ជាតិ
អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា លែងមាន​ទីប្រឹក្សា​ហើយ
19, Jul 2018 , 8:59 am        
រូបភាព
រូបភាព៖ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត កាលពីកន្លងទៅ
រូបភាព៖ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត កាលពីកន្លងទៅ
ដោយ: ថ្មីៗ
​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ទីប្រឹក្សា​ទាំងអស់​របស់ខ្លួន ត្រូវបាន​បញ្ចប់​មុខតំណែង​ជា​ស្ថាពរ​ហើយ​។ សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា មកដល់ពេលនេះ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា មិនមាន​ទីប្រឹក្សា​ទៀត​នោះទេ​។



​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា អះអាង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការបញ្ចប់​មុខតំណែង​ទីប្រឹក្សា​ទាំងនោះ គឺធ្វើឡើង​តាមរយៈ​ព្រះរាជក្រឹត្យ កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៨​។ 

​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន ដែល​ត្រូវ​បញ្ចប់​មុន​តំណែង គឺជា​ទីប្រឹក្សា​ក្នុង​នីតិកាល​ទី​៣ (​នីតិកាល​ចាស់​) ។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការប្រកាស​ពី​ការបញ្ចប់​មុខតំណែង​ទីប្រឹក្សា​នេះ គឺ​ដោយសារតែ​ខ្លាច​មាន​អ្នកខ្លះ​យក​តួនាទី​ជាទី​ប្រឹក្សា​ទៅប្រើ​ប្រាស់​ក្នុង​រឿង​ផ្សេង​»​។

​អ្នកនាំពាក្យ​រូបនេះ បន្តថា ការស្នើ​ឲ្យ​តែងតាំង​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤ គឺជា​សិទ្ធិ​របស់លោក អ៊ុំ សា​រឹទ្ធ ដែលជា​អគ្គលេខាធិការ​ព្រឹទ្ធសភា​។ ប៉ុន្តែ លោក ប្រាប់ថា បច្ចុប្បន្ននេះ អគ្គលេខាធិការ​ព្រឹទ្ធសភា មិនទាន់​ស្នើ​ឲ្យ​តែងតាំង​ទីប្រឹក្សា​ថ្មី នៅឡើយ​ទេ​។

​បើតាម​អ្នកនាំពាក្យ​ដដែល ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ហើយ​ខ្លះ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​៕
 

Tag:
 ​ព្រឹទ្ធសភា​
  ម៉ម បុ​ន​នាង
© រក្សាសិទ្ធិដោយ thmeythmey.com