វឹក
× ប្រមុខរបបសឹកថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា សម្តែងការហាក់ហួសចិត្តនឹងទង្វើរបស់អ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ដែលយករឿងបាត់ក្មេងទាំង១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងរ៉ូងភ្នំទៅវិភាគ និងបង្កើតជាសាច់រឿងថ្មីដែលលើសពីការពិត និងគ្មានការទទួលខុសត្រូវ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា សប្តាហ៍នេះបានស្នើឲ្យសាធារណជនចៀសវាងការបង្កើតវិនាដកម្ម ឬសាច់រឿងបន្ថែមដែលពាក់ព័ន្ធនឹងប្រតិបត្តិការសង្គ្រោះ ខណៈការជជែកវែកញែកតាមបណ្តាញសង្គមមានអ្នកខ្លះបន្ទោស គ្រូបង្វឹកពីការធ្វេសប្រហែស និងខ្លះទៀតលើកសរសើរពីភាពក្លាហានរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។
ជាមួយនឹងការស្នើសុំឲ្យសាធារណជន ចៀសវាងការបង្កើតសាច់រឿងថ្មី លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចន្ទ អូចា ក៏បានទទូចឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រាយការណ៍ព្រឹត្តិការណ៍ប្រកបដោយការទទួលខុសត្រូវ។ លោក បានឲ្យដឹងថា ភ្នាក់ងារសង្គ្រោះកំពុងតែជួយកុមារទាំងនោះ ហើយលោកក៏បានដាក់បញ្ជាឲ្យមន្ត្រីខេត្តរកមធ្យោបាយល្អបំផុតដើម្បីធានាថាកុមារទាំងនោះមិនរងផលប៉ះពាល់ផ្នែកស្មារតី។
ប្រមុខរបបសឹករូបនេះ សង្កត់ធ្ងន់ថា អ្វីដែលជារឿងសំខាន់រដ្ឋាភិបាលកំពុងធ្វើគឺធានាពីសុវត្ថិភាពនៃការជម្លៀសក្រុមកុមារ និងគ្រូបង្វឹករបស់ពួកគេ ហើយស្វែងយល់ និងរៀនសូត្រពីសកម្មភាពរបស់ពួកគេផង។
បន្ថែមលើសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអភិវឌ្ឍសង្គម និងសន្តិសុខថៃ ក៏បានសុំចិត្តសាធារណជនកុំមានប្រតិកម្មខ្លាំងពេកលើហេតុការណ៍នេះ។ តាមប្រពភពព័ត៌មានដដែលនោះ រដ្ឋមន្ត្រី អះអាងថា លោក មិនចង់ឃើញប្រជាជនបន្ទោសក្រុមទាំងនេះ ហើយក៏មិនចង់ឲ្យមានការហៅក្រុមទាំងថាជាវីរៈបុរសដូចគ្នា ដ្បិតនេះ គឺជាឧប្បទ្ទវហេតុ នោះទេ។
គួរជម្រាបផងដែរថា ហេតុការណ៍ នៃការបាត់ក្រុមកីឡាករវ័យក្មេង និងគ្រូបង្វឹក ហើយរកឃើញវិញរបស់ថៃ មានការចាប់អារម្មណ៍ខ្លាំង មិនត្រឹមតែក្នុងក្របខណ្ឌក្នុងស្រុកប៉ុណ្ណោះនោះទេ តែវា ទទួលបានការចាប់ពីអាមរម្មណ៍ក្នុងក្របខណ្ឌអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com