កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe បរិច្ចាគ​ប្រាក់ចំណូល​ពី World Cup ទាំងអស់​ទៅ​កុមារ​ពិការ​
18, Jul 2018 , 7:39 pm        
រូបភាព
រូបភាពពី FIFA
រូបភាពពី FIFA
 Kylian Mbappe នឹង​បរិច្ចាគ​ប្រាក់​ដែល​រកបាន​ពី World Cup ទាំងអស់​ចំនួន​៥០០០០០​ដុល្លារ ទៅ​ឲ្យ​កម្មវិធី​សប្បុរសធម៌​មួយ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​សម្រាប់​កុមារ​ពិការ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​នៅ​ថ្ងៃទី​១៧ ខែកក្កដា​។​



​ខ្សែប្រយុទ្ធ​វ័យក្មេង និង​លេចធ្លោ​រូបនេះ ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​លើក​ពាន FIFA World Cup ជា​លើក​ទី​២ ដែល​រៀបចំឡើង​នៅ​ទឹកដី​រុស្ស៊ី​។ បើ​យោងតាម Sports Illustrated ខ្សែប្រយុទ្ធ​របស់​ក្លិប Paris Saint-Germain ទទួលបាន​ប្រាក់​ប្រហែល ២២៣០០​ដុល្លារ​អាមេរិក​ក្នុងការ​បង្ហាញខ្លួន​មួយ​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​ខ្លួន រួមទាំង​ប្រាក់​បន្ថែមចំនួន ៣៥០០០០​ដុល្លារ​ពីលើ​ទៀត​។​

​ការបង្ហាញ​ខ្លួន​៧​លើក អំឡុង​ព្រឹត្តិ​កាណ៍​កីឡាបាល់ទាត់​ពិភពលោក​រយៈពេល​១​ខែ មានន័យថា Mbappe ទទួលបាន​ប្រាក់​ពលកម្ម​រហូតដល់​ទៅ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​។ ប្រាក់​ទាំងអស់នោះ រូបគេ​ប្រកាសថា​នឹង​យកទៅ​បរិច្ចាគ​ជូន​ប្រធាន​អង្គការ​សប្បុរសធម៌ Premiers de Cordee ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​សម្រាប់​កុមារ​ពិការ​។​

 Mbappe ឈ្នះ​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត (FIFA Young Player Award) សម្រាប់​ការប្រកួត World Cup 2018 បន្ទាប់ពី​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៤​គ្រាប់ ក្នុងនោះ​១​គ្រាប់​រកបាន​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​បារាំង​យកឈ្នះ​ក្រូ​អាស៊ី ៤-២​។ ១​គ្រាប់​នេះ ក៏បាន​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​វ័យក្មេង​ទី​១ ដែល​អាច​រក​គ្រាប់​បាល់​បាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពី​វីរបុរស​ប្រេ​ស៊ី​ល Pele ធ្វើបាន​នៅ​ឆ្នាំ​១៩៥៨​មក​។​

​អតីត​កីឡាករ Monaco វី​យ​១៩​ឆ្នាំ​រូបនេះ កើត​ធំធាត់​នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​តំបន់ Bondy នៃ​ទីក្រុង​ប៉ារីស​។ ប៉ុន្តែ​បច្ចុប្បន្ន Kylian Mbappe ជា​កីឡាករ​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លំដាប់​ទី​២​ពិភពលោក ២០៨​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មិត្ត​រួម​ក្លិប Neymar៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Kylian Mbappe
  សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com