កីឡាជាតិ
ជាតិ
ម៉ាឡេស៊ី​ឈ្នះ​ពាន AFF U19 ជា​លើកដំបូង​បំផុត​
15, Jul 2018 , 9:43 am        
រូបភាព
U19 ម៉ាឡេស៊ីឈ្នះជើងឯក AFF U19 ជាលើកដំបូង។ រូបថត AFP
U19 ម៉ាឡេស៊ីឈ្នះជើងឯក AFF U19 ជាលើកដំបូង។ រូបថត AFP
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ម៉ាឡេស៊ី ឈ្នះ​មី​យ៉ាន់​ម៉ា ៤-៣ ដើម្បី​ទទួលបាន​តំណែង​ជើងឯក​ពានរង្វាន់ AFF U19 ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ជំនួប​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៤ ខែកក្កដា នៅ​កីឡដ្ឋាន Gelora Delta ក្រុង Sidoarjo ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី​ម្ចាស់ផ្ទះ ឈ្នះ​ថៃ ២-១ សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​៣ ។​

 
Awang Muhammad Faiz បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ក្រោយ​ការប្រកួត​បាន​៣​នាទី ហើយ Nik Akif បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​១៨ សម្រាប់​ម៉ាឡេស៊ី​។ ប៉ុន្តែ​ក្នុងអំឡុងពេល​តែ​៨​នាទី​ប៉ុណ្ណោះ មី​យ៉ាន់​ម៉ា វាយបក​បាន​៣​គ្រាប់​វិញ​ជា​បន្តបន្ទាប់ ដោយ Win Naing Tun រកបាន​២​គ្រាប់​នៅ​នាទី ២៣ និង​២៦ ហើយ Myat Kaung Khant សម្រេចបាន​នៅ​នាទី​៣១ ។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ម៉ាឡេស៊ី បាន​ប្រឹងប្រែង​វាយបក​វិញ នៅ​តង់​ទី​ពីរ ដោយ Shivan Pillay Asokan តាម​ស្មើ​នៅ​នាទី​៩៦ ហើយ​ឈានដល់​នាទី​៩០+៣ Akif ជា​អ្នក​សម្រេចបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ក្រុម​។​
 
​នេះ​ជាការ​ឈ្នះ​ជើងឯក​លើកដំបូង​រប​ស់​ម៉ាឡេស៊ី បន្ទាប់ពី​ពួកគេ​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៥ ដោយ​កាលពី​ឆ្នាំមុន ពួកគេ​បាន​ចាញ់​ថៃ ២-០ ។ វា​ជាការ​សងសឹក​ផងដែរ​សម្រាប់​ម៉ាឡេស៊ី ដោយ​ពួកគេ​ធ្លាប់​បាត់បង់​ឱកាស​ឈ្នះ​ពាន​ដល់​ទៅ​ពីរលើក​ដោយសារ​មី​យ៉ាន់​ម៉ា ក្នុង​ឆ្នាំ​២០០៣ និង​២០០៥ ។​
 
​សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ Feby Eka Putra និង Syahrian Abimanyu រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ឥណ្ឌូណេស៊ី ខណៈ Matee Sarakum ជា​អ្នក​តាម​ពីក្រោយ​បង្គ្រប់កិច្ច​ឲ្យ​ជើងឯក​ឆ្នាំ​ចាស់​ថៃ​។​
 
​ក្នុង​ព្រឹត្តិការណ៍​នេះ U19 កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល B ក្រោយ​ឈ្នះ​ព្រុយ​ណេ ៥-០, ឈ្នះ​ទី​ម័​រ​ខាងកើត ២-១ តែ​ចាញ់​ម៉ាឡេស៊ី ២-០ និង​ចាញ់​មី​យ៉ាន់​ម៉ា ៤-១​។​
 
​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០២​មក ថៃ​ឈ្នះ​ជើងឯក​៥​លើក អូស្ត្រាលី​៤​លើក មី​យ៉ាន់​ម៉ា​២​លើក ខណៈ​ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ក្រុម​ដែល​ឈ្នះ​បាន​១​លើក​ស្មើ​វៀតណាម ឥណ្ឌូណេស៊ី អ៊ីរ៉ង់ និង​ជប៉ុន​។ ដោយ​មិន​គិតពី​ក្រុម​ភ្ញៀវ [​ក្រៅ​តំបន់​អាស៊ាន​] ឡាវ​ធ្លាប់បាន​លេខ​បី ចំនួន​៣​លើក ទី​ម័​រ​ខាងកើត និង​សិង្ហ​បុរី បាន​លេខ​បី ១​លើក​៕
 

Tag:
 AFF U19
© រក្សាសិទ្ធិដោយ thmeythmey.com