សម្រាប់ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគកាលពីចុងសប្តាហ៍មុន គឺមានការស៊ុតបញ្ចូលទីគ្នាចំនួន២៤គ្រាប់លើការប្រកួត៦គូ។ ក្នុងចំណោមគ្រាប់ទាំងនេះ មានការរួមចំណែកតែ៧គ្រាប់ប៉ុណ្ណោះពីកីឡាករកម្ពុជា។ កីឡាករទាំងនោះរួមមាន កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, ទិត្យ ឌីណា និង ណុប តុលា។ ប៉ុន្តែក្នុងចំណោមសមាសភាពប្រកួតប្រជែងក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេ ភាគច្រើនជាកីឡាករបរទេស។
ក្នុងចំណោមគ្រាប់បាល់ទាំង២៤គ្រាប់ ដែលក្រុមនីមួយៗបានស៊ុតបញ្ចូលគ្នាទៅវិញទៅមក នាការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ កាលពីចុងសប្តាហ៍មុន ភាគច្រើនជាគ្រាប់បាល់របស់កីឡាករបរទេស ដែលរកបានរហូត១៧គ្រាប់។ មានតែកីឡាករកម្ពុជា៤រូបប៉ុណ្ណោះ ដែលបានរួមចំណែកក្នុងគ្រាប់បាល់ទាំងនេះ រួមមានខ្សែប្រយុទ្ធ កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, ទិត្យ ឌីណា និង ណុប តុលា។
ក្នុងនោះខ្សែប្រយុទ្ធ កែវ សុខផេង និងខ្សែបម្រើ ទិត្យ ឌីណា ដែលទើបចូលរួមជាមួយក្រុមចំណូលថ្មីវិសាខា សម្រេចបានម្នាក់ពីរគ្រាប់ក្នុងជ័យជម្នះ ៤-១ របស់វិសាខាលើក្រុមអង្គរថាយហ្គឺរ។ ជ័យជម្នះនេះ ជួយឲ្យវិសាខាបន្តឈរលេខរៀងទី៣មាន២៩ពិន្ទុ។ ចំណែកកីឡាករ ណុប តុលា ដែលទើបរួចពីពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរួមចំណែកពីរគ្រាប់ និងកីឡាករ ប្រាក់ មុន្នីឧត្តម ១គ្រាប់ក្នុងជ័យជម្នះ ៤-០ របស់ព្រះខ័នរាជស្វាយរៀងលើក្រុមអគ្គស្នងការនគរបាលជាតិ។
ទោះបីយ៉ាងនេះក្តី បច្ចុប្បន្នយើងសង្កេតឃើញថា ក្នុងចំណោមសមាសភាពប្រកួតប្រជែងក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេភាគច្រើនជាកីឡាករបរទេស។ ក្នុងនោះខ្សែប្រយុទ្ធនីហ្សេរីយ៉ា Privat របស់អាស៊ីអឺរ៉ុប និងខ្សែប្រយុទ្ធ Bisan George របស់ណាហ្គាវើលរកគ្រាប់១៦គ្រាប់ស្មើគ្នា រីឯ Maycon, Oiboh Julius របស់បឹងកេត និងខ្សែប្រយុទ្ធកូរ៉េខាងជើង Cheo Myong-ho រកបាន១៣គ្រាប់, ១២គ្រាប់ និង១១គ្រាប់ជាបន្តបន្ទាប់។
បីសប្តាហ៍មកនេះមិនមានការប្រែប្រួលលេខរៀងពីលេខ១ទៅលេខ៤នោះទេ ខណៈសូលទីឡូអង្គររំកិលបាន១កម្រិត
ក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ កៅអីក្នុងតំបន់ Top 4 នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ គ្មានការផ្លាស់ប្តូរសមាសភាពថ្មីនោះទេ ដោយបឹងកេតបន្តឈរកំពូលតារាង, ណាហ្គាវើល, វិសាខា និងក្រសួងការពារជាតិឈរលេខរៀងជាបន្តបន្ទាប់។ ការឈរកំពូលតារាងរបស់បឹងកេត បន្ទាប់ពីក្រុមនេះ យកឈ្នះវេស្ទើនភ្នំពេញ ៥-១ នាការប្រកួតសប្តាហ៍ទី១៣កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។ ហើយជ័យជម្នះនេះ ជួយឲ្យបឹងកេតអាចរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ទៀតផង។ ក្នុងចំណោម១៣ប្រកួតកន្លងមក បឹងកេតឈ្នះ១០ និងស្មើ៣។
