ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​តំណាងរាស្ត្រ​CNRP ពីររូប ប្ដឹងទៅ​កំពូល​លើ​ករណី​វាយដំ​ខ្លួន ក្បែរ​រដ្ឋសភា ជាង​២​ឆ្នាំមុន​
13, Jul 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា បានដាក់​ពាក្យបណ្ដឹង​សារទុក្ខ​បន្តទៅ​តុលាការ​កំពូល ឲ្យ​ពិនិត្យ​លើ​ការសម្រេច​របស់​តុលាការ​ជាន់​ទាប​ឡើងវិញ លើ​ករណី​ក្រុម​អង្គរក្ស​វាយដំ​ខ្លួន នៅក្បែរ​រដ្ឋសភា កាលពី​ចុងឆ្នាំ​២០១៥​។



​លោក ញ៉យ ចំរើន និង​លោក គង់ សភា នៅតែ​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​ហិង្សា​លើ​ខ្លួន កាលពី​ជាង​២​ឆ្នាំមុន ។ មិន​ពេញចិត្ត ដោយសារតែ​ការសម្រេច​របស់​តុលាការ​ជាន់​ទាប ផ្ទុយ​ពី​ការទាមទារ​របស់លោក ញ៉យ ចំរើន និង​លោក គង់ សភា ។ នេះ​ជាការ​បញ្ជាក់​របស់លោក សំ សុខ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​តំណាងរាស្ត្រ​ទាំងពីរ ដែល​បានដាក់​ពាក្យ​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ឲ្យ​ពិនិត្យ​លើ​ករណីនេះ​ឡើងវិញ​។​

​បើតាម​លោក សំ សុខ​គង់ អ្វីដែល​កូនក្តី​លោក​ចង់បាន​នោះ គឺ​ទាមទារ​ឲ្យ​តុលាការ​ដាក់ទោស​ធ្ងន់ធ្ងរ និង​ផ្ដល់​សំណង​បន្ថែម​ដល់​ពួកគេ ខណៈ​ពួកគេ​កំពុង​បន្ត​ចំណាយ​ថ្លៃ​ព្យាបាល​ខ្លួន​ច្រើន ជាង​ថ្លៃ​សំណង​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​កន្លងមក​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សំ សុខ​គង់ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​ទាមទារ​ឲ្យ​ជនល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ ។ ព្រោះ​ពាក្យ​ប្ដឹង​គាត់​ប្ដឹង​កន្លងមក គឺ​បទ​ប៉ុនប៉ង​មនុស្សឃាត មិន​បទ​ហិង្សា​ដោយ​ចេតនា​ទេ ប៉ុន្តែ​តុលាការ​កាត់ទោស​ជនល្មើស​ពីបទ​ហិង្សា​ទៅវិញ ដូច្នេះ​ខុសពី​ពាក្យបណ្ដឹង​របស់គាត់​។ ហើយ​ការខូចខាត​របស់​ពួកគាត់​កន្លងមក គាត់​ស្នើសុំ​ឲ្យ​សង​ទៅតាម​ចំណាយ​ជាក់ស្ដែង ដែល​បានដាក់​ភ្ជាប់​ជាមួយ​វិ​ក័យ​ប​ត្រ​ព្យាបាល​ផ្សេងៗ​ទៅ​តុលាការ ប៉ុន្តែ​ការសម្រេច​របស់​តុលាការ​គឺ​វា​ទាប​មែនទែន មិន​ស្មើនឹង​ការចំណាយ​របស់​ពួកគាត់​ម្នាក់ៗ​ផង​។ ហើយ​មកដល់ពេលនេះ ពួកគាត់​ចំណាយ​អស់​៥​ទៅ​៦​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​មិន​គិតពី​តម្លៃ​ចំណាយ​តូចតាច​»​។​

​ការបន្ត​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​ត​ម្ក​ល់ សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​។ លោក សំ សុខ​គង់ រំពឹងថា តុលាការ​កំពូល នឹង​ពិនិត្យ​លើ​អង្គហេតុ​កូនក្តី​ខ្លួន ដោយ​ផ្ដល់​យុត្តិធម៌​សម្រាប់​ពួកគេ​។​
 
​សូម​រម្លឹកថា លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវបាន​ជនដៃដល់​មួយក្រុម ដែល​គេ​ស្គាល់​ថា ជា​ក្រុម​កង​អង្គរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី បាន​វាយដំ​លើ​អតីត​តំណាងរាស្ត្រ​ទាំងពីរ​នេះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ។ ក្រោយ​អំពើហិង្សា​នេះ កើតឡើង​បាន​មួយ​សប្ដាហ៍ ពោលគឺ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក៏មាន​ជនដៃដល់​បីនាក់ ចូល​បង្ហាញខ្លួន​ចំពោះមុខ​សមត្ថកិច្ច បន្ទាប់ពី​មាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ពីស​ម្ដេច ហ៊ុន សែន​។

​ជនល្មើស​ទាំង​៣​នាក់​នោះ រួមមាន​ឈ្មោះ ម៉ៅ ហឿន ឈ្មោះ ចាយ សារិទ្ធ និង​ឈ្មោះ សុ​ត វណ្ណ​នី ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ចំនួន ៤​ឆ្នាំ ក្រោម​បទ​ចោទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» តែ​ទោស​នេះ​ត្រូវអនុវត្ត​តែ ១​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ទោស ៣​ឆ្នាំ​ទៀត​ត្រូវបាន​ព្យួរ​។ ក្រៅពីនេះ​ជនល្មើស​ទាំង​៣​នេះ ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​សង​សំណង់​៨០​លាន​រៀល ដល់​ជនរងគ្រោះ​ម្នាក់ៗ និង​៦​លាន​រៀល​បង់​ចូល​រដ្ឋ​។

​ក្រោយពី​អនុវត្ត​ទោស​រួច ជនដៃដល់​ទាំងនេះ ត្រូវបាន​ឡើង​ឋានៈ ក្នុង​ការងារ​អង្គរក្ស​របស់​ពួកគេ ដោយមាន​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ​យ៉ាងខ្លាំង​។ តែ​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ធ្លាប់បាន​ថ្លែង​ការពារ​ថា ការដំឡើង​ឋានន្តរសក្តិ​នេះ គឺ​ធ្វើតាម​ច្បាប់ និង​លក្ខន្តិកៈ​ការងារ មិន​តាម​លក្ខណ​បុគ្គល​ឡើយ​៕

អត្ថបទទាក់ទង



Tag:
 ញ៉យ ចំរើន​
  គង់ សភា
  ជូ​ង ជូ​ងី​
© រក្សាសិទ្ធិដោយ thmeythmey.com