អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ផ្លែ​គូលែន​វៀតណាម ត្រូវប៉ាន់​លើ​ទីផ្សារ​អន្តរជាតិ​
08, Jul 2018 , 10:19 pm        
រូបភាព
ដោយ:
​ប្រជាកសិករ​វៀតណាម ទទួលបាន​កសិក​ផល​ផ្លែឈើ ជាពិសេស​ផ្លែ​គូលែន​ច្រើន​លើសលប់​រៀងរាល់ឆ្នាំ​។ អ្វីដែល​សំខាន់ ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​អាចមាន​លទ្ធភាព​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​ទាំង​ក្នុង​តំបន់ និង​ទាំង​ទូទាំង​ពិភពលោក​ផង​។


​តាម​របាយការណ៍​រប​ស់​មន្ទីរ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម គិត​ចាប់ពី​ដើមឆ្នាំ​២០១៨​នេះ វៀតណាម បាន​នាំចេញ​ផ្លែ​គូលែន​ទៅក្នុង​ទីផ្សារ​នៃ​ប្រទេស​ជាង​៣០​របស់​ពិភពលោក ដែល​រាប់បញ្ចូល​ទាំង​ក្នុង​ទីផ្សារ​របស់​អាមេរិក សហភាព​អឺរ៉ុប កាណាដា ចិន ជប៉ុន ថៃ និង​អូស្ត្រាលី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News នៅ​ថ្ងៃ​៥ កក្កដា​។ 
 
​តាម​របាយការណ៍​រប​ស់​អង្គភាព​ជំនាញ​វៀតណាម​ដដែល​នោះ ក្នុង​រយៈពេល​ប្រហែល​ប្រាំ​ខែ​ដើមឆ្នាំ​២០១៨​នេះ វៀតណាម​អាច​រក​ចំណូល​ពី​ការលក់​ផ្លែឈើ និង​បន្លែ​បាន​សរុប​ជិត ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក​ទៅហើយ​។ ក្នុងនោះ​ការនាំចេញ​ផ្លែ​គូលែន និង​ផលិតផល​គូលែន​ផ្សេងទៀត​រកបាន​ចំណូល​រហូតដល់ ២៣៨ លាន​ដុល្លារ​ឯណោះ​។ ក្នុងឆ្នាំនេះ​ដែរ ផ្លែ​គូលែន​វៀតណាម ក៏ត្រូវ​នាំចេញ​ទៅដល់​ទីផ្សារ​ថ្មី​លើកដំបូង​នៅ​ប្រទេស​អឺរ៉ុប​ខាងកើត និង​រុស្ស៊ី​ផងដែរ​។ 
 
​ការផ្គត់ផ្គង់​ផលិត​ផ្លែ​គូលែន​វៀតណាម​កើនឡើង​ទាំង​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​ដោយសារ​ផលិត​នេះ​ត្រូវបាន​ដាំ​ដុះ​ក្រោម​ការត្រួតពិនិត្យ​ដោយ​ស្តង់ដារ​ខ្ពស់ និង​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការនាំចេញ​ទៀតផង​។ ស្ថានភាព​នេះ ក៏បាន​ធ្វើ​ឲ្យ​កសិករ​វៀតណាម ទទួលបាន​ផល និង​ចំណូល​កាន់តែច្រើន​ផងដែរ​។ 
 
​ការដាំដុះ​ដើម​គូ​លេន​ភាគច្រើន​គឺ​នៅ​ខេត្ត​ភាគ​ខាងជើង ក្នុងនោះ​មាន​ខេត្ត Hai Duong ដែល​បច្ចុប្បន្ន​ជា​ខេត្ត​មួយ​ដែល​ផ្តល់​ទិន្នផល​ផ្លែ​គូ​លេន​ច្រើនជាងគេ​។ ខេត្ត​នេះ​មាន​ដី​ចំនួន ១០៥០០ ហិកតា​សម្រាប់​ដាំ​ដុះ​ដើម​គូ​លេន​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ប៉ុន្មាន​ឆ្នាំ​មុននេះ ផលិតផល​កសិក​ផល​វៀតណាម ត្រូវបាន​ព្រមាន និង​ហាមឃាត់​ក្នុងការ​នាំចូល​ទៅកាន់​ទី​ផ្សារ​ពិភពលោក ដ្បិត​មាន​សារធាតុ​គីមី​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ ផលិតផល​កសិកម្ម​វៀតណាម​ចាប់ផ្តើម​មាន​ទីផ្សារ​ឡើងវិញ​ហើយ ជាពិសេស​នោះ ផលិតផល​ស្រូវ​អង្ករ​ក៏​កំពុងតែ​ទទួលបាន​ការបញ្ជាទិញ​ច្រើន​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប្រទេសក្រៅ​តំបន់​ផងដែរ​៕ 

Tag:
 វៀតណាម​
  ផ្លែឈើ
© រក្សាសិទ្ធិដោយ thmeythmey.com