កំណាព្យ
ពីនេះ ពីនោះ
បើជា​មេ​!
17, Jul 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ​៧


-​មេ​ក្រុង​គ្រង​រង​ទាំង​មុខក្រោយ​    ​    ​មេ​មិន​បណ្តោយ​ឲ្យ​កូន​ខ្វល់​
​មេ​ជួយ​ជំរុញ​ផ្តល់យោបល់​    ​    ​មេ​ចិត្ត​រចល់​ឃើញ​កូន​ខ្វះ​។​

-​មេ​ពាំង​កូនចៅ​គ្រប់​វេលា​    ​    ​មេ​ចេញ​ការពារ​ពេល​គេ​ប៉ះ​
​មេ​ចាំ​សម្រប​និង​ផ្សា​ផ្សះ​    ​    ​    ​មេ​មើលឃើញ​ច្បាស់​ក្រុមការងារ​។​

-​មេ​មិន​លម្អៀង​ទៀងត្រង់​ជាក់​    ​    ​មេ​មិន​ឲ្យ​ម្នា​ក់នៅ​កំព្រា​
​មេ​រាប់អាន​ស្មើ​កូន​គ្រប់គ្នា​    ​    ​មេ​មិត្ត​ថែម​ជា​ដូច​បងប្អូន​។​

-​មេ​មិន​លួចខ្សឹប​ពីក្រោយ​ខ្នង​    ​    ​មេ​មិនដែល​ប៉ង​កម្ចាត់​កូន​
​មេ​កាច់ចង្កូត​ថែម​នាំ​ក្បូន​    ​    ​មេ​ខ្លាំង​ព្រោះ​កូន​គាំពារ​ពិត​។​

-​មេ​មិន​លែងដៃ​ពេល​កូន​ខ្សោយ​    ​    ​មេ​មិន​បណ្តោយ​ឲ្យ​អមិត្ត​
​មេ​ឃ្លាំ​រក្សា​ឆ្ងាយ​ដូច​ជិត​    ​    ​    ​មេនេះ​ហៅ​ពិត​មេដឹកនាំ​។​

-​មេ​តូច​ដូច​ធំ​សុទ្ធ​ជា​មេ​    ​    ​    ​មេ​គិត​គ្នាន់គ្នេ​រិះរេ​ទ្រាំ​
​មេ​យុត្តិធម៌​មេ​ខ្លាំង​មាំ​    ​    ​    ​មេ​ខ្លាំង​ដឹកនាំ​កូន​ខ្លាំង​ដែរ​។​

-​មេ​មានអំណាច​មិន​ប្រើ​ខុស​    ​    ​មេ​ខ្សោយ​ហ៊ាន​ចុះ​និង​ហ៊ាន​កែ​
​មេ​ស្តាប់​យោបល់​កូនចៅ​ដែរ     ​    ​មេ​មិន​យល់​ខ្សែ​ទោះ​តូចធំ​។​

-​មេ​គោរព​ច្បាប់​មុន​អ្នកតូច​    ​    ​មេ​កូនចៅ​ខូច​ហៅ​អប់រំ​
​មេក្រុម​សង្កាត់​ដូច​ភូមិ​ឃុំ     ​    ​មេ​ធំ​ឡើង​ខ្ពស់​ព្រោះ​អ្នក​ក្រោម​៕



© រក្សាសិទ្ធិដោយ thmeythmey.com