អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា​៖​រដ្ឋ Assam ស្នើ​រដ្ឋ​អាស៊ាន​បើក​ស្ថាន​កុងស៊ុល និង​បង្កើន​ការហោះហើរ​ត្រង់​ដើម្បី​ជំរុញ​ការផ្សាភ្ជាប់ និង​ពាណិជ្ជកម្ម​
18, Jul 2018 , 9:55 am        
រូបភាព
ប្រមុខរដ្ឋាភិបាលរដ្ឋ Assam លោក Sarbananda Sonowal ជួបជាមួយអ្នកសារព័ត៌មានអាស៊ាននៅថ្ងៃ ១៦ ខែកក្កដា
ប្រមុខរដ្ឋាភិបាលរដ្ឋ Assam លោក Sarbananda Sonowal ជួបជាមួយអ្នកសារព័ត៌មានអាស៊ាននៅថ្ងៃ ១៦ ខែកក្កដា
(Guwahati)៖ រដ្ឋាភិបាល​នៃ​រដ្ឋ Assam កំពុង​អនុវត្ត​គម្រោង​ជំរុញ​ការហោះហើរ​ត្រង់​មកកាន់​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​រឹតបន្តឹង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ជាពិសេស​ធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជ​កម្មម​រ​មារ​ញឹក​ឡើង​។ រដ្ឋ Assam ក៏​ទទូច​ឲ្យ​រដ្ឋ​អាស៊ាន​ទាំង​ដប់​ពិចារណា​បើក​ស្ថាន​កុងស៊ុល​រៀងៗ​ខ្លួន​នៅ​រដ្ឋ​ភាគ​ឦសាន​ដែលជា​ច្រកទ្វារ​ចូល​ឥណ្ឌា និង​បើក​ការហោះហើរ​ត្រង់​ដូចគ្នា​។​
 
 ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​អាស៊ាន​ស្ថិតក្នុង​ដំណើរ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្ងៃ ១៦ ខែកក្កដា​ប្រមុខ​លេខាធិការ​ស្តីទី​នៃ​រដ្ឋ Assam ទទួលបន្ទុក​គោលនយោបាយ​សកម្មភាព​នៅ​ភាគ​ខាងកើត (Act East Policy) លោក Ravi Capoor បាន​ថ្លែងថា អាស៊ាន​និង​ឥណ្ឌា​ជាពិសេស​រដ្ឋ Assam ដែលមាន​ទីតាំង​ភូមិសាស្ត្រ​កៀក​នឹង​អាស៊ាន​ត្រូវ​បើកចំហ​ព្រំដែន និង​មានការ​ផ្សាភ្ជាប់​បន្ថែមទៀត​។​

 
​បើកចំហ​ព្រំដែន​និង​ពង្រីក​ការផ្សាភ្ជាប់​នេះ លោក Capoopr  សំដៅលើ​ការបង្កើន​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​ទឹក ផ្លូវគោក និង​ផ្លូវអាកាស និង​ធានា​ឲ្យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឲ្យ​ផុសផុល​ឡើង​រវាង​ឥណ្ឌា និង​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រវត្តិ​ទំនាក់ទំនង​យូរលង់ និង​មាន​វប្បធម៌​ស្រដៀង​គ្នា​។​
 
១. Assam ផ្តល់​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដើម្បី​បង្កើន​ការហោះហើរ​ត្រង់​មក​អាស៊ាន​
 
​ពេល​សាក​សួរថា​តើ​រដ្ឋាភិបាលកណ្តាល​ឥណ្ឌា​ជាពិសេស​រដ្ឋាភិបាល​នៃ​រដ្ឋ Assam ប្រឹងប្រែង​បែបណា​ដើម្បី​អនុវត្ត​គោលនយោបាយ​ធ្វើ​សកម្មភាព​ភាគ​ខាងកើត​ឆ្ពោះ​មក​អាស៊ាន  ប្រមុខ​លេខាធិការ​រូបនេះ​ថែមទាំង​ព្រលយ​ផងដែរ ឥណ្ឌា​កំពុង​ព្យាយាម​ប្តូរ​រដ្ឋ Assam ឲ្យ​ទៅជា​ក្រុង Kunming របស់​ចិន​ដែល​វា​អាច​ធ្វើជា​ស្ពាន​ផ្សាភ្ជាប់​សាច់​ភ្ជាប់​អាស៊ាន​ជាមួយ​ឥណ្ឌា​។​
 
