ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របរ​ធ្វើ​រទេះគោ ត្រូវមាន​ការព្យាយាម និង​អត់ធ្មត់​ខ្ពស់​
09, Jul 2018 , 8:43 am        
រូបភាព
​សៀមរាប​៖ រទេះគោ ជា​យានជំនិះ​ដ៏​ពេញនិយម​សម្រាប់​ខ្មែរ ក្នុងការ​ប្រើប្រាស់​ជា​មធ្យោបាយ​ប្រចាំថ្ងៃ​។ តែ​មធ្យោបាយ​ដឹកជញ្ជូន​នេះ ហាក់​ថមថយ​ទៅ​ខ្លះ ដោយសារ​ការលេចឡើង​នូវ​មធ្យោបាយ​ទំនើប ដូចជា​គោយន្ត​ជាដើម​។ បែបនេះ​ក្ដី រទេះគោ​ឈើ​ដែលមាន​ទំហំ​តូចៗ បាន​ក្លាយជា​សម្ភារ​សម្រាប់​តាំង​បង្ហាញ​មួយ​ដ៏​សាមញ្ញ និង​ថ្លៃ​ថ្លូ​រ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស ដែល​ចូលចិត្ត​យក​តាំង​ក្នុងផ្ទះ ភោជនីយដ្ឋាន និង​សណ្ឋាគារ​។​

 
​នៅ​ខេត្តសៀមរាប បើ​គេ​និយាយ​ពី​រទេះគោ ច្បាស់​ណាស់​គេ​នឹង​នឹកគិត​ទៅដល់​អ្នកភូមិ​មួយ ដែលមាន​ជំនាញ​នេះ​តាំងពីដើម​មក​។ អ្នកភូមិ​រហាល ចេះ​សិប្បកម្ម​ឈើ​ច្រើន​មុខ ខ្លះ​ចេះ​ធ្វើ​រទេះគោ ឈើច្រត់ រហាត់ទឹក ទ្រ និង​ស្គរ​ដៃ​ជាដើម​។​
 
​លោក ជួន រឿ​ត វ័យ ៥៧​ឆ្នាំ ចេះ​ធ្វើ​រទេះគោ ជាង​២០​ឆ្នាំ​មកហើយ​។ ជំនាញ​នេះ លោក​បាន​ចេះ​ពី​អ្នកភូមិ​ជាមួយ​។ លោក​ថា នេះ​ជា​របរ​ប្រចាំថ្ងៃ​របស់លោក ក៏ដូចជា​អ្នកភូមិ​រហាល​បន្ទាប់ពី​ធ្វើស្រែ​ចម្ការ​រួច​។ រទេះគោ​ដែល​លោក ជួន រឿ​ត និង​កូនប្រុស​របស់គាត់​ធ្វើ​នៅក្នុង​រោង​មួយ​នៅមុខ​ផ្ទះ ភាគច្រើន​ត្រូវបាន​គេ​បញ្ជា​ទិញ តាម​ទំហំ និង​ប្រភេទ​ឈើ​។ 
 
​លោក​បន្ថែមថា ឈើ​ដែល​ជាង​យកមក​ធ្វើ​រទេះគោ​មាន​ឈើ នាងនួន បេង ធ្នង់ និង​ត្រ​សេក ដែលមាន​ទំហំ​ចាប់ពី​២​តឹក ដល់​មួយ​ម៉ែត្រ ឬ​២​ម៉ែត្រ ឬ​អាច​ធំ​ជាង​នេះ ទៅតាម​អ្នកទិញ​ចង់បាន​។ ក្នុង​មួយខែ​លោក រឿ​ត អាចធ្វើ​រទេះគោ​បាន​ពី​២ ទៅ​៣​គ្រឿង​។ លោក រឿ​ត ចង់ឱ្យ​ក្មេងៗ​ក្នុងភូមិ​ចេះ​របរ​នេះ​បន្ត​ពី​ចាស់ៗ ព្រោះថា វា​ជា​របរ​ប្រចាំ និង​មិនសូវ​ហត់នឿយ​ប៉ុន្មាន​ទេ តែ​ទាមទារ​ឱ្យមាន​ការអត់ធ្មត់​៕
 
​សូម​ស្ដាប់​បទ​សម្ភាស រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ជួន រឿ​ត ដូចតទៅ​៖
 
 
 
 







Tag:
 រទេះគោ​
 ​ អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com