កីឡាអន្តរជាតិ
អន្តរជាតិ
លោក Deschamps បុគ្គល​ទី​៣​ដែល​ឈ្នះ World Cup ទាំង​ក្នុងនាម​គ្រូបង្វឹក និង​កីឡាករ​
16, Jul 2018 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
លោក Deschamps  បុគ្គល​ទី​៣​ដែល​ឈ្នះ World Cup ទាំង​ក្នុងនាម​គ្រូបង្វឹក និង​កីឡាករ​​កាលពី​ឆ្នាំ​១៩៩៨ លោក Didier Deschamps ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង ដែល​បានឈ្នះ​ពាន World Cup ជា​លើកដំបូង​បំផុត​។ ២០​ឆ្នាំ​ក្រោយមក លោក​បានឈ្នះ​ម្តងទៀត ក្នុងនាម​លោក​ជា​គ្រូបង្វឹក​របស់​ក្រុម​មាន់គក​។ ជោគជ័យ​ដ៏​ធំធេង​នេះ នាំ​ឲ្យ​លោក Deschamps ក្លាយជា​បុគ្គល​ទី​៣​ដែល​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ក្នុង​ពិភពលោក​។​



អត្ថបទទាក់ទង


​នៅក្នុង​កំណត់ត្រា លោក Mario Zagallo បច្ចុប្បន្ន​អាយុ​៨៦​ឆ្នាំ ជា​បុគ្គល​ដំបូង​ដែល​បានឈ្នះ​ពាន World Cup ជាមួយ​ប្រេ​ស៊ី​ល ក្នុងនាម​ជា​កីឡាករ​នៅ​ឆ្នាំ​១៩៥៨ និង​ឆ្នាំ​១៩៦២​។ ៨​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំ​១៩៧០ លោក​បាន​លើក​ពាន World Cup ជា​លើក​ទី​បី ក្នុងនាម​លោក​ជា​គ្រូបង្វឹក​របស់​ប្រេ​ស៊ី​ល​។​


លោក Mario Zagallo វីរបុរសប្រេស៊ីល។ រូបថត AFP

​បន្ទាប់មក លោក Franz Beckenbauer បាន​ក្លាយជា​បុគ្គល​ទី​ពីរ​ដែល​ឈ្នះ​ពាន World Cup ទាំង​ក្នុងតួនាទី​ជា​កីឡាករ និង​គ្រូបង្វឹក​។ នៅ​ឆ្នាំ​១៩៧៤ លោក​ជា​សមាជិក​ក្រុម​ដែល​ជួយ​ឲ្យ​អាល្លឺម៉ង់​ខាងលិច​ឈ្នះ​ពាន ហើយ​ឈានដល់​ឆ្នាំ​១៩៩០ លោក​បាន​ដឹកនាំ​បង្វឹក​ក្រុម​ជម្រើសជាតិ​ដដែល​នេះ ឈ្នះ​ពាន​ម្តងទៀត​។​


លោក  Franz Beckenbauer វីរបុរសអាល្លឺម៉ង់ខាងលិច។ រូបថត AFP

ជោគជ័យ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​នៅពេលនេះ បានធ្វើ​ឲ្យ​ឈ្មោះ​របស់លោក Didier Deschamps ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កំណត់ត្រា​។ ទោះបីជា​យ៉ាងណាក៏ដោយ បុរស​វ័យ​៤៩​ឆ្នាំ ដែល​ធ្វើជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​កាលពី​២០​ឆ្នាំមុន​នោះ លើកឡើងថា​៖ «​ជ័យជម្នះ​មិន​ស្ថិតនៅលើ​ខ្ញុំ​នោះឡើយ​។ ទាំងអស់នេះ គឺ​កើតឡើង​ដោយសារ​កីឡាករ​ទាំងអស់​»​។​


ក្រុមកីឡាករបារាំងអបអរជាមួយលោក Deschamps។ រូបថត FIFA

តាម​ការផ្សាយ​របស់​កា​សែត​បាល់ទាត់​បារាំង Football.fr លោក Deschamps បានបញ្ជាក់​ពី​អនាគត​របស់ខ្លួន​ថា កិច្ចសន្យា​របស់​លោកមា​ន​រយៈពេល​រហូតដល់​ឆ្នាំ​២០២០ ដូច្នេះ​លោក​មិន​ចង់​និយាយ​អ្វី​ពី​ការចាកចេញ​របស់ខ្លួន​នោះឡើយ​។​

«​ខ្ញុំ​នឹងមិន​ធ្វើ​ដូច​លោក Aimé Jacquet អតីត​គ្រូបង្វឹក​ជាទី​ស្រឡាញ់​របស់ខ្ញុំ​នៅ​ឆ្នាំ​១៩៩៨​នោះឡើយ​។ ខ្ញុំ​នៅមាន​កិច្ចសន្យា​ដែល​ត្រូវ​បន្ត ដូច្នេះ​ខ្ញុំ​នឹង​បន្ត​នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Deschamps៕


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com