ជាតិ
នយោបាយជាតិ
LDP គ្រោងចំណាយប្រាក់ដល់ទៅ១លានដុល្លារ លើការឃោសនាថ្ងៃចុងក្រោយ
× ភ្នំពេញ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលមានរូបជួងជាសញ្ញាសម្គាល់ គ្រោងចំណាយប្រាក់ដល់ទៅ១លានដុល្លារឯណោះ ក្នុងការឃោសនា នៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃចុងក្រោយ។ នេះបើតាមលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបាននិយាយក្នុងកិច្ចសម្ភាសជាមួយលោកស្រី Katrin Travouillon សាស្ត្រាចារ្យនៃសកលវិទ្យាល័យមួយរបស់អូស្ត្រាលី (Australian National University) កាលពីថ្ងៃទី១៨ ខែកក្កដា។
លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អះអាងថា ការចំណាយថវិកាដ៏ច្រើនបែបនេះ ដោយសារមានអ្នកគាំទ្រចូលរួមច្រើន ព្រមទាំងអាចកើនឡើងលើសពីការរំពឹងទុក។ លោក បានប្រាប់សារព័ត៌មានថ្មីៗថា តាមការគ្រោងទុក ការឃោសនាទ្រង់ទ្រាយធំនេះ គឺធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង៥ម៉ឺននាក់។
អគ្គលេខាធិការគណបក្សរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការចំណាយទាំងអស់នេះ គឺជាការចំណាយរបស់អ្នកចូលរួមផ្ទាល់ ដែលមានន័យស្មើនឹងប្រាក់របស់បក្សដែរ។ បើម្នាក់ចំណាយតែ២០ដុល្លារ អ៊ីចឹង ៥ម៉ឺននាក់គឺស្មើនិង ១លានដុល្លារហើយ នេះនៅមិនទាន់រាប់បញ្ចូលថ្លៃអាវ និងមួកផង»។
យ៉ាងណាក៏ដោយ ការចំណាយនេះ មិនមែនជាការកំណត់របស់បក្សឡើយ។ តែជាការចំណាយរបស់អ្នកគាំទ្រ នៅក្នុងការឃោសនា។ ការចំណាយបែបនេះ គឺជារបៀបនៃការដឹកនាំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ទាំងនេះ គឺជាការបន្ថែមរបស់លោក ចិន ថុន ដដែល។
គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឃោសនាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្ត៤ទៀត រួចមកហើយ ដែលរួមមាន ព្រៃវែង សៀមរាប កណ្ដាល និងបាត់ដំបង៕
Tag:
បោះឆ្នោត
ឃោសនា
LDP
© រក្សាសិទ្ធិដោយ thmeythmey.com