អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ពូ​ទីន​៖ ការ​ចោទ​រុស្ស៊ី​ថា​បាន​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក ជា​សំរាម​
17, Jul 2018 , 11:04 am        
រូបភាព
លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នាសន្និសីទសារព័ត៌មាន (រូបភាព AFP)
លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នាសន្និសីទសារព័ត៌មាន (រូបភាព AFP)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បន្ត​បដិសេធ​ការចោទប្រកាន់​លើ​រុស្ស៊ី​ជុំវិញ​ការជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ដែល​នាំ​ជោគជ័យ​ដល់​លោក ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ ដែល​ប្រាថ្នា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី ទំនង​ជឿជាក់​លើ​សម្ដី​របស់លោក ពូ​ទីន ទាំងស្រុង​។ ការណ៍​នេះ​ប្រាកដជា​ធ្វើ​ឲ្យ​លោក ត្រាំ ពិបាក​មិន​ខាន ព្រោះ​លោក​ត្រូវ​បកស្រាយ​ឲ្យ​ច្បាស់​ពី​ជំហរ​របស់លោក ស្របពេល​ក្រុម​ស៊ើបអង្កេត ឬ​ចារកម្ម​អាមេរិក​រកឃើញ​ផ្ទុយ​ពី​ការអះអាង​របស់លោក ពូ​ទីន ។​



​ជំនួប​មួយថ្ងៃ​រវាង​មេដឹកនាំ​អាមេរិក និង​រុស្ស៊ី បានបញ្ចប់​ទៅដោយ​មិនមាន​ផ្លែផ្កា​អ្វី​ដុំកំភួន​ឡើយ​។ សំណុំរឿង​អាមេរិក​ចោទ​រុស្ស៊ី​ថា បាន​លូកលាន់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ជា​ប្រធានបទ​សំខាន់​មួយ​ដែល​ត្រូវបាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជជែក​ជាមួយ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ។ ដូច​ពេលកន្លងមក​ដែរ លោក ពូ​ទីន បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់នេះ និង​បាន​រិះគន់​ការស៊ើបអង្កេត​របស់រ​ដ្ឋ​អាជ្ញា​ពិសេស​អាមេរិក​ផង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ពូ​ទីន និយាយថា រុស្ស៊ី​មិនបាន​កកូរកកាយ​ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ ។ សម្ដី​លោក ពូ​ទីន ស្មើនឹង​ការបដិសេធ​លទ្ធផល​ស៊ើបអង្កេត​របស់​ក្រុម​ចារកម្ម​អាមេរិក​ដែល​រកឃើញ​ភស្តុតាង​បង្ហាញ​ពី​សកម្មភាព​របស់​រុស្ស៊ី​ក្នុងការ​លួច​ចូល (Hack) ទៅក្នុង​សារ​អ៊ីមែល​របស់​សមាជិក​ប​ក្ស​ប្រជាធិបតេយ្យ និង​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដែល​ជួយ​ត្រួស​ត្រាយផ្លូវ​ឲ្យ​លោក ត្រាំ ទៅកាន់​សេត​វិមាន​។​

​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ថ្ងៃទី​១៦ ខែកក្កដា លោក ពូ​ទីន បាន​បញ្ជាក់ថា​៖ «​យក​សំរាម​នេះ​ចេញពី​ក្បាល​អ្នក​ទៅ​។​» លោក​ប្រធានាធិបតី​អាមេរិក ត្រាំ ទំនង​ទុក​ចិត្តការ​ចម្លើយ​របស់លោក ពូ​ទីន ដោយ​លោក​ចាត់ទុក​សម្ដី​ប្រធានាធិបតី​រុស្ស៊ី​ជា ការបដិសេធ​ដ៏​មាន​ឥទ្ធិពល​បំផុត​។ លើសពីនោះ លោក ត្រាំ ក៏​អះអាង​ទៀតថា លោក​មើលមិនឃើញ​ពី​មូល​ហេតុដែល​រុស្ស៊ី​ត្រូវ​ជ្រៀតជ្រែក​ផ្ទៃក្នុង​អាមេរិក​ឡើយ​។ 

​ដោយឡែក​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក Fox News ក្រោយ​ជំនួប​នៅ​ហ្វាំ​ង​ឡង់ លោក ពូ​ទីន ក៏​បង្ហាញ​ក្ដី​ងឿងឆ្ងល់ និង​មិន​ជឿថា រុស្ស៊ី​អាច​កែប្រែ​គំនិត​របស់​ប្រជាជន​អាមេរិក​បានដែរ​។ ជុំវិញ​ការចោទប្រកាន់​ជនជាតិ​រុស្ស៊ី​១២​នាក់​ពី​សំណាក់​ក្រសួងយុត្តិធម៌​អាមេរិក មេដឹកនាំ​រុស្ស៊ី​ចាត់ទុក​ករណីនេះ​ជា​ល្បែង​នយោបាយ​ផ្ទៃក្នុង​របស់​អាមេរិក និង​ជាការ​ប្រកួតប្រជែង​គ្នា​ប៉ុណ្ណោះ​។ លោក​បានស្នើ​កុំ​ឲ្យ​យក​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក ធ្វើ​ចំណាត់​ខ្មាំង​ក្នុង​បញ្ហា​នេះ​ឲ្យ​សោះ​។​

​លោក ពូ​ទីន ក៏បាន​ទទូច​ឲ្យ​មានការ​ប្រើប្រាស់​កិច្ចព្រមព្រៀងទ្វេភាគី​ស្ដីពី​ការអនុវត្ត​ច្បាប់​នៅក្នុង​សំណុំ​រឿងនេះ​។ លោក​ចង់​សំដៅ​ដល់​សន្ធិសញ្ញា​ឆ្នាំ​១៩៩៩ ចែង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់ ដែល​បើកផ្លូវ​ឲ្យ​រដ្ឋអាជ្ញា​អាមេរិក​អាច​សាកសួរ​ជនជាតិ​រុស្ស៊ី​ទាំង​១២​នាក់​ក្រោម​នៅ​រុស្ស៊ី​។ លោក​បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​រដ្ឋអាជ្ញា​ពិសេស Robert Mueller មិន​ផ្ញើលិខិត​ផ្លូវការ​ទៅ​រុស្ស៊ី​ក្រោម​ក្របខណ្ឌ​កិច្ចព្រមព្រៀង​នេះ​?


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com