កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona រកចំណូលបាន​ជាង​១​ពាន់​លាន​ដុល្លារ​កាលពី​រដូវ​កាល​មុន​
18, Jul 2018 , 8:39 am        
រូបភាព
​ក្លិប Barcelona បានបង្ហាញ​ពី​ការកើនឡើង​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជា​កំណត់ត្រា​របស់​ពួកគេ​រហូតដល់ ៩១៤​លាន​អឺរ៉ូ (១០៧២,៤៥​លាន​ដុល្លារ​អាមេរិក​) កាលពី​រដូវ​កាល ២០១៧-២០១៨ កន្លងមក​។​



BBC បាន​ផ្សាយ​ទៀតថា ម្ចាស់​ជើងឯក La Liga រដូវ​កាល​មុន ជឿជាក់ថា​ខ្លួន​នឹង​ទទួលបាន​ប្រាក់ចំណូល​បន្ថែមទៀត​ចំនួន ១​ពាន់​លាន​អឺរ៉ូ (១១៧៣​លាន​ដុល្លារ​អាមេរិក​) នៅត្រឹម​ឆ្នាំ​២០២១​។​

​ប្រាក់ចំណូល​ដែល​ក្លិប​យ​ក្យ​អេ​ស្ប៉ា​ញ​មួយ​នេះ​រកបាន​មួយចំនួន គឺ​មកពី​ការលក់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ទៅ​ឲ្យ Paris St Germain ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក ២០០,៦ លាន​ផោន (២៦៦​លាន​ដុល្លារ​) កាលពី​ឆ្នាំ ២០១៧​។​

​ក្រោយមក ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ បាន​ទិញ​កីឡាករ​ពី​រូប​ក្នុងតម្លៃ​កំណត់ត្រា​ក្លិប​វិញ​ផងដែរ ក្នុងនោះ​រួមមាន Philippe Coutinho ក្នុងតម្លៃ ១៤០​លាន​ដុល្លារ​ពី Liverpool និង Ousmane Dembele តម្លៃ ១២៨​លាន​ដុល្លារ​ពី Borussia Dortmund​។​

​ប្រាក់ចំណូល​ជាង​មួយ​ពាន់​លាន​ដុល្លារ​ខាងលើ Barca ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​ចំនួន ៣២ លាន​អឺរ៉ូ (៣៧,៥៤​លាន​ដុល្លារ​) ខណៈ​ប្រាក់ចំណេញ​សុទ្ធ​មាន​ចំនួន ១៣ លាន​អឺរ៉ូ (១៥,២៥​លា​នុដ​ល្លារ​)​។​

​ក្លិប​មាន​មូលដ្ឋាន​ក្នុង​តំបន់​ស្វយ័ត Catalonia នេះ​បាន​និយាយថា​៖ «​ក្រុមប្រឹក្សាភិបាល​បាន​វាយតម្លៃ​សមតុល្យ​ចុងក្រោយ​នៅ​ឆ្នាំនេះ​ជា​វិជ្ជមាន ហើយ​វា​នឹង​ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្លិប​ដើម្បី​ឈានទៅដល់​ការទទួល​ប្រាក់ចំណូល​១​ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០២១»​។​

Barcelona បាន​ដណ្តើមពាន​លី​គ​កំពូល​អេ​ស្ប៉ា​ញ ពី​គូប្រជែង Real Madrid នៅ​រដូវ​កាល​ចាស់ ២០១៧-១៨ រួមទាំង​ពាន Copa del Rey ៤​រដូវ​កាល​ជាប់​គ្នា​ផងដែរ​។ ប៉ុន្តែ​យ៉ាងណា ក្នុង​រដូវ​កាល​ដដែល​ពួកគេ​បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​អឺរ៉ុប Champions League ត្រឹម​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ក្រោយ​ការ​វាយបក​យកឈ្នះ​របស់​ក្រុម​ពី​អ៊ីតាលី AS Roma៕


Tag:
 បាល់ទាត់​
  Barcelona
  ប្រាក់ចំណូល​ប្រចាំឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com