ជាតិ
សង្គមជាតិ
សិល្បះ
ក្រោយពីពេទ្យមិនហ៊ានព្យាបាលលោក អ៊ំ ដរ៉ា ងាកទៅគ្រូខ្មែរ តែខ្វះថវិកា រូបពីហ្វេសប៊ុកកញ្ញា សំ ថារ័ត្ន កូនស្រីលោក អ៊ុំ ដរ៉ា
× ភ្នំពេញ៖ ជាកវីនិងជាតន្ត្រីករវីយូឡុងដ៏មានទេពកោល្យមួយរូប កាលពីទសវត្សរ៍ឆ្នាំ១៩៦០ លោក អ៊ំ ដរ៉ា កំពុងសម្រាកព្យាបាលជំងឺពុកឆ្អឹងនៅផ្ទះគ្រូខ្មែរ ក្រោយពីគ្រូពេទ្យបដិសេធមិនព្យាបាលជំងឺរបស់លោក កាលពី៧ឆ្នាំមុន ព្រោះមើលឃើញពីសភាពជំងឺធ្ងន់ធ្ងរ។ បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារលោក កំពុងខ្វះខាត និងត្រូវការជំនួយពីគ្រប់មជ្ឈដ្ឋាន។
យោងតាមកូនស្រីកវី អ៊ំ ដរ៉ា គឺកញ្ញា សំ ថារ័ត្ន បច្ចុប្បន្នឪពុករបស់នាងកំពុងសម្រាកព្យាបាលជំងឺពុក និងស្រាំឆ្អឹង តាមវិធីបុរាណបានរយៈពេលបីថ្ងៃហើយ។ កញ្ញាថា សព្វថ្ងៃនេះគ្រួសារនាងកំពុងមានបញ្ហាខ្វះខាតថវិកាព្យាបាល ដោយត្រូវចំណាយប្រាក់ប្រមាណ២ពាន់ដុល្លាអាមេរិកលើការព្យាបាល។ កញ្ញា ថារ័ត្ន ថាតាមពិតទៅជំងឺពុកឆ្អឹងរបស់ឪពុកខ្លួន កើតឡើងតាំងពី៧ឆ្នាំមុនម្ល៉េះ។ គ្រួសារនាង ក៏បាននាំលោក ដរ៉ា ទៅព្យាបាលនៅមន្ទីរពេទ្យម្ដងរួចមកហើយ ប៉ុន្តែគ្រូពេទ្យបញ្ជាក់ថា ជំងឺនេះត្រូវវះកាត់ដាក់ដែក។ ដោយត្រូវហូរឈាមច្រើន និងមើលឃើញស្ថានភាពសុខភាពមិនអាចទ្រាំទ្របាន គ្រូពេទ្យ រួមទាំងគ្រួសារសម្រេចមិនវះកាត់តែម្ដង ដោយទុករហូតដល់បច្ចុប្បន្ន។
ទើបតែថ្មីៗនេះកញ្ញា ថារ័ត្ន បានដឹងថាមានគ្រូខ្មែរពូកែម្នាក់ ធានាព្យាបាលជំងឺពុកឆ្អឹងរបស់ឪពុកនាងបាន ទើបគ្រួសារសម្រេចព្យាបាលជាថ្មី។ កញ្ញា ថារ័ត្ន បញ្ជាក់៖«ខ្ញុំសង្ឃឹមថាជំងឺប៉ានឹងជា ហើយគ្រូខ្មែរក៏គាត់ធានាដែរ។ តែយើងនៅខ្វះខាតថវិកា ព្រោះភ្លាមៗមិនដឹងរកឯណា។ យើងនៅសល់ប្រាក់ដែលគេជួយប៉ាពីមុនសន្សំទុកបានខ្លះដែរ គ្រាន់ដោះស្រាយពេលបន្ទាន់នេះ។ ពេលនេះឮថាមានបងស្រីម្នាក់ដែលគាត់ស្រឡាញ់ស្នាដៃប៉ា គាត់ជួយរៃបានពីរបីរយដុល្លារដែរ»។
ថារ័ត្ន បន្ថែមថាបច្ចុប្បន្ននេះ គ្រួសាររបស់កញ្ញាមានតែថវិកាតិចតួចទិញថ្នាំ ដើម្បីព្យាបាលបណ្ដោះអាសន្នសិន ទម្រាំមានថវិកាពីការប្រកួតប្រដាល់របស់នាងនៅពេលខាងមុខ យកមកព្យាបាលបន្ថែម។ កីឡាការិនីរូបនេះ សំណូមពរដល់សិល្បករគ្រប់រូប រួមទាំងប្រជាពលរដ្ឋទូទៅសូមមេត្តាជួយជាថវិកា ព្យាបាលជំងឺឪពុករបស់ខ្លួនផង។
បើសិនមានអ្នកចង់ជួយ សូមហៅទៅលេខទូរស័ព្ទ ០៩៩ ៩៦ ២៣ ៤៧, និង ០៩៣ ៣៨ ៩៦ ៩៩ លេខរបស់កញ្ញា សំ ថារ័ត្ន៕
Tag:
សិល្បៈ
តន្ត្រីករ
អ៊ំ ដរ៉ា
សំ ថារ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com