ជាតិ
សេដ្ឋកិច្ច
លោក ជា ចាន់តូ​៖ កត្តា​មួយចំនួន នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ល្អ​នៅ​ឆមាស​ទី​២
16, Jul 2018 , 9:59 pm        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​ថា​នឹងមាន​កំណើន​រឹងមាំ គឺ ៧​ភាគរយ​សម្រាប់​ឆ្នាំ​២០១៨ នេះ​។ ការព្យាករណ៍​នេះ​ត្រូវបាន​បង្ហាញឡើង​ក្នុង​របាយការណ៍​ប្រចាំឆមាស​ទី​១​របស់ NBC ដែល​ចេញផ្សាយ​នៅ​ចុង​សប្ដាហ៍​មុន​។​



​កំណើន​ដ៏​រឹងមាំ​នេះ ត្រូវបាន​គាំទ្រ​ដោយ​កំណើន​វិស័យ​ឧស្សាហកម្ម ១០,២​ភាគរយ សេវាកម្ម ៦,៥​ភាគរយ និង​កសិកម្ម ២​ភាគរយ​នៅក្នុង​ឆ្នាំនេះ​។​

​ការព្យាករណ៍​នេះ​មានការ​ប្រែប្រួល​បន្តិច បើ​ធៀប​នឹង​ការព្យាករណ៍​លើក​មុន​។ របាយការណ៍​ប្រចាំឆ្នាំ​២០១៧ របស់ NBC កន្លងទៅ បាន​ព្យាករ​សេដ្ឋកិច្ចកម្ពុជា ៦,៩​ភាគរយ​។​
​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ បាន​ឲ្យ​ដឹងថា នៅ​ឆមាស​ទី​២​ឆ្នាំ​២០១៨​នេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​ប្រកបដោយ​ចីរភាព ដែល​គាំទ្រ​ដោយ​កត្តា​ចម្បងៗ​មួយចំនួន​។

​កត្តា​ទាំងនោះ​រួមមាន​៖ ទី​១/ ការរំពឹងទុក​លើ​ការបន្ត​ងើបឡើង​នៃ​សេដ្ឋកិច្ចពិភពលោក ទី​២/ ភាពរឹងមាំ​នៃ​ជំនឿ​ទុកចិត្ត​លើ​សេដ្ឋកិច្ចកម្ពុជា និង​ស្ថិរភាព​នយោបាយ នឹង​បន្ត​ទាក់ទាញ​វិនិយោគិន​បរទេស និង​លំហូរ​មូលធន ទី​៣/ ការបន្ត​រក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ ដោយ​អតិផរណា​មាន​កម្រិត​ទាប និង​អាច​គ្រប់គ្រង​បាន និង​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ ទី​៤/ ការកើនឡើង​នៃ​ចំណាយ​សាធារណៈ ដែល​នឹង​រួមចំណែក​បង្កើន​ការវិនិយោគ​ក្នុងស្រុក ទី​៥/ ភាពអំណោយ​ផល​ពី​កត្តា​អាកាសធាតុ​សម្រាប់​វិស័យ​កសិកម្ម ទី​៦/ ការពង្រីក​សក្ដានុពល​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ នឹង​បង្កើន​ផលិតកម្ម​ក្នុងស្រុក និង​ការនាំចេញ និង​ទី​៧/ ការបន្ត​រក្សាបាន​ស្ថិរភាព​ហិរញ្ញវត្ថុ​។​

​ក្នុង​ឆមាស​ទី​១ កន្លងទៅ សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់ ដោយ​រក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។ នេះ​បើតាម​របាយការណ៍​ថ្មី​មួយ​នេះ​។ អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤០៣៧​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​។ អតិផរណា​មាន​កម្រិត​មធ្យម ២,៦​ភាគរយ ហើយ​ត្រូវ​ព្យាករ​ថា​មាន​កម្រិត ៣​ភាគរយ​ក្នុងឆ្នាំនេះ ដែលជា​អត្រា​អាច​គ្រប់គ្រង​បាន​។​

 រីឯ​ទុនបម្រុង​អន្តរជាតិ​មាន​ចំនួន ៩,១​ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ដល់​ការ​នាំចូល​ទំនិញ និង​សេវា សម្រាប់​រយៈពេល​៦​ខែ ហើយនឹង​កើនឡើង​ដល់ ១០​ពាន់​លាន​ដុល្លារ​នៅ​ដំណាច់​ឆ្នាំនេះ​៕


Tag:
 កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com