កីឡាជាតិ
ជាតិ
វឌ្ឍនាកា, សុខផេង, មុន្នីឧត្តម សុទ្ធតែបានរួមចំណែកក្នុងជ័យជម្នះជាមួយក្រុម
× បឹងកេតបានបន្តឈរកំពូលតារាង និងរក្សាកំណត់ត្រាមិនស្គាល់ចាញ់នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ក្រោយយកឈ្នះអគ្គស្នងការនគរបាលជាតិ ១-០។ វិសាខាឡើងទៅឈរលេខទី២ ក្រោយយកឈ្នះភ្នំពេញក្រោន ៣-១ ខណៈណាហ្គាវើលធ្លាក់ទៅឈរលេខរៀងទី២ក្រោយស្មើ ១-១ ជាមួយអង្គរថាយហ្គឺរ។ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា, កែវ សុខផេង និងប្រាក់ មុន្នីឧត្តម សុទ្ធបានរួមចំណែកក្នុងជ័យជម្នះជាមួយក្រុម សម្រាប់ការប្រកួតកាលពីចុងសប្តាហ៍។
ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនា, កែវ សុខផេង និងខ្សែបម្រើ ប្រាក់ មុន្នីឧត្តម ដែលទើបចូលរួមជាមួយក្លិបក្នុងក្របខណ្ឌខេមបូឌានលីគនៅជើងទី២ សុទ្ធតែបានរួមចំណែកជាមួយជ័យជម្នះរបស់ក្រុម សម្រាប់ជំនួបសប្តាហ៍ទី១៤កាលចុងសប្តាហ៍កន្លងមកនេះ។ ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍ទី១៤ ខែកក្កដា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានតែតបាល់បញ្ចូលទីនាំមុខ ១-០ សម្រាប់បឹងកេតនៅនាទី៧២។ ហើយមួយគ្រាប់នេះ ក៏ជាគ្រាប់បាល់ជ័យជម្នះ ១-០ លើក្រុមអគ្គស្នងការនគរបាលជាតិផងដែរ។
មួយគ្រាប់របស់ វឌ្ឍនាកា មិនត្រឹមតែជួយឲ្យបឹងកេតបន្តឈរកំពូលតារាងជាមួយ៣៦ពិន្ទុប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្រុមនេះអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់ទៀតផង។ សម្រាប់១៤ប្រកួតកន្លងមកនេះ បឹងកេតឈ្នះ១១ និងស្មើ៣ប្រកួត។ ចំណែកក្រុមអគ្គស្នងការនគរបាលជាតិ ដែលឈរលេខរៀងទី៦បានធ្លាក់ទៅឈរលេខរៀងទី៧ ដោយរក្សា២០ពិន្ទុដដែល។
សម្រាប់ការប្រកួតនៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-២។ ក្នុងនោះកីឡាករ ប្រាក់ មុន្នីឧត្តម ជាអ្នកសម្រេចគ្រាប់បាល់ទី៤សម្រាប់ក្រុមភ្ញៀវនៅនាទី៧៤ បន្ទាប់ពីកីឡាករ ណុប តុលា សម្រេចបានពីរគ្រាប់នៅនាទីទី៩ និង៧១ និងកីឡាករ Sergio Barboza រកបាន១គ្រាប់នៅនាទីទី៣៦។ ចំណែកគ្រាប់បាល់ទាំងពីរគ្រាប់របស់អគ្គិសនីសម្រេចដោយកីឡាករ ម៉ាត់ នូរុណ តាមរយៈការទាត់បាល់ពិន័យ១គ្រាប់នៅនាទីទី៦៤ មុនបន្ថែម១គ្រាប់ទៀតនៅនាទី៦៨។
