កីឡាជាតិ
ជាតិ
៧​ក្រុម​នៅ​លី​គ​កំពូល ឡើង​បន្តទៅ​វគ្គ​១/៤ ពានរង្វាន់​សម្តេច ហ៊ុន សែន​
19, Jul 2018 , 11:32 am        
រូបភាព
ជំនួប​​​រវា​​ងណា​​​​ហ្គា​វើល និងខេត្ត​កំពត ទីលាន​នៃវិទ្យា​ល័​​យព្រះ​រាជស​ម្ភារដែលដក់​ទឹក​​ពេញ ប៉ុន្តែកា​​រប្រ​​កួតដំ​​ណើរ​​​ការរហូត​​ដ​​ល់​​​​ចប់។ រូបថត Capture ពី BTV
ជំនួប​​​រវា​​ងណា​​​​ហ្គា​វើល និងខេត្ត​កំពត ទីលាន​នៃវិទ្យា​ល័​​យព្រះ​រាជស​ម្ភារដែលដក់​ទឹក​​ពេញ ប៉ុន្តែកា​​រប្រ​​កួតដំ​​ណើរ​​​ការរហូត​​ដ​​ល់​​​​ចប់។ រូបថត Capture ពី BTV
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​, ក្រសួងការពារជាតិ​(​ទ័ព​), ភ្នំពេញ​ក្រោ​ន​, បឹងកេត​, អង្គ​រថា​យ​ហ្គឺ​រ និង​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) បាន​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន នា​ជំនួប​ទាំងពីរ​ជើង​។ ចំណែក​ជំនួប​រវាង​ណាហ្គា​វើ​ល​ជាមួយ​កំពត ដែល​បាន​លើក​ពេល​ប្រកួត​ដោយសារ​ភ្លៀង ណាហ្គា​វើ​ល​បាន​ទម្លាក់​កំពត ឡើងទៅ​វគ្គ​១/៤​ជាមួយ​លទ្ធផល ៦-២​។

 
​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង បានធ្វើ​ឲ្យ​ក្រុម​ចំណូល​ថ្មី​វិសាខា រង​ការខកចិត្ត បន្ទាប់ពី​ពួកគេ​បាន​ទម្លាក់​ក្រុម​នេះ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ២-១ បាន​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​កៅអី​វគ្គ​១/៤​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨​។ នា​ជំនួប​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ម្ចាស់ផ្ទះ​ស្វាយរៀង​យកឈ្នះ​វិសាខា ១-០ ហើយ​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នា​ជំនួប​ជើង​ទី​២​កាលពី​ថ្ងៃទី​១៨ ខែកក្កដា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ 
 
​ក្រុម​ក្រសួងការពារជាតិ​បាន​ទម្លាក់​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​វគ្គ​១/៨ ដើម្បី​ឡើងទៅ​វគ្គ​១/៤​ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ១០-២​។ ក្នុងនោះ ទ័ព​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៣-១ លើ​ទឹកដី​ខ្លួនឯង​ក្នុង​ជើង​ទី​១ ហើយ​បាន​បន្ត​យកឈ្នះ ៧-១ នា​ជំនួប​ជើង​ទី​២​នៅលើ​ទឹកដី​អាស៊ី​អឺរ៉ុប កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។​
 
​ក្រោយ​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៥-១ នា​ជំនួប​ជើង​ទី​១ ហើយ​បន្ត​យកឈ្នះ ១-០ នា​ជំនួប​ជើង​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ជួយ​បឹងកេត​ឡើងទៅ​វគ្គ​១/៤ ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៦-១​។ ក្រោយ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០ នា​ជំនួប​ជើង​ទី​២ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ដោយ​បន្ថែម​លើ​ការបញ្ចប់​លទ្ធផល​ស្មើ ២-២ ក្នុង​ជើង​ទី​១ បាន​ជួយ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​ឡើងទៅ​វគ្គ​១/៤ ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣-១​។​
 
​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឡើង​វគ្គ​១/៤ ក្រោយ​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣-១​។ ការ​ឈ្នះ​កៅអី​របស់​អគ្គស្នងការ​នគរបាលជាតិ បន្ទាប់ពី​ពួកគេ​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-០ នា​ជំនួប​ជើង​ទី​២​កាលពី​ថ្ងៃទី​១៨ ខែកក្កដា នៅ​កីឡដ្ឋាន​ខេត្តតាកែវ បន្ទាប់ពី​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ក្នុង​ជើង​ទី​១​។ 
 
​ជាមួយគ្នានេះ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ទម្លាក់​ក្រុម​លេខ​៣​ឆ្នាំ​ចាស់​អគ្គិសនី​កម្ពុជា​ត្រឹម​វគ្គ​១/៨ ដើម្បី​ឡើងទៅ​វគ្គ​១/៤ ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ៦-១​។ នា​ជំនួប​ជើង​ទី​១​នៅ​កីឡដ្ឋាន​អគ្គិ​ន​សី ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ម្ចាស់ផ្ទះ ២-១ ហើយ​បាន​បន្ត​យកឈ្នះ ៤-០ នា​ជំនួប​ជើង​ទី​២​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើដី​របស់ខ្លួន​។​
 
​សម្រាប់​ជំនួប​ជើង​ទី​២​រវាង​ក្រុម​ណាហ្គា​វើ​ល​ជាមួយ​ក្រុម​កំពត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា​នេះ នាទី​លាន​នៃ​វិទ្យាល័យ​ព្រះរាជ​សម្ភារ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ តាមរយៈ​លទ្ធផល​ថ្ងៃនេះ ហើយ​បន្ថែម​លើ​ជ័យជម្នះ ៥-១ ក្នុង​ជើង​ទី​១ បាន​ជួយ​ឲ្យ​ណាហ្គា​វើ​ល​ឡើងទៅ​វគ្គ​១/៤ ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៦-២​។ តាមពិត​ជំនួប​រវាង​ក្រុម​ទាំងពីរ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែកក្កដា នា​កីឡដ្ឋាន​ខេត្តកំពត តែដោយសារ​ភ្លៀង​ខ្លាំងពេក​ធ្វើ​ឲ្យ​ទីលាន​មិនអាច​ប្រកួត​បាន ក៏ត្រូវ​បាន​លើក​ពេល​មក​ប្រកួត​នៅថ្ងៃនេះ​តែម្តង​។   
​ដោយឡែក សម្រាប់​ជំនួប​រវាង​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ជាមួយ​ក្រុម​កោះកុង នឹង​ប្រកួត​ជើង​ទី​១ នៅ​ថ្ងៃទី​២២ ខែកក្កដា និង​ជើង​ទី​២​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​៕

Tag:
 Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com