ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្ស​ខ្មែរ​រួបរួម​ជាតិ គ្រោង​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តសៀមរាប​
17, Jul 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គ្រោង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ​ម្ដងទៀត នៅ​ថ្ងៃទី​២១ ខែកក្កដា នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​អ្នកនាំពាក្យ​គណបក្ស​លោក រុណ មាត្រា​។



​លោក រុណ មាត្រា បាន​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា ក្បួន​ឃោសនា​ធំ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (KNU) គ្រោង​មាន​អ្នកចូលរួម​ប្រមាណ​១០០​ឡាន និង​អ្នកជិះ​ម៉ូតូ​ហែហម​ដទៃទៀត ដែល​ចាត់ទុកថា​ជា​ក្បួន​ធំ​សម្រាប់​គណបក្ស​។ ក្បួន​ឃោសនា​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែកក្កដា ក្នុង​ខេត្តសៀមរាប​។

​យ៉ាងណា ក្បួន​ឃោសនា​នេះ នៅ​មិនទាន់​ប្រាកដ ថា​នឹងមាន​ការចូលរួម​ពី​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​នេះឡើយ​។ ក្រៅពី​ការហែក្បួន​ឃោសនា​ធំ​ក្នុង​ខេត្តសៀមរាប គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏មាន​ការហែក្បួន​ទ្រង់ទ្រាយ​មធ្យម​នៅក្នុង​ខេត្ត​ផ្សេងទៀត​ដែរ​។



​លោក រុណ មាត្រា បញ្ជាក់​បែបនេះ​ថា​៖ «​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ យើង​មានការ​ឃោសនា​ទាំងអស់ តែ​មិនបាន​ធំ​នោះទេ ត្រឹម​មាន​ម៉ូតូ ២០ ទៅ​៣០​គ្រឿង​ប៉ុណ្ណឹង​។ តែ​យើង​ផ្ដោតលើ​ការចុះ​ផ្ទាល់​នៅ​មូលដ្ឋាន​។ ហើយ​ខេត្តសៀមរាប គ្រោង​មានការ​ឃោសនា​ធំ តែ​មិនដឹងថា​លោក ញឹក ប៊ុនឆៃ ចូលរួម​ឬ​អត់​ទេ​»​។

​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​លេខ​រៀង​លំដាប់​ទី​១​ក្នុង​តារាង​សន្លឹកឆ្នោត​។  គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​បេក្ខជន​ឈរឈ្មោះ​ចំនួន​២៥​មណ្ឌល ស្មើនឹង ២៥​រាជធានី​-​ខេត្ត​។ កាលពី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស​នេះ បានទទួល​កៅអី​មេឃុំ​មួយកន្លែង​ក្នុង​ខេត្តបន្ទាយមានជ័យ​៕





Tag:
 ​គណបក្ស​តូចៗ​
  បោះឆ្នោត​
 ​ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com