ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍៖ និស្សិតជំនាញទេសចរណ៍ អាចខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុបាន៥០០ដុល្លារក្នុង១ឆ្នាំ រូបតំណាង
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន៦ ដើម្បីផ្ដល់សេវាប្រាក់កម្ចីសិក្សាដល់សិស្ស និងនិស្សិត ដែលមានបំណងរៀនជំនាញទេសចរណ៍ ប៉ុន្តែមិនមានលទ្ធភាពបង់ថ្លៃសាលា។ សិស្ស និងនិស្សិត អាចខ្ចីប្រាក់បាន៥០០ដុល្លារក្នុងមួយឆ្នាំ ជាមួយការប្រាក់៤ដុល្លារក្នុងមួយខែ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទឹកប្រាក់កម្ចី៥០០ដុលា្លរ ពីគ្រឹះស្ថានហិរញ្ញវត្ថុទាំង៦នេះ មិនត្រូវការទ្រព្យបញ្ចាំឡើយ ដោយសិស្ស និង និស្សិត អាចខ្ចីបានរៀងរាល់ឆ្នាំ រហូតដល់៧ឆ្នាំ សម្រាប់ការសិក្សារបស់ពួកគេ ។ មូលហេតុដែលក្រសួង រៀបចំសេវាប្រាក់កម្ចីការសិក្សាសម្រាប់និស្សិតទេសចរណ៍ ដោយសារតែវិស័យមួយនេះ កំពុងត្រូវការធនធានមនុស្សមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីធានាការផ្ដល់សេវាមួយប្រកបដោយគុណភាព។
បើតាមក្រសួងទេសចរណ៍ ជម្រើសសម្រាប់និស្សិតនោះ គឺទី១ នៅពេលកំពុងសិក្សា ពួកគេអាចបង់តែការប្រាក់៤ដុល្លារក្នុងមួយខែ ឬបង់ប្រាក់ដើម និងការប្រមាណ ៤៦ដុល្លារក្នុងមួយខែ សម្រាប់ប្រាក់កម្ចី៥០០ដុល្លារ រយៈពេលមួយឆ្នាំ។ ទី២ ក្រោយពេលរៀនចប់ និស្សិតរកការងារបានធ្វើ ទើបមកបង់ប្រាក់ដើមនិងការចំនួន៤៦ដុល្លារនោះក៏បានដែរ។
គ្រឹះស្ថានហិរញ្ញវត្ថុទាំង៦ ដែលអាចផ្តល់កម្ចីដល់និស្សិតសិក្សាលើជំនាញទេសចរណ៍ រួមមាន ធនាគារអេស៊ីលីដា ភីអេលស៊ី, ធនាគារកាណាឌីយ៉ា កអ, ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអេលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេ អឹម ការ CMK៕
© រក្សាសិទ្ធិដោយ thmeythmey.com