ជាតិ
សេដ្ឋកិច្ច
​រយៈពេល​៥​ឆ្នាំ កម្ពុជា​បាន​ចំណូល​ជាង ១.៥ ម៉ឺន​លាន​ដុល្លារ ពី​វិស័យ​ទេសចរណ៍​
13, Jul 2018 , 4:27 pm        
រូបភាព
៥​ឆ្នាំ​ចុងក្រោយ ពោល​ពី​ឆ្នាំ​២០១៣-២០១៧  កម្ពុជា​ទទួលបាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​សរុប ១៥១៤៥ លាន​ដុល្លារ សម្រាប់​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។



AKP បាន​ស្រង់​របាយការណ៍​សង្ខេប​ស្តីពី​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល បានបង្ហាញ​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ឆ្នាំ ដែល​កម្ពុជា​ទទួល​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍ មាន​ឆ្នាំ​២០១៣ កម្ពុជា​ទទួល​ចំណូល​បាន ២៥៤៧​លាន​ដុល្លារ​, ឆ្នាំ​២០១៤ ទទួល​ចំណូល​បាន ២៧៣៦​លាន​ដុល្លារ​, ឆ្នាំ​២០១៥ ទទួល​ចំណូល​បាន ៣០១២​លាន​ដុល្លារ​, ឆ្នាំ​២០១៦ ទទួល​ចំណូល​បាន ៣២១២​លាន​ដុល្លារ និង​ឆ្នាំ​២០១៧ ទទួល​ចំណូល​បាន ៣៦៣៨​លាន​ដុល្លារ​។

​គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុ​ជាមាន​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ចុះបញ្ជី​ជា​ផ្លូវ​ការប្រមាណ ៣៩៤ កន្លែង រួមមាន​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ ១១៤​កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​-​ធម្មជាតិ ២១​កន្លែង រមណីយដ្ឋាន​កែច្នៃ​៣៣​កន្លែង រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​-​ធម្មជាតិ ២៧​កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ១៩៦​កន្លែង​។

​តាមរយៈ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងនេះ បាន​ជំរុញ​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​សណ្ឋាគារ​ចំនួន​៧៨១ ហើយ​ផ្ទះសំណាក់​ចំនួន​២២០០​។ ទីភ្នាក់ងារ​ទេសចរណ៍​មាន​ជាង ៦០០​កន្លែង ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ ៣៨​ក្រុមហ៊ុន និង​មគ្គុទ្ទេសក៍​ទេសចរ​ជាង ៥២០០​នាក់ ដែលជា​មគ្គុទ្ទេសក៍​ទេសចរ​ភាសា​ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី រុស្ស៊ី អេ​ស្ប៉ា​ញ ថៃ និង​វៀតណាម​។​

​ជា​រូ​ម​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពិតជា​ចំណែក​សំខាន់​ក្នុងការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ​។ លើសពីនេះ​វិស័យ​ទេសចរណ៍ ក៏​ជា​ប្រភព​ចំណូល​ជាតិ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ឲ្យ​រីកចម្រើន​បន្ថែមទៀត​។​

​ដោយឡែក ៤​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជាង ២​លាន​នាក់ ដោយ​កើនឡើង​ជិត​១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៦​លាន​នាក់​នៅ​បំណាច់​ឆ្នាំ​២០១៨,  ប្រមាណ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ដែល​អាច​នាំមក​នូវ​ចំណូល​ប្រមាណ ៥០០០​លាន​ដុល្លារ ថែមទាំង​អាចបង្កើត​ការងារ​បាន​ប្រមាណ​១​លាន​នាក់​៕


Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com