កីឡាជាតិ
ជាតិ
ជា សំណាង ភ្លាត់​ម្រាមនាង​ដៃខាងឆ្វេង​ធ្ងន់ធ្ងរ ក្នុងជំនួប​តទល់​ជាមួយ​វិសាខា​
19, Jul 2018 , 3:14 pm        
រូបភាព
ដោយ:
​ខ្សែបម្រើ ជា សំណាង ប្រធាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង រងរបួស​ភ្លាត់ឆ្អឹង​ម្រាម​នាងដៃ​ខាងឆ្វេង​ធ្ងន់ធ្ងរ ក្រោយ​ប៉ះ​ទ​ង្កិ​ច​ជាមួយ​កីឡាករ​វិសាខា​ក្នុងជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។  បញ្ហា​របួស​នេះ អាចធ្វើ​ឲ្យ សំណាង ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ​ក្នុងការ​សម្រាក​ព្យាបាល ដែល​អាចធ្វើ​ឲ្យ​រូបគេ​អវត្តមាន សម្រាប់​ជំនួប​សប្តាហ៍​ទី​១៥​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។​

 
​ប្រធាន​ក្រុម​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​កីឡាករ ជា សំណាង ត្រូវ​ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ លី សា​រ័ត្ន នៅ​នាទី​ទី​២៣ ពោលគឺ​៦​នាទី​ក្រោយ រូបគេរ​ងរ​បូស​ភ្លាត់ឆ្អឹង​ម្រាមនាងដៃ​ខាងឆ្វេង​ធ្ងន់ធ្ងរ​។ បញ្ហា​របួស​របស់ សំណាង បាន​កើតឡើង​បន្ទាប់ពី​ខ្សែបម្រើ​រូបនេះ ប្រើ​ដៃ​ច្រត់​ទ្រ​ខ្លួន​ដែល​ដួល ពេល​ព្យាយាម​ពិត​ដណ្តើម​បាល់​ជាមួយ​កីឡាករ សាន គឹម​ហេង​។​
 
​បញ្ហា​របួស​ភ្លាត់ឆ្អឹង​ម្រាម​នាងដៃ​ខាងឆ្វេង​នេះ អាចធ្វើ​ឲ្យ ជា សំណាង អវត្តមាន​ក្នុងជំនួប​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ សម្រាប់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១៥ នា​សៅរ៍​ថ្ងៃទី​២១ ខែកក្កដា ខាងមុខនេះ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ ព្រោះ​របួស​នេះ អាច​ចំណាយ​ច្រើន​ថ្ងៃ​ក្នុងការ​សម្រាក​ព្យាបាល​ឲ្យ​ជាសះស្បើយ​។   
 
​ហេតុការណ៍​ខាងលើ បាន​កើតឡើង​ក្នុងជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រុម​វិសាខា កាលពី​ថ្ងៃទី​១៨ ខែកក្កដា នា​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ដោយ​កាលនោះ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ដែល​កីឡាករ ទៀង ទី​នី រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​វិសាខា ក្រោយ​ការលើក​ពី​ជ្រុង​របស់​កីឡាករ ទិ​ត្យ ឌី​ណា មុន​កីឡាករ លី សា​រ័ត្ន រក​គ្រាប់​បាល់​ស្មើ​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​។ លទ្ធផល​នេះ ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​បានកៅអី​ឡើងទៅ​វគ្គ​១/៤​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ២-១៕   

Tag:
 បាល់ទាត់​
  Hun Sen Cup 2018
  ជា សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com