សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ​គ្រោង​បិទ​ការ​នាំចូល​ផ្លែ​ដូង​៣​ខែ ដើម្បី​ជួយ​កសិករ​ក្នុងស្រុក​របស់ខ្លួន​
19, Jul 2018 , 3:57 pm        
រូបភាព
ដូងកំ​ពុង​​ត្រូវប៉ាន់​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សា​រមិនថា នៅ​កម្ពុជា ឬថៃ​នោះ​ឡើយ។ រូបថត AFP
ដូងកំ​ពុង​​ត្រូវប៉ាន់​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សា​រមិនថា នៅ​កម្ពុជា ឬថៃ​នោះ​ឡើយ។ រូបថត AFP
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ថៃ​កំពុង​ពិចារណា​ហាមឃាត់​ការនាំ​ចូល​ផ្លែ​ដូង​ពី​ក្រៅប្រទេស ដើម្បី​ជួយ​ស្រោចស្រង់​តម្លៃ​ដូង​របស់​កសិក​ក្នុងស្រុក​។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​កាសែត​បាងកក ប៉ុស្ដិ៍ នៅ​ថ្ងៃទី​១៧ ខែកក្កដា​។​



​ក្រសួងពាណិជ្ជកម្ម​ថៃ  បាន​ព្រាង​វិធានការ​រួចរាល់​ហើយ ដើម្បី​បិទ​ការនាំ​ចូល​ដូង ចាប់ពី​សីហា ដល់​ខែតុលា ហើយ​វិធានការ​នេះ​នឹងត្រូវ​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី ដើម្បី​សម្រេច​អនុម័ត ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​
 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក Sontirat Sontijirawong ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​តម្លៃ​ដូង​បាន​ដាំ​ក្បាល​ចុះ​នៅ​ឆ្នាំនេះ ដោយសារ​ការបង្កើន​ការនាំ​ចូល ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​។ តែ​ឥឡូវនេះ​បញ្ហា​ត្រូវបាន​ដោះស្រាយ ដោយ​វិធានការ​គឺ​ចាំបាច់ ដើម្បី​រក្សា​តុល្យភាព​ទីផ្សារ​»​។​
 
​តែ​ទោះយ៉ាងណា កសិករ​មិនបាន​យល់ស្រប​ឡើយ ដោយ​គិតថា​វិធានការ​នេះ​នឹង​ជួយ​ពួកគាត់​តិចតួច​ប៉ុណ្ណោះ ព្រោះ​ស្ទើរតែ​យឺត​ពេល​ទៅហើយ​។ មិនតែប៉ុណ្ណោះ តំណាង​កសិករ​លោក Amnat Meedang លើកឡើងថា លោក​ត្រៀម​ប្ដឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចំពោះ​ភាព​ធ្វេសប្រហែស ដោយ​មិនបាន​យកចិត្តទុកដាក់​កង្វល់​របស់​កសិករ​។​
 
​តំណាង​កសិករ​រូបនេះ ថែមទាំង​អះអាងថា ក្រុម​ខ្លួន​ធ្លាប់​ជូនដំណឹង​ទៅ​អង្គភាព​របស់​ក្រសួងពាណិជ្ជកម្ម​ម្ដង​រួចមកហើយ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧ ថា​មិនមាន​ខ្វះ​ផ្លែ​ដូង​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឡើយ​។​
 
​ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បែរជា​បើក​ឲ្យ​នាំចូល​ដូង​ចំនួន ៥០០​លាន​ផ្លែ​ទៅវិញ​។ បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បាន​យល់ព្រម​ឲ្យ​នាំចូល​ដូង​ច​ចមនួន ៥​ម៉ឺន​តោន​ទៀត​។​
 
​តំណាង​កសិករ​ដាំដូង បាន​ធ្លាប់​ជូនដំណឹង​ទៅ​ក្រសួង​ថា កសិករ​មាន​ផ្ទៃដី​ដាំដូង​ចំនួន ១​លាន​រ៉ៃ ដែល​ហុច​ផល ៨០០​លាន​ផ្លែ​ក្នុង​មួយឆ្នាំ​។ 
 
​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ខាងលើនេះ មិន​ទទួលបាន​ការពេញចិត្ត​ឡើយ​។ តំណាង​កសិករ​លោក Amnat ថ្លែង​ដូច្នេះ​ថា​៖«​ការបិទ​នាំចូល​នាពេល​បច្ចុប្បន្ននេះ គឺ​គ្មាន​ប្រយោជន៍​ឡើយ ព្រោះ​ក្រុមហ៊ុន​បាន​បំពេញ​កូតា​នាំចូល​របស់ខ្លួន​រួចរាល់​ហើយ​»៕

Tag:
 ដូង​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com