គ្រាប់បាល់ជ័យជម្នះរបស់បឹងកេត រួមចំណែកម្នាក់ពីរគ្រាប់ពីខ្សែប្រយុទ្ធនីហ្សេរីយ៉ា Oiboh Julius និងខ្សែប្រយុទ្ធប្រេស៊ីល Silva Calijuri Maycon និងមួយគ្រាប់ពី Esoh Paul Omogba ខណៈ១គ្រាប់របស់វេស្ទើនភ្នំពេញ រកបានដោយកីឡាករ Faisal Rizal Samberbori នៅនាទីបន្ថែមតង់ទី២។
នាការប្រកួតនៅកីឡដ្ឋានស្តាតចាស់ កាលពីថ្ងៃសៅរ៍នោះដែរ ក្រុមណាហ្គាវើលបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ២-០ ដើម្បីបន្តក្តោមក្តាប់លេខរៀងទី២ ដោយមាន៣១ពិន្ទុ។ ការរួមចំណែកម្នាក់១គ្រាប់ពីខ្សែប្រយុទ្ធ Bisan George និង Matthew Osa ជួយឲ្យណាហ្គាវើលរក្សាគម្លាតតែ២ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាងបឹងកេត។
នៅកីឡដ្ឋានខេត្តស្វាយរៀងឯណេះវិញ ក្រុមព្រះខ័នរាជស្វាយរៀង បានប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ យកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ ៤-០ ទាំងកីឡាកររបស់ខ្លួនមួយចំនួនកំពុងជាប់ពិន័យ។ កីឡាករ ណុប តុលា ដែលទើបរួចពីពិន័យកាលពីពេលថ្មីៗ សម្រេចបានពីរគ្រាប់ម្នាក់ឯងនៅនាទី៤៧ និង៧៥ ខណៈខ្សែបម្រើឆ្នើម ប្រាក់ មុន្នីឧត្តម ដែលទើបបង្ហាញខ្លួនបានពីរលើក សម្រេចបាន១គ្រាប់នៅនាទី៨៥ និងមួយគ្រាប់រកបានដោយកីឡាករ Harley Willard។
នាការប្រកួតនៅកីឡដ្ឋានស្តាតចាស់កាលពីថ្ងៃអាទិត្យ ទី៨ ខែកក្កដា វិសាខាបានបង្ហាញភាពខ្លាំងរបស់ខ្លួន តាមរយៈការយកឈ្នះក្រុមអង្គរថាយហ្គឺរក្នុងលទ្ធផល ៤-១ ដើម្បីបន្តឈរលេខរៀងទី៣ដោយមាន២៩ពិន្ទុ។ ខ្សែបម្រើ ទិត្យ ឌីណា ដែលទើបចូលរួមជាមួយវិសាខា ក្រោយចាកចេញពីអគ្គស្នងការនគរបាលជាតិ បានបង្ហាញភាពលេខធ្លោ តាមរយៈសម្រេចបានពីរគ្រាប់ឲ្យវិខាសា នៅនាទីទី៤ និង៤៤។
ខ្សែប្រយុទ្ធ កែវ សុខផេង មិនចាញ់កីឡាករ ទិត្យ ឌីណា នោះទេ ដោយរូបគេសម្រេចបានពីរគ្រាប់ផងដែរ សម្រាប់ការបង្ហាញខ្លួនលើកទី២ជាមួយវិសាខា។ គ្រាប់បាល់របស់ សុខផេង កើតឡើងនៅនាទី២៩ និង៨២។ នាការបង្ហាញខ្លួនលើកដំបូងក្នុងជំនួបជាមួយអគ្គិសនីកម្ពុជា អតីតខ្សែប្រយុទ្ធភ្នំពេញក្រោនរូបនេះ សម្រេចបាន១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៤-០ របស់វិខាសា។
នាការប្រកួតនៅកីឡដ្ឋាន R.S.N នៅថ្ងៃអាទិត្យ នោះដែរ ក្រុមភ្ញៀវក្រសួងការពារជាតិបានផ្តល់ការខកចិត្តដល់ម្ចាស់ផ្ទះភ្នំពេញក្រោនជាមួយលទ្ធផល ៥-១។ ជ័យជម្នះនេះ ជួយឲ្យក្រសួងការពារជាតិបន្តគ្រប់គ្រងលេខរៀងទី៤ ដោយមាន២៧ពិន្ទុ។ ហើយ ក៏ជួយឲ្យក្រសួងការជាតិសងសឹងភ្នំពេញក្រោន ដែលខ្លួនបានចាញ់ ២-០ ក្នុងជើងទី១ផងដែរ។ ជ័យជម្នះនេះ សម្រេចបានម្នាក់ពីរគ្រាប់ពី Yudai Ogawa និង Na Hyosung និង Yoo Jae ho ខណៈ១គ្រាប់ម្ចាស់ផ្ទះរកបានដោយ Valci Junior។
សម្រាប់ការប្រកួតនៅកីឡដ្ឋានអាស៊ីអឺរ៉ុប ក្រុមភ្ញៀវសូលទីឡូអង្គរបានយកឈ្នះម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ក្នុងលទ្ធផល ១-០។ ១គ្រាប់របស់ Debiro Dzarma Bata នៅនាទីទី៤៣ មិនត្រឹមតែជួយឲ្យក្រុមចំណូលថ្មីមួយនេះ អាចរំកិលចំណាត់ថ្នាក់ពីលេខ១០ទៅលេខរៀងទី៩ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្រុមនេះអាចសងសឹកអាស៊ីអឺរ៉ុប ដែលខ្លួនបានចាញ់ ២-១ ក្នុងជើងទី១ទៀតផង៕