កីឡាជាតិ
ជាតិ
ក្រុម​កំចាយមារ បាន​ត្រឹម​បទពិសោធ សម្រាប់​ព្រឹត្តិការណ៍ AFF Futsal នៅ​ឥណ្ឌូណេស៊ី
18, Jul 2018 , 8:59 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំចាយមារ បាន​ធ្លាក់​ចេញពី​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF Futsal Club Championship ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។ ក្នុងចំណោម​៣​ប្រកួត​ក្រុម​តំណាង​កម្ពុ​ជាមួយនេះ ចាញ់​ក្រុម​អូស្ត្រាលី មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ​។



​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល A នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ ចាញ់​ក្រុម East Coast Heat របស់​អូស្ត្រាលី​ក្នុង​លទ្ធផល ៨-០ មុន​ចាញ់​ក្រុម MIC របស់​មី​យ៉ាន់​ម៉ា ៤-២ ក្នុងជំនួប​លើក​ទី​២​។ នា​ជំនួប​ចុងក្រោយ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​តំណាង​កម្ពុ​ជាមួយនេះ​ចាញ់​ក្រុម Arbisyam របស់​ព្រុយ​ណេ ៧-៦​។

​ការបរាជ័យ​៣​ប្រកួត​ជាប់​គ្នា​នេះ នាំ​ឲ្យ​កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​បាត​តារាង​ជាមួយ​សូន្យ​ពិន្ទុ​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ AFF Futsal Club Championship ប្រចាំឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី សម្រាប់​ការចូលរួម​លើកដំបូង​របស់ខ្លួន​។

​ក្រុម East Coast Heat របស់​អូស្ត្រាលី និង​ក្រុម MIC របស់​មី​យ៉ាន់​ម៉ា ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/២ តំណាង​ពូ​ល A ខណៈ​ក្រុម Bangkok BTS FC របស់​ថៃ និង​ក្រុម SKN FC Kebumen របស់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី តំណាង​ឲ្យ​ពូ​ល B៕   


Tag:
 បាល់ទាត់​
  កំចាយមារ​
  AFF Futsal Club
© រក្សាសិទ្ធិដោយ thmeythmey.com