​បើតាម​លោក Ravi Capoor យុទ្ធសាស្ត្រ​ធំៗ​ចំនួន​ពីរ ដែល Assam កំពុង​អនុវត្ត​។ យុទ្ធសាស្ត្រ​ទីមួយ​គឺ រដ្ឋ Assam កំពុង​ចាប់ផ្តើម​បង្កើន​ការហោះហើរ​ត្រង់​ដែលមាន​តម្លៃ​សមរម្យ​ទៅកាន់​តំបន់​អាស៊ាន​។ ចំណែក​ចំណុច​ទី​ពីរ​គឺ Assam ជំរុញ​ការផ្លាស់ប្តូ​រទស្ស​កិច្ច​សិក្សា អប់រំ និង​វប្បធម៌​រវាង​ប្រជាជន​ទាំងពីរ​អាស៊ាន​និង​ឥណ្ឌា​ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​មានការ​ស្វែងយល់​ពីគ្នា​ប​ន្ថែ​ម​ទៀត​។ 
«​ក្នុង​រយៈពេល​បី​ខែ​ទៀត​ពោលគឺ​ខែ តុលា យើង​នឹង​ចាប់ផ្តើម​គម្រោង​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ទេសចរណ៍​ឲ្យ​មានការ​ហោះហើរ​ផ្ទាល់​ទៅកាន់​ទីក្រុង​មួយចំនួន​នៃ​រដ្ឋ​អាស៊ាន​ដែល​នៅ​កៀកៗ​»​។ លោក  Capoor និយាយ​ដូច្នេះ​។ ់
 
«​ក្រៅពី​គម្រោង​ឧបត្ថម្ភ​ធន ក្រោម​ក្របខណ្ឌ​នៃ​គោលនយោបាយ​ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត យើង​ក៏​កំពុង​ស្វែងរក​លទ្ធភាព​ពង្រឹង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​និង​វប្បធម៌ បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​អប់រំ និង​ស្រាវជ្រាវ​ដើម្បី​លើកស្ទួយ​ការស្វែងយល់​ពីគ្នា​ផង​»​។​
 
​ខណៈដែល​ឥណ្ឌា​មាន​គម្រោង​ជំរុញ​ផ្លូវ​ហោះហើរ​ត្រង់​ខ្លួនឯង​ទៅ​អាស៊ាន​នោះ មន្ត្រីជាន់ខ្ពស់​រូបនេះ​ក៏បាន​ស្នើសុំ​បណ្តា​រដ្ឋ​អាស៊ាន​ជួយ​បង្កើន​ការហោះហើរ​ត្រង់​មកកាន់​រដ្ឋ Assam ដូចគ្នា​ព្រោះ Assam ជា​ច្រកទ្វារ​ភាគ​ឦសាន​ភ្ជាប់​អាស៊ាន​ទៅកាន់​ឥណ្ឌា ។ 
  
(រូបភាព៖ ប្រមុខ​លេខាធិការ​ស្តីទី​នៃ​រដ្ឋ Assam ទទួលបន្ទុក​គោលនយោបាយ​សកម្មភាព​នៅ​ភាគ​ខាងកើត (Act East Policy) លោក Ravi Capoor)
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា ឥណ្ឌា​ក្រោម​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី Narasimha Rao បានដាក់​ចេញ​គោលនយោបាយ​សំឡឹង​ទៅ​ទិសខាងកើត​នៅក្នុង​ឆ្នាំ ១៩៩២ ដោយសារ​ឥណ្ឌា​មើលឃើញ​ពី​សក្តានុពល​នៃ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​ប្រទេស​អាស៊ាន​ដែល​នៅមាន​ទីតាំង​ភូមិសាស្ត្រ​កៀក​គ្នា​នេះ​។ គោលនយោបាយ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​មកជា​«​គោលនយោបាយ​ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត​»​វិញ​នៅ​ឆ្នាំ ២០១៤ ពេល​លោកនាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ឡើងកាន់​អំណាច​។  
 
​ការពង្រឹង​ចំណងមិត្តភាព​ជាមួយ​អាស៊ាន​ជា​រឿង​អាទិភាព​របស់លោក ម៉ូ​ឌី ព្រោះ​លោក​ចង់ឃើញ​មាន​សកម្មភាព​និង​ផ្លែផ្កា​ក្នុង​ទំនាក់ទំនង​អាស៊ាន និង​ឥណ្ឌា​នេះ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក​បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​មក​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៅ​ឥណ្ឌា​កាលពី​ចុងខែ​មករា ក្រោម​មូលបទ « តម្លៃ​រួម ជោគវាសនា​រួមគ្នា​»​។ កិច្ចប្រជុំ​កំពូល​នេះ​បាន​ក្លាយជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​មេដឹកនាំ​អាស៊ាន និង​ឥណ្ឌា ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម​រួមគ្នា និង​ឈានទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​សម្រេចបាន​នៅ​ឆ្នាំ ២០១២​នោះ ឲ្យ​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ​បន្ថែមទៀត​។​
 
២.​រដ្ឋាភិបាល​នៃ​រដ្ឋ​Assam ចង់ឃើញ​អាស៊ាន​បើក​ស្ថាន​កុងស៊ុល​នៅ​ទឹកដី​ខ្លួន​
 
​ដោយឡែក ក្នុងជំនួបជាមួយអ្នកសារព័ត៌មានអាស៊ានដែរ ប្រមុខ​រដ្ឋាភិបាល (Chief Minister) នៃ​រដ្ឋ Assam លោក Sarbananda Sonowal  ឯណោះ​វិញ​ក៏បាន​លើកឡើង​ពី​សារសំខាន់​នៃ​គោលនយោបាយ​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ដែរ​សម្រាប់​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ជាមួយ​អាស៊ាន​។ លោក​ឆ្លៀតឱកាស​នោះ​ស្នើ​ឲ្យ​រដ្ឋ​អាស៊ាន​ពិចារណា​បង្កើត​ស្ថាន​កុងស៊ុល​ប្រចាំ​នៅ​រដ្ឋ Assam ផងដែរ​។​
 
 លោក Sonowal បាន​និយាយ​ដូច្នេះ​៖«​បច្ចុប្បន្ននេះ​យើង​មាន​ស្ថាន​កុងស៊ុល​រដ្ឋ​ពីរ​មាន​ប៊ូ​តង់ និង​បង់​ក្លា​ដែ​ស​នៅទីនេះ​។ យើង​ស្នើសុំ​ឲ្យ​មិត្ត​អាស៊ាន​ពិចារណ​បើក​ស្ថានទូត​នៅក្នុង​រដ្ឋ​របស់​យើង​ដើម្បី​សម្រួល​ដល់​ការលើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​រឹតបន្តឹង​ការផ្សាភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​យើង​តាមរយៈ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​»​។​
 
​លោក​បន្ថែមថា​៖«​ការផ្សាភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​ផ្លូវ​ប្តូរ​ទស្សនកិច្ច​និង​យោបល់​ជាមួយ​សង្គម​ស៊ីវិល​រវាង​ឥណ្ឌា និង​អាស៊ីអាគ្នេយ៍​ជា​គន្លឹះ​សំខាន់​នៃ​គោលនយោបាយ​ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត​របស់​យើង​»​។ 
 
​លោក​បាន​សង្កត់ធ្ងន់ សក្តានុពល​មាន​ច្រើន​ដែល​ត្រូវ​ស្វែងរក​រួមគ្នា​ជាពិសេស​ជំរុញ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង Assam និង​រដ្ឋ​អាស៊ាន​។ ម្យ៉ាង​រដ្ឋ Assam ប្រជាជនមាន​សរុបរ​ហូត​ដល់ ៣៣ លាន​នាក់​ឯណោះ ដែល​វា​ជាទី​ផ្សារ​ធំ​បំផុត​មួយ​សម្រាប់​អាស៊ាន​នាំ​ផលិតផល​មក​លក់ ខណៈដែល​ឥណ្ឌា​និង​អាស៊ាន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រួមគ្នា​ហើយ​នោះ​។ ឥឡូវនេះ Assam កំពុង​បន្ត​នាំចេញ ឈើ​ឬ​ស្សី​ច្នៃ (Bamboo Wood), អង្ករ​, ចំណីអាហារ​កែច្នៃ​, តែ និង​ប្រេង​ជាដើម​ទៅកាន់​ប្រទេស​អាស៊ាន​ផងដែរ​។ 
 
​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​ឥណ្ឌា ដែល​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ ២០០៩ បាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​ឥណ្ឌា​ឲ្យ​ផុសផុល​កាន់តែខ្លាំង ប៉ុន្តែ​មិនទាន់​ប្រើប្រាស់​អស់​សក្តានុពល​ខ្ពស់​នៅឡើយ​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ដល់ ៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៧ ហើយ​គេ​រំពឹងថា​ទំហំ​នេះ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​នៅ​ពេ​អនាគត​ខាងមុខ​៕
 
  

Tag:
 Assam
  ឥណ្ឌា​
  អាស៊ាន​
  Act East Policy
© រក្សាសិទ្ធិដោយ thmeythmey.com