អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ស៊ី ជិនភីង ផ្ដើមទស្សនកិច្ចនៅអារ៉ាប់រួម មុនទៅប្រទេស៤ទៀតនៅអាហ្វ្រិក ប្រធានាធិបតីចិន ស៊ី ជិនភីង នាដំណើរទស្សកិច្ចនៅបរទេសកន្លងមក (រូបភាព Xinhua)
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១៩ ខែកក្កដា ចាប់ផ្ដើមទស្សនកិច្ចរយៈពេលវែងមួយនៅបរទេស។ លោក ស៊ី ជិនភីង នឹងទៅដល់ទឹកដីអារ៉ាប់រួមអេមីរ៉ាតនៅថ្ងៃដដែលដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីនោះ មុននឹងបន្តដំណើរទៅកាន់ប្រទេសចំនួន៤ទៀតនៅឯទ្វីបអាហ្វ្រិក។ នៅអាហ្វ្រិក មេដឹកនាំចិននឹងចូលរួមជំនួបកំពូលមេដឹកនាំប្រទេស BRICS ផង។ ទស្សនកិច្ចលើកនេះ បានបង្ហាញពីសារសំខាន់របស់តំបន់ទាំងពីរសម្រាប់ចិនដែលសម្លឹងឃើញធនធានរ៉ែដើម្បីបំប៉នសេដ្ឋកិច្ចរបស់ខ្លួន។
មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក គឺជាគោលដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់តាំងពីជាប់ឆ្នោតអាណត្តិទីពីរនៅខែមីនាកន្លងទៅ។ អារ៉ាប់រួមអេមីរ៉ាត់ ជាទីតាំងឈប់សំចតទីមួយរបស់លោក ស៊ី ដែលជាមេដឹកនាំចិនទីមួយជាន់ទឹកដីនេះ។ តាមការអញ្ជើញរបស់ប្រធានាធិបតី Sheikh Khalifa bin Zayed Al Nahyan លោក ស៊ី នឹងស្ថិតនៅប្រទេសអ្នកមានមួយនេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា។
នៅមុនដំណើរទៅកាន់ប្រទេសសេដ្ឋីមួយនេះ លោក ស៊ី បានលើកពីសារសំខាន់នៃចំណងមិត្តភាពប្រទេសទាំងពីរដែលបានអភិវឌ្ឍជាច្រើនពាន់ឆ្នាំមកហើយ ហើយកំពុងស្ថិតក្នុងដំណើរក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយផង។ បើតាមសារព័ត៌មាន The Natioanal ប្រធានាធិបតីចិន បញ្ជាក់ទៀតថា ចិននិងអារ៉ាប់រួមស្ថិតនៅឆ្ងាយពីគ្នា និងមានលក្ខខណ្ឌខុសគ្នាមែន តែមានប្រជាជនដែលពោរពេញដោយគំនិតច្នៃប្រឌិត និងមិនចេះបោះបង់ក្ដីសុបិន្តរបស់ខ្លួន។
ចប់ទស្សនកិច្ចនៅអារ៉ាប់រួមអេមីរ៉ាត់ ប្រធានាធិបតីចិន នឹងបន្តដំណើរទៅកាន់ប្រទេសអាហ្វ្រិកដូចជា សេណេហ្កាល់ រវ៉ាន់ដា និងអាហ្វ្រិកខាងត្បូងដល់ថ្ងៃទី២៤ ខែកក្កដា។ នៅអាហ្វ្រិកខាងត្បូង លោក ស៊ី នឹងចូលរួមក្នុងជំនួបកំពូលមេដឹកនាំប្រទេស BRICS ដែលធ្វើឡើងនៅទីក្រុង Johannesburg រយៈពេលបីថ្ងៃទៀត។ ក្នុងដំណើរត្រឡប់ទៅចិនវិញនៅថ្ងៃទី២៧ ខែកក្កដា លោកនឹងឆ្លៀតចូលប្រទេសម៉ូរីសទៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
ការជ្រើសរើសយកតំបន់ទាំងពីរជាគោលដៅនៃការដំណើរទស្សនកិច្ចនៅបរទេស ជាសញ្ញាបង្ហាញថាពីការឲ្យតម្លៃរបស់ចិនលើដៃគូសហប្រតិបត្តិការរបស់ខ្លួន។ ទាំងអាហ្វ្រិក ទាំងមជ្ឈិមបូព៌ាជារួម គឺជាប្រភពថាមពលដ៏សំខាន់សម្រាប់ចិនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ព្រោះនរណាក៏ដឹងដែរថា មជ្ឈិមបូព៌ាសម្បូរដោយប្រេង ឯអាហ្វ្រិកពោរពេញដោយធនធានរ៉ែជាច្រើនមុខ។ ចិនបានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងទឹកដីទាំងពីរនេះនារយៈពេលប៉ុន្មានឆ្នាំមកនេះ។
តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក្រុមហ៊ុនចិនជាច្រើនបានទៅបណ្ដាក់ទុនរកស៊ីផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលការវិនិយោគភាគច្រើនមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ។ ថ្មីៗនេះទៀតសោត ចិនក៏ទើបតែប្រកាសផ្ដល់ប្រាក់ជាច្រើនលានដុល្លារទៀតសម្រាប់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលតាមរយៈនេះ ឥត្ធិពលចិនបានជ្រាបចូលកាន់តែជ្រៅតាមនោះដែរ៕
Tag:
ចិន
អាហ្វ្រិក
អារ៉ាប់រួមអេមីរ៉ាត
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com