អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី ចាប់ខ្លួន​ជនសង្ស័យ​ដែល​គំរាម​ធ្វើឃាត​មហាក្សត្រ​និង​នាយករដ្ឋមន្ត្រី មហា​ធៀ​
19, Jul 2018 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហា​​​ម៉ាត់ និងម​​ហា​​ក្សត្រ Sultan Muhammad V (រូបភាព AFP)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហា​​​ម៉ាត់ និងម​​ហា​​ក្សត្រ Sultan Muhammad V (រូបភាព AFP)
​ប៉ូលិស​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ភេរវជន​ចំនួន​៧​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ជ្រុលនិយម​នៅ​អាស៊ីអាគ្នេយ៍​។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៧​នាក់ មាន​ម្នា​ក់បាន​គំរាម​ធ្វើឃាត​មហាក្សត្រ​ម៉ាឡេស៊ី នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ និង​រដ្ឋមន្ត្រី​មួយរូប​ទៀត​។

 
 
​មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី Mohd Fuzi Harun បានប្រកាស​នៅ​ថ្ងៃទី​១៩ ខែកក្កដា ប៉ូលិស​បាន​ចាប់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​៤​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​៣​នាក់​ដែល​ជាប់ទាក់ទង​បណ្ដាញ​ក្រុម​ភេរវជន​។ ជនសង្ស័យ​ទាំង​៤ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​មួយ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែកក្កដា នៅ​រដ្ឋ​ចំនួន​៤ គឺ Terengganu, Selangor, Perak និង Johor ។​
 
​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន លោក Fuzi និយាយថា ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង​៣​នាក់ មាន​ទំនាក់ទំនង​ជាមួយ​សមា​ជិ​ក​ក្រុម Jamaah Ansharut Daulah ដែលជា​បណ្ដាញ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​សម្លាប់​ប៉ូលិស​ឥណ្ឌូណេស៊ី​ម្នាក់​កាលពី​ខែឧសភា​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​អ្នកគាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម ដែល​គំ​រា​ធ្វើឃាត​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​។​
 
​យោងតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ Johor បាន​បង្ហោះ​សារ​គំរាម​ធ្វើ​គុត​មហាក្សត្រ Muhammad V នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ និង​រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី Mujahid Yusof Rawa ។ មេ​ប៉ូល​ម៉ាឡេស៊ី​ដដែល​បញ្ជាក់ថា មូលហេតុ​នៃ​ការ​គំរាម​នេះ គឺជា​ដោយសារ​ជនសង្ស័យ​ចាត់ទុក​ស្ដេច​ស៊ុ​លត​ង់ លោក មហា​ធៀ និង​មន្ត្រី​ម្នាក់ មិនមែនជា​មេដឹកនាំ​ឥស្លាម ដែល​មិន​ដឹកនាំ​ប្រទេស​តាមច្បាប់ Sharia របស់​ឥស្លាម​។​
 
​ជនសង្ស័យ​ជា​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់​ទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ Johor ដែរ​។ ម្នាក់​ក្នុងចំណោម​នេះ​ជា​អ្នកបច្ចេកទេស​វ័យ​៤២ ដែល​ធ្លាប់​គំរាម​វាយប្រហារ​គ្រាប់បែក​នៅ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ក្រោយ​ពិធីបុណ្យ Hari Raya ។ ដើមឡើយ ជនសង្ស័យ​ដែល​មិនត្រូវ​បញ្ចេញ​ឈ្មោះ​នេះ មាន​ទំនាក់​ទំនងជា​ញឹកញាប់​ជាមួយ​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ឈ្មោះ Muhammad Wanndy Mohamed Jedi ដើម្បី​ទទួល​ព័ត៌មាន​ពី​ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​។​
 
​វត្តមាន​ក្រុម​ជ្រុលនិយម​កំពុង​ក្លាយជា​បញ្ហា​ប្រឈមមុខ​សម្រាប់​តំបន់ ព្រោះ​ចំនួន​សកម្មជន​ភេរវជន​ក្នុង​តំបន់​កើន​ឡើងជា​បន្ទាប់ បន្ថែម​ពីលើ​ចំនួន​ក្រុម​ភេរវ​ករ​ខ្លះ​ដែល​បាក់ទ័ព​ពី​មជ្ឈិមបូព៌ា​ផង​នោះ​។ បើតាម​របាយការណ៍​ចារកម្ម​ឥណ្ឌូណេស៊ី ក្នុងចំណោម​ក្រុម​ភេរវជន​ដែល​បរទេស​ដែលជា​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម មាន​៨០០​នាក់ ជា​ពលរដ្ឋ​អាស៊ីអាគ្នេយ៍ ខណៈ​សកម្មប្រយុទ្ធ​ចេញពី​ឥណ្ឌូណេស៊ី មាន​រហូតដល់​៤០០​នាក់​ផង​នោះ​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com