ជាតិ
នយោបាយជាតិ
EU ថា ការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធអាចជាវិធានការចុងក្រោយ រូបពីហ្វេសប៊ុកគណៈកម្មការEU៖ លោកស្រី Cecilla Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុប
× ភ្នំពេញ៖ កម្ពុជា នៅតែជាមុខសញ្ញារបស់សហភាពអឺរ៉ុប ដែលរងការព្រមានដកចេញពីប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arm)។ នោះក៏ព្រោះតែកែវភ្នែកសហភាពអឺរ៉ុប មើលឃើញថា កម្ពុជាកំពុងអនុវត្តផ្ទុយពីលក្ខន្តិករបស់ពួកគេ។ សហភាពអឺរ៉ុប ព្រមានជាថ្មីថា ការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធ គឺជាវិធានការចុងក្រោយ បើសិនជាស្ថានការណ៍ចុងក្រោយកម្ពុជា ត្រូវបានវាយតម្លៃឃើញអាក្រក់ខ្លាំង។
ប្រតិភូអឺរ៉ុប បានចំណាយពេលមួយសប្ដាហ៍នៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ក្នុងការប្រមូលព័ត៌មានជុំវិញការវិវត្តស្ថានការណ៍ចុងក្រោយនៅកម្ពុជា។ ប្រធានបទដែលប្រតិភូអឺរ៉ុប លើកយកពិភាក្សាជាមួយភាគីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកជំនួញនៅកម្ពុជានោះ គឺផ្ដោតសំខាន់លើព័ត៌មានទាក់ទងនឹងបញ្ហាធ្លាក់ចុះនយោបាយ សិទ្ធិមនុស្ស ទំនាស់ដីធ្លី ប្រព័ន្ធយុត្តិធម៌ ផលប្រយោជន៍ក្នុងការងាររបស់កម្មករ និងការគំរាមកំហែងលើក្រុមប្រឆាំង និងសង្គមស៊ីវិលជាដើម។
វាមិនទាន់មានការវិភាគ ឬវាយតម្លៃណាមួយ ចេញពីមាត់ប្រតិភូអឺរ៉ុប ជុំវិញស្ថានការណ៍កម្ពុជានៅឡើយទេ ។ ប្រតិភូអឺរ៉ុប នឹងយកព័ត៌មានពីភាគីពាក់ព័ន្ធទាំងនោះ ទៅពិនិត្យមើលឲ្យដិតដល់សិនថា តើកម្ពុជាកំពុងបំពេញការប្ដេជ្ញាចិត្តរបស់ខ្លួន បានត្រឹមត្រូវដែរឬទេ?
ដ្បិតស្ថានការណ៍វិវត្តចុងក្រោយរបស់កម្ពុជា ស្ថិតនៅក្នុងការវាយតម្លៃក្តី ប៉ុន្តែប្រតិភូអឺរ៉ុប ក៏បានព្រលយសម្ដីព្រមានកម្ពុជាថា ការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធ គឺជាវិធានការចុងក្រោយ បើសិនជាស្ថានការណ៍កម្ពុជា មានភាពអាក្រក់ខ្លាំង។
លោកស្រី Cecilla Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១២ កក្កដា ក្រោយពីប្រមូលព័ត៌មានពីភាគីពាក់ព័ន្ធនៅកម្ពុជា ដូច្នេះថា៖«បន្ទាប់ពីបេសកកម្មស្វែងរកការពិតនេះ ឥឡូវនេះយើងនឹងវិភាគអង្គហេតុពិស្ដារ ដើម្បីពិចារណាមើលលើជំហានបន្ទាប់ទៀត។ ការដកកម្ពុជាចេញពីគម្រោងពាណិជ្ជកម្ម គឺជាវិធានការចុងក្រោយ ដែលអាចកើតឡើង បើសិនជាការខិតខំប្រឹងប្រែងរបស់ពួកយើង(សហភាពអឺរ៉ុប) ត្រូវបានបរាជ័យក្នុងការដោះស្រាយបញ្ហាទាំងនេះ នៅក្នុងប្រទេសកម្ពុជា»។
ក្រុមប្រតិភូអឺរ៉ុប បានមកពិភាក្សាជាមួយមន្ត្រីចំនួន៧រូប នៅក្នុងជួររដ្ឋាភិបាល ខាងអង្គការ ILO តំណាង UN នៅកម្ពុជា តំណាងពាណិជ្ជកម្ម សង្គមស៊ីវិល និងអ្នកជំនួញ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី១១ កក្កដា នាពេលថ្មីនេះ។ ដំណើរការប្រមូលព័ត៌មានពីស្ថានការណ៍ចុងក្រោយនៅកម្ពុជានេះ ធ្វើឡើងស្របពេលកម្ពុជា បានបញ្ជូនបេសកជនពិសេស ទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
បេសកកម្មពិសេសដែលទទួលភារកិច្ចបញ្ចុះបញ្ចូលនិងទប់ស្កាត់វិធានការសហភាពអឺរ៉ុបនេះ គឺដឹកនាំដោយលោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ដែលត្រូវប្រើពេលដោះស្រាយ ចាប់ពីថ្ងៃទី១៨មិថុនា ដល់ខែ១ វិច្ឆិកាខាងមុខ ។ខ្លឹមសារដែលកម្ពុជា គ្រោងយកទៅពិភាក្សាជាមួយភាគីសហភាពអឺរ៉ុប មានចំនួន១០ចំណុចជាអាទិភាព សម្រាប់ការបកស្រាយ និងបន្ទន់ចិត្តសហភាពអឺរ៉ុប ឲ្យងាកមកដោះស្រាយជាមួយកម្ពុជាដោយការយោគយល់វិញ។
គួរបញ្ជាក់ថា កម្ពុជានាំចេញផលិតផលសរុបទៅទីផ្សារ EU ក្នុងឆ្នាំ២០១៧ មានទំហំជាង៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍គណកម្មការពាណិជ្ជកម្មអឺរ៉ុប ។ ចំណែកការនាំចេញនៅឆ្នាំ២០១៦វិញ មានទឹកប្រាក់ចំនួន ៦២៥៩ លានដុល្លារអាមេរិក។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ថា បើគ្មានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារអាមេរិក សម្រាប់ទំនិញសរុបទាំងនោះ។ ទំនិញដែលកម្ពុជានាំទៅទីផ្សារមួយនេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយាន ជាដើម៕
Tag:
EU
ពាណិជ្ជកម្ម
អនុគ្រោះពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com