ជ័យជម្នះនេះ ជួយព្រះខ័នរាជស្វាយរៀង ដែលស្ថិតនៅលេខរៀងទី៨កាលពីសប្តាហ៍មុនឡើងទៅឈរលេខរៀងទី៦មាន២០ពិន្ទុក្នុងដៃ។ ចំណែកក្រុមអគ្គិសនីកម្ពុជាបន្តឈរលេខរៀងទី១១ ក្នុងតំបន់គ្រោះថ្នាក់មាន៥ពិន្ទុ។
ការប្រកួតនៅកីឡដ្ឋាន RSN កាលពីថ្ងៃអាទិត្យ នោះដែរ ក្រុមភ្ញៀវវិសាខា បានផ្តល់ការខកចិត្តដល់ម្ចាស់ផ្ទះភ្នំពេញក្រោនជាមួយលទ្ធផល ៣-១។ កីឡាករ កែវ សុខផេង អតីតខ្សែប្រយុទ្ធក្លិបភ្នំពេញក្រោន ដែលចាកចេញកាលពីឆ្នាំ២០១៧ ជាអ្នកសម្រេចគ្រាប់បាល់ទី៣ សម្រាប់វិសាខានៅនាទី៨៨ ក្រោយខ្សែប្រយុទ្ធ Cheo Myong-ho និងកីឡាករ ទិត្យ ឌីណា សម្រេចបានម្នាក់១គ្រាប់នៅនាទី២៥ និង៦៤។ ជ័យជម្នះនេះ ជួយឲ្យវិសាខាឡើងទៅឈរលេខរៀងទី២មាន៣២ពិន្ទុស្មើណាហ្គាវើល ក្រោយឈ្នះ Head to Head។ ចំណែកភ្នំពេញក្រោនបន្តឈរលេខរៀងទី៥ជាមួយ២១ពិន្ទុ។
ក្រោយគ្រប់គ្រងលេខរៀងទី២ក្នុងតារាងបាន៣សប្តាហ៍ ណាហ្គាវើលបានធ្លាក់ទៅឈរលេខរៀងទី៣មាន៣២ពិន្ទុក្នុងដៃ ក្រោយពួកគេស្មើ ១-១ ជាមួយក្រុមអង្គរថាយហ្គឺរ នាការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបកាលពីថ្ងៃអាទិត្យ។ ចំណែកអង្គរថាយហ្គឺរបន្តឈរលេខរៀងទី១០ជាមួយ១២ពិន្ទុ។ កីឡាករ Matthew Osa សម្រេចគ្រាប់បាល់សម្រាប់ណាហ្គាវើល និងកីឡាករ Sugiyama Joichiro រកគ្រាប់បាលសម្រាប់អង្គរថាយហ្គឺរ។
ដោយឡែក ក្រុមក្រសួងការពារជាតិបានបន្តឈរលេខរៀងទី៤មាន៣០ពិន្ទុ ក្រោយពួកគេយកឈ្នះអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៣-១ នាជំនួបនៅកីឡដ្ឋានស្តាតចាស់ កាលពីថ្ងៃសៅរ៍ទី១៤ ខែកក្កដា ឆ្នាំ២០១៨។ ចំណែក អាស៊ីអឺរ៉ុបធ្លាក់ទៅឈរលេខ៨ ដោយរក្សា១៨ពិន្ទុ។ គ្រាប់បាល់របស់ក្រសួងការពារជាតិរួមចំណែកពីម្នាក់១គ្រាប់ពីកីឡាករ Yoo Jae Ho, Yudai Ogawa និងកីឡាករ កាន់ ពិសាល ខណៈ១គ្រាប់របស់អាស៊ីអឺរ៉ុបរកបានដោយកីឡាករ Befolo Mbarga។
ក្រុមចំណូលថ្មីសូលទីឡូអង្គរ ដែលមិនទាន់ចេញឆ្ងាយពីតំបន់គ្រោះថ្នាក់ បានយកឈ្នះក្រុមវេស្ទើនភ្នំពេញក្នុងលទ្ធផល ៣-០ នាការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ទី១៤ កក្កដា ដើម្បីពង្រឹងទីតាំងលេខ១០ជាមួយ១២ពិន្ទុ។ ចំណែកវេស្ទើនបានឈរបាតតារាងគ្មានពិន្ទុរាប់។ ៣គ្រាប់របស់សូលទីឡូអង្គររកបានពីរគ្រាប់ដោយកីឡាករ Debiro Dzarma Bata និង១គ្រាប់ដោយកីឡាករ កែវ សុផល៕
Tag:
Cambodian League 2018
ចាន់ វឌ្ឍនាកា
ប្រាក់ មុន្នីឧត្តម
កែវ សុខផេង
© រក្សាសិទ្ធិដោយ thmeythmey.com