ជាតិ
សេដ្ឋកិច្ច
ចិន គ្រោងសង់រោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា រូបភាពបានពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួនពីរ គ្រោងដំឡើងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនី និងទូរគមនាគមន៍។
គម្រោងទាំងពីរនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក លាំង សាន (Liang Shan) អនុប្រធានក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd និងលោក យុងតាវ ចាវ (Yongtao Jiao) ប្រធានក្រុមហ៊ុន Beidou Star Data Technology Co., Ltd កាលពីពេលថ្មីនេះ។
លោក លាំង សាន ប្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា ក្រុមហ៊ុនលោក មានអ្នកឯកទេសដំឡើងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ជាមួយបច្ចេកវិទ្យាទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ សន្យាជួយសម្របសម្រួលនីតិវិធី និងបែបបទរដ្ឋបាលនានា ដល់គម្រោងទាំងនេះ ឲ្យលេចរូបរាងឡើងនាពេលអនាគត។ ជាមួយគ្នានេះលោក ក៏បានស្នើតំណាងក្រុមហ៊ុនទាំងពីរ សិក្សាភូមិសាស្ត្រ និងសក្តានុពលអតិថិជននៅកម្ពុជាឲ្យបានច្បាស់ ដើម្បីក្រសួងរៀបចំសំណើវិនិយោគជាផ្លូវការ សម្រាប់រដ្ឋាភិបាល ពិនិត្យ និងអនុម័ត៕
Tag:
វិនិយោគ
ធ្យូងថ្ម
ផ្កាយរណប
© រក្សាសិទ្ធិដោយ thmeythmey.com