ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​នី​៖ មិនគួរ​យក​អង្គ​ព្រះមហាក្សត្រ​មក​ពាក់ព័ន្ធ​នឹង​គម្រោង​នយោបាយ​ឡើយ​
16, Jul 2018 , 10:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រតិកម្ម​តបទៅនឹង សម រង្ស៊ី ដែលភ្ជាប់ព្រះមហាក្សត្រពាក់ព័ន្ធការបោះឆ្នោត។ រូបថត AFP
លោក ហ៊ុន ម៉ានី ប្រតិកម្ម​តបទៅនឹង សម រង្ស៊ី ដែលភ្ជាប់ព្រះមហាក្សត្រពាក់ព័ន្ធការបោះឆ្នោត។ រូបថត AFP
ដោយ: ថ្មីៗ
លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រតិកម្ម​នឹង​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ព្រះមហា​ក្ស​ត្ស​ស្តីពី​ការបោះឆ្នោត​។ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បើទោះបីជា​ព្រះអង្គ​ជា​ចំណាប់ខ្មាំង​របស់​សម្តេច ហ៊ុន សែន ក៏ដោយ ប៉ុន្តែ​ព្រះអង្គ​មិន​យាង​ទៅ​បោះឆ្នោត​ឡើយ​។ តប​ទៅនឹង​ការ​បង្ហោះ​នេះ លោក ហ៊ុន ម៉ា​នី ចាត់ទុកថា​មិនមែនជា​រឿង​ត្រឹមត្រូវ​នោះឡើយ ក្នុង​ការយក​អង្គ​ព្រះ​ព្រះមហាក្សត្រ​ទៅ​បម្រើ​នយោបាយ​របស់ខ្លួន​។​



«​មិនអាច​ទទួលយកបាន​ជាដាច់ខាត ហើយ​បើ​អាច​បញ្ឈប់​វា​បាន ល្មម​បញ្ឈប់​ហើយ […] ដោយ​លោក​មិនគួរ​យក​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការ​:​របស់​យើង មក​ពាក់ព័ន្ធ​នឹង​គម្រោង​នយោបាយ​ដ៏​អាក្រក់​បំផុត​របស់លោក​នោះឡើយ​»​។ នេះ​ជា​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅលើ​ហ្វេ​ស​ប៊ុ​កនា​រាត្រី​ថ្ងៃទី​១៦ ខែកក្កដា​។​

​លោក សម រង្ស៊ី ដែល​បង្កើត​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ស្អាត​ពី​ក្រៅប្រទេស បាន​គៀងគរ​ពលរដ្ឋ​នៅ​កម្ពុជា មិន​ឲ្យ​ទៅ​បោះឆ្នោត ដោយ​លោក​បាន​ចាត់​គណបក្ស​១៩​ទៀតថា ជា​គណបក្ស​អំពិលអំពែក​។ នា​រយៈពេល​ចុងក្រោយ​នេះ អតីត​ប្រធាន​បក្សប្រឆាំង បានលើកឡើង​ពី​អង្គ​ព្រះមហាក្សត្រ​ទាក់ទង​នឹង​ការយាង​មិន​ទៅ ដែល​តាមពិតទៅ មិនមែនជា​រឿង​ថ្មី​នោះឡើយ​។​

​មាត្រា​៩​នៃ​រដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រ​ទ្រង់មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្តាល​ដើម្បី​ធានា​ការប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាពទៀងទាត់​។ នៅ​រៀងរាល់​អាណ​ត្តិ​ព្រះករុណា ព្រះមហាក្សត្រ មិនដែល​យាង​ទៅ​បោះឆ្នោត​នោះឡើយ​។​

​លោក សុខ ឥសាន ក៏បាន​ប្រតិកម្ម​ស្រដៀង​នឹង​ការលើកឡើង​របស់លោក ហ៊ុន ម៉ា​នី​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​សរសេរ​នៅ​បណ្តាញ​សង្គម Telegram ប្រាប់​ទៅ​អ្នកកាសែត​ថា ការយក​ព្រះនាម​ព្រះមហាក្សត្រ​ក្នុង​គោលបំណង​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ជាការ​ប្រមាថ​ជាក់ស្តែង​ចំពោះ​ព្រះអង្គ​។ លោក សុខ ឥសាន ចាត់ទុកថា នេះ​ជា​ល្បិចកល​ចុងក្រោយ​របស់​អតីត​មេបក្ស​ប្រឆាំង​៕


Tag:
 ហ៊ុន ម៉ានី
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com