កីឡាជាតិ
ជាតិ
Hun Sen Cup៖ បឹងកេត ណាហ្គា ទ័ព ភ្នំពេញ​ក្រោ​ន ស្វាយរៀង មានប្រៀប​នៅថ្ងៃនេះ​
18, Jul 2018 , 11:09 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ បាន​ឈានដល់​ការប្រកួត​បញ្ចប់​ជើង​ទី​២ ដោយនៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ មានការ​ប្រកួត​ចំនួន​៧​គូ​។ ក្នុងនោះ​៤​គូ​ធ្វើ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល និង​៣​គូ​ម៉ោង​៦:៣០​នាទី​ល្ងាច​។ បឹងកេត​, ណាហ្គា​វើ​ល​, ក្រសួងការពារជាតិ​, ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង សុទ្ធតែ​មានប្រៀប​ក្នុងការ​ប្រកួត​នេះ​។

 
 

​អង្គ​រថា​យ​ហ្គឺ​រ ជួប សូល​ទី​ឡូ​អង្គរ​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប

​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ទាំងពីរ​នេះ គ្មាន​ក្រុម​ណា​មានប្រៀប​ជាង​ក្រុម​ណា​នោះទេ ពោលគឺ​ពួកគេ​មាន​១​ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា​។ លទ្ធផល​ស្មើ ២-២ ក្នុង​ជើង​ទី​១ ធ្វើ​ឲ្យ​ជំនួប​ជើង​ទី​២​នៅ​រសៀល​នេះ ក្លាយជា​ជំនួប​ដ៏​តានតឹង និង​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ ព្រោះ​ក្រុម​ទាំងពីរ​ត្រូវ​ប្រជែង​គ្នា​យកឈ្នះ​រៀងៗ​ខ្លួន​។ ក្រុម​ណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ នឹង​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

​កំពត​ប៉ះ​ណាហ្គា​វើ​ល ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​ខេត្តកំពត​


​នេះ​ជា​ជំនួប​ដ៏​លំបាក​មួយ​សម្រាប់​ក្រុម​កំពត ព្រោះ​ក្រុម​នេះ​ត្រូវការ​ឈ្នះ​ណាហ្គា​វើ​ល​លើសពី​៥​គ្រាប់ ដើម្បី​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ ប៉ុន្តែ​វា​មិន​ងាយស្រួល​សម្រាប់​ក្រុម​ឡើងមក​ពី​វគ្គ​ជម្រុះ​តាម​ខេត្ត​មួយ​នេះឡើយ ព្រោះ​ណាហ្គា​វើ​ល​ជា​ក្រុម​ខ្លាំង និង​មាន​កីឡាករ​ល្អៗ​ច្រើន​។ ក្នុងជំនួប​ជើង​ទី​១ ណាហ្គា​វើ​ល​យកឈ្នះ​កំពត​ក្នុង​លទ្ធផល ៥-១​។

​អាស៊ី​អឺរ៉ុប ជួប ក្រសួងការពារជាតិ ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​អេ អ៊ី យូ​

​ក្រុម​អាស៊ី​អឺរ៉ុប​ត្រូវការ​ឈ្នះ​ក្រសួងការពារជាតិ​លើសពី​២​គ្រាប់​ដាច់ខាត​ក្នុងជំនួប​ជើង​ទី​២​នេះ ដើម្បី​ធានា​កៅអី​សម្រាប់​វគ្គ​បន្ត​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​សម្រាប់​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប ព្រោះ​ក្រសួងការពារជាតិ​ជា​ក្រុម​ខ្លាំង ដែលមាន​ទុន​៣​ពិន្ទុ ក្នុង​ដៃ​ស្រាប់​។ នា​ជំនួប​ជើង​ទី​១ ក្រសួងការពារជាតិ​យកឈ្នះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៣-១​។ 

​គីរីវង់​សុខ​សែន​ជ័យ ប៉ះ អគ្គស្នងការ​នគរបាល​ជាតិ​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​ខេត្តតាកែវ​

​ដើម្បី​ធានា​កៅអី​ទៅ​វគ្គ​បន្ត ទាមទារ​ឲ្យ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ដាច់ខាត​ក្នុងជំនួប​ជើង​ទី​២​នេះ​។ នា​ការប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។ ជំនួប​ជើង​ទី​២​រសៀល​នេះ នឹង​ក្លាយជា​ជំនួប ដ៏​តានតឹង និង​ស្វិតស្វាញ​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ជាដាច់ខាត​រៀងៗ​ខ្លួន​។ 

​ភ្នំពេញ​ក្រោ​ន ប៉ះ អគ្គស​នី​កម្ពុជា​ម៉ោង​៦:៣០​នាទី​នៅ​កីឡដ្ឋាន RSN


​ជំនួប​នេះ ភ្នំពេញ​ក្រោ​ន​ហាក់​មានប្រៀប​ជាង​អគ្គិសនី​កម្ពុជា ព្រោះ​ភ្នំពេញ​ក្រោ​ន​មាន​៣​ពិន្ទុ​ក្នុង​ដៃ​ជា​ទុន ក្រោយ​ពួកគេ​យកឈ្នះ​អគ្គិសនី​កម្ពុជា ២-១ នា​ការប្រកួត​ជើង​ទី​១​នៅលើ​ទឹកដី​របស់ខ្លួន​។ កត្តា​នេះ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ត្រូវការ​ឈ្នះ​ភ្នំពេញ​ក្រោ​ន​លើសពី​១​គ្រាប់​ក្នុងជំនួប​ជើង​ទី​២​នេះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ 

​វិសាខា ជួប ព្រះខ័ន​រាជ​ស្វាយរៀង​ម៉ោង​៦:៣០​នាទី​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់

​នេះ​អាច​ចាត់ទុកជា​ជំនួប​ពិសេស​ប្រចាំ​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ព្រោះ​ក្រុម​ទាំងពីរ​មាន​កីឡាករ​ល្អៗ ពោរពេញ​ដោយ​បទពិសោធ​ច្រើន​។ ទោះបី​វិសាខា ជា​ក្រុម​ចំណូល​ថ្មី​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ក៏ដោយ តែ​ក្រុម​នេះ​មាន​សមត្ថ​ភាពខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​នា​ការប្រកួត​ជើង​ទី​១​នៅលើ​ទឹកដី​ស្វាយរៀង វិសាខា ដែល​បាត់បង់​សមាជិក​១​រូប​នៅ​តង់​ទី​១ របូត​តែ​១​គ្រាប់​ប៉ុណ្ណោះ ក្រោម​ថ្វី​ជើងព្រះ​ខ័ន​រាជ​ស្វាយរៀង​។ នា​ការប្រកួត​ជើង​ទី​១​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​វិសាខា​ក្នុង​លទ្ធផល ១-០​។​

​បឹងកេត តទល់​ជាមួយ វេ​ស្ទើ​ន​ភ្នំពេញ​ម៉ោង​៦:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

​បឹងកេត​អាច​ចាត់ទុកជា​ក្រុម​មានប្រៀប​ក្នុងជំនួប​នេះ ព្រោះ​ពួកគេ​ត្រូវការ​ត្រឹម​ស្មើ​ក្នុង​ធានា​កៅអី​ទៅ​វគ្គ​បន្ត ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ​ត្រូវ​ឈ្នះ​លើសពី​៤​គ្រាប់​។ នា​ការប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ បឹងកេត​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៥-១៕


Tag:
 